ឱ ញ៉េន៖ ក្លាយជាប្រជាជនត្រៀមដោយសារតែមានបងប្អូនរស់នៅទីក្រុងភ្នំពេញ

ឱ ញ៉េន អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងសាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីក្មេង ញ៉េន រៀនបានត្រឹមថ្នាក់ទី២ នៅសាលាសំរោងអណ្ដែត។ បន្ទាប់ពីឈប់រៀន ញ៉េន បានចូលធ្វើការងារត្បាញ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ ប្រជាជនជាច្រើននាក់ បានចេញទៅធ្វើបាតុកម្មលើផ្លូវជាតិលេខ២ និងមានការបាញ់សម្លាប់មនុស្សអស់ជាច្រើននាក់។

បន្ទាប់ពីមានរដ្ឋប្រហារ នៅក្នុងឃុំរវៀង ស្រុកសំរោង មានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកធ្វើឲ្យស្លាប់ប្រជាជន, ឆេះផ្ទះ, ឆេះសាលារៀន និងឆេះវត្តអារាម នៅជិតភ្នំជីសូរ។ ដោយសារតែខ្លាចគ្រាប់បែកធ្លាក់ត្រូវ គ្រួសាររបស់ញ៉េន បានភៀសខ្លួនទៅក្នុងព្រៃជាញឹកញាប់។

នៅឆ្នាំ១៩៧២ ញ៉េនបានលួចយកហូលទៅលក់នៅទីក្រុងភ្នំពេញ ហើយពេលត្រលប់មកវិញ គាត់ទិញម្រេច, ខ្ទឹម និងសូត្រ យកមកលក់ឲ្យប្រជាជននៅក្នុងភូមិ។ ញ៉េន រៀបរាប់ថា នៅពេលដែលគាត់ត្រលប់មកវិញ យោធាខ្មែរក្រហមពួននៅតាមព្រៃចាំបាញ់គាត់ ព្រោះគាត់បានចូលទៅតំបន់ លន់ នល់។ អំឡុងពេលនោះ នៅភូមិរបស់ញ៉េន ចាប់ផ្ដើមត្រូវខ្មែរក្រហមគ្រប់គ្រង។ ញ៉េន បន្តថា នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប្រជាជនទាំងអស់មិនអាចដើរដោយសេរីនោះទេ ហើយប្រជាជនចាប់ផ្ដើមធ្វើការងារតាមការចាត់តាំងរបស់ប្រធានភូមិ។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ ​ញ៉េន បានឃើញយោធាខ្មែរក្រហមចាប់ទាហាន លន់ នល់ យកទៅសម្លាប់ជាច្រើននាក់។ ចំណែកគ្រួសាររបស់ញ៉េន ត្រូវបានអង្គការជម្លៀសទៅលាត់ដៃ ជិតភ្នំជីសូរ ត្រៀមយកទៅសម្លាប់ចោល។ គ្រួសាររបស់ញ៉េន គឺប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារតែមានបងប្អូនជាប្រជាជន១៧ មេសា ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់គាត់ចេញពីភូមិ និងចាប់ទុកគ្រួសារគាត់ថាជាប្រជាជនត្រៀម។

ញ៉េន បានឲ្យដឹងថា នៅភ្នំជីសូរគាត់ធ្វើការងារជាន់រហាត់ទឹក, រែកដីដំបូក, គាស់គល់ឫស្សី និងបុកអង្ករ។ ចំពោះអាហារហូបប្រចាំថ្ងៃ អង្គការដាំបាយឲ្យប្រជាជនហូបបានប្រមាណ២ខែ នៅរដូវប្រមូលផល ហើយក្រៅពីនោះគឺចាប់ផ្ដើមហូបបបរលាយជាមួយបន្លែព្រលឹត និងត្រកួន។ ញ៉េន បានបន្តទៀតថា នៅលើភ្នំជីសូរ គឺជាកន្លែងឃុំឃាំងអ្នកទោស ហើយនៅអន្ទង់ស ខាងកើតភ្នំជីសូរ គឺជាកន្លែងសម្លាប់មនុស្ស។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ញ៉េន បានបាត់បង់ឪពុកមាចំនួន២នាក់ ដែលធ្វើទាហាន និងធ្វើជាពេទ្យ នៅសម័យលន់ នល់។

នៅពេលដែលអ្នកស្ម័គ្រចិត្តទៅសម្ភាស​ ញ៉េន មានជំងឺឈឺចង្កេះ,​ ឈឺជង្គង់, អស់កម្លាំង និងជំងឺតម្រង់នោម។ ជំងឺរបស់ញ៉េន កើតឡើងដោយសារតែការធ្វើការងារធ្ងន់នៅក្នុងសម័យខ្មែរក្រហម និងមកពីអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសន៍ដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី០២ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៩ ខែមីនា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin