លុន អិន អង្គការចោទប្រកាន់ថា មានគម្រោងផ្តួលរំលំរបបខ្មែរក្រហមនៅខែតុលា ឆ្នាំ១៩៧៧

លុន អិន អាយុ ២២ឆ្នាំ ភេទប្រុស មានតួនាទីជាលេខាវរសេនាតូចលេខ៧០៥ វរសេនាធំលេខ៦០១ កងពលលេខ១៧៤ និងមានស្រុកកំណើតនៅភូមិអន្សក្រហាយ ឃុំសំបូរ ស្រុកកំពង់ស្វាយ តំបន់៤៣ ភូមិភាគកណ្តាល។[1] នៅឆ្នាំ១៩៦៩ អិន បានរៀននៅវត្តសង្ក្រាន រៀនបាន ១ឆ្នាំ ទើបឈប់រៀន និងធ្វើជាកូនសិស្សលោកព្រះនាម សួន ដែលគង់នៅវត្តសង្ក្រានស្រីទេព។ នៅខែឧសភា ឆ្នាំ១៩៧០ អិន បានត្រឡប់ទៅជួយការងារស្រែចម្ការឪពុកម្តាយនៅស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧១ អិន បានចូលបម្រើការងារជាឈ្លបភូមិអន្សក្រហាយ ក្រោមការដឹកនាំរបស់សមមិត្តនារីឈ្មោះ ប៉ី។ នៅខែកក្កដា ឆ្នាំ១៩៧១ ប៉ី បានអប់រំ អិន ឱ្យចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងបានចាត់តាំងឱ្យធ្វើជានិរសារ។ ប៉ី បានអប់រំ អិន ថា ការចូលរួមជាមួយបដិវត្តន៍ត្រូវហ៊ានលះបង់ឱ្យបានខ្ពស់។ ប៉ី បានសួរ អិន ថា តើមិត្តសុខចិត្តធ្វើតាមខ្លួនឬទេ? អិន បានឆ្លើយថា នឹងធ្វើតាមការប្រាប់របស់ ប៉ី។ ប៉ី បានសួរ អិន ថា បើឃើញការលំបាកដូច្នេះហើយ តើមិត្តនៅតែធ្វើតាមខ្ញុំឬទេ? អិន បានឆ្លើយថា នឹងធ្វើតាមគ្រប់យ៉ាង។ ប៉ី បានប្រាប់ អិន ថា បើដូច្នេះ មិត្តត្រូវចូលទៅក្នុងជួរបដិវត្តន៍ ប៉ុន្តែត្រូវធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។ ក្រោយមក ប៉ី បានប្រាប់ អិន ឱ្យស្ងប់ស្ងាត់បន្តិច ព្រោះរឿងនេះជារឿងគ្រោះថ្នាក់ ហើយការធ្វើបដិវត្តន៍មានភាពស្មុគស្មាញ។ ម្យ៉ាងទៀត ការរស់នៅជាសមូហភាពមានការលំបាក និងគ្មានអ្វីសម្បូរបែប មិនដូចរបប លន់ នល់ ដែលមានគ្រប់បែបយ៉ាង។ នៅខែធ្នូ ឆ្នាំ១៩៧២ ប៉ី បានធ្វើពិធីប្រកាសបញ្ចូល អិន និងឈ្មោះ សេង ម្នាក់ទៀតជាសមាជិក សេ.អ៊ី.អា. ដោយមានឈ្មោះ យ៉ាន ដែលមានតួនាទីជាលេខាឃុំសំបូរ ជាអ្នកទទួលស្គាល់។
នៅដើមឆ្នាំ១៩៧៣ យ៉ាន បានណែនាំ អិន និងសេង ឱ្យយកកាំភ្លើង ២ដើម ទៅបាញ់អ្នកយាមឃ្លាំងអាវុធរបស់តំបន់៤៣ នៅភូមិសំបូរ។ នៅខែមករា ឆ្នាំ១៩៧៣ អិន ត្រូវបានចាត់តាំងឱ្យទៅធ្វើជាពេទ្យនៅភូមិភាគឧត្តរ។ អិន ធ្វើជាពេទ្យរហូតដល់ខែមិថុនា ឆ្នាំ១៩៧៣ ទើប សួ ផ្លាស់ប្តូរឱ្យទៅវរសេនាតូចលេខ៣១២ ដែលនៅទីនោះ សូ ជាគណៈវរសេនាតូច។ នៅទីនោះ សួ បានសួរ អិន ថា តើធ្វើបដិវត្តន៍មិត្តសប្បាយចិត្តទេ? អិន បានឆ្លើយថា មិនសប្បាយទេ ហើយមានភាពស្មុគស្មាញទៀត។ សួ បានប្រាប់ អិន ថា បើមិត្តយល់ព្រម អាចធ្វើជាខ្សែរយៈ សេ.អ៊ី.អា.។ អិន បានយល់ព្រមភ្ជាប់ខ្សែ សេ.អ៊ី.អា.។ នៅខែកក្កដា ឆ្នាំ១៩៧៧ អិន និង សួ បានជួបជាមួយ សូ នៅវរសេនាតូចលេខ៣១៥។ ពេលនោះ សូ បានណែនាំ អិន និង សួ ឱ្យភ្ជាប់ខ្សែ សេ.អ៊ី.អា. ជាមួយឈ្មោះ សី។ នៅខែតុលា ឆ្នាំ១៩៧៣ សី បានហៅ អិន និងសួ ទៅប្រជុំនៅប្រាសាទអង្គរតូច។ អ្នកចូលរួមប្រជុំរួមមាន សី លេខាកងពលលេខ១៧៤ (ចាប់ខ្លួន), សួ យោធាកងធំ៣ វរសេនាតូចលេខ៧០២ (ចាប់ខ្លួន), ហាន លេខាវរសេនាតំបន់សៀមរាប ឧត្តរមានជ័យ (ចាប់ខ្លួន) និង វ៉ាត អនុក្រុមកងធំទី២។ ក្នុងពេលប្រជុំ សី បាននិយាយថា នៅសមរភូមិសៀមរាប បើខ្មាំងវាយបុកមកខ្លាំង មិត្តត្រូវបញ្ជាឱ្យកងទ័ពដកថយ គឺធ្វើយ៉ាងណាឱ្យទាហានបុកយកអង្គរវត្ត។ ក្រោយពីទទួលផែនការ ដល់ថ្ងៃដែលត្រូវប្រយុទ្ធជាមួយទាហានរបប លន់ នល់ ហាន បានប្រាប់ អិន និង សួ ឱ្យដកកម្លាំងធ្វើចុះចាញ់ទាហានរបប លន់ នល់ ព្រោះអង្គការមិនចាប់អារម្មណ៍ទេ។ នៅចុងខែវិច្ឆិកា ឆ្នាំ១៩៧៣ ហាន និង អិន បានស្គាល់ ហោះ ដែលជាសមាជិកកងពលលេខ១១៧ តាមរយៈ សី។ នៅខែកុម្ភៈ ឆ្នាំ១៩៧៤ សី បានហៅ អិន ទៅប្រជុំនៅឃុំអធិបតី។ អ្នកចូលរួមមាន សី, ហាន, សួ, សែម, វ៉ាត និង អិន។ សី បានលើកឡើងថា នៅសមរភូមិលើកក្រោយ មិត្តទាំងអស់គ្នាត្រូវបំផ្លាញកម្លាំងយុទ្ធជនរបស់អង្គការ និងបើកផ្លូវឱ្យទាហាន លន់ នល់ ធ្វើសកម្មភាពសម្លាប់កងទ័ពបដិវត្តន៍។ នៅខែមីនា ឆ្នាំ១៩៧៤ នៅភូមិចំបក់ សី បានហៅ អិន, ហាន, សែម, សួ និង វ៉ាត ទៅជួបជាមួយ ហោះ ដែលមានតួនាទីជាយោធានៅកងតំបន់៤៥។ ក្នុងការជួបគ្នានេះ ហោះ គ្រាន់តែរាយការណ៍អំពីកម្លាំងដែលមានសម្រាប់ធ្វើសកម្មភាពនៅសមរភូមិ។ កម្លាំងដែលមានខ្សែខាងទាហាននោះរួមមាន រិន អនុលេខាវរសេនាធំលេខ៣២, ពេជ សមាជិកវរសេនាតូចលេខ៣០១ និង ហ៊ាង ភស្តុភារ កងធំក្នុងវរសេនាតូចលេខ៧០៧ វរសេនាធំលេខ៦០២។
នៅខែឧសភា ឆ្នាំ១៩៧៤ សី បានហៅ អិន, វ៉ាត, ហាន, សែម និង សួ ទៅណែនាំថា ឥឡូវទាហានក្រុម៨០២ បុកនៅភូមិរឺល ហើយកម្លាំងដែលត្រូវទប់ទល់មានតែអង្គភាពយើងប៉ុណ្ណោះ។ ដូច្នេះ នៅពេលប្រយុទ្ធគ្នា មិត្តៗទាំងអស់ត្រូវបើកផ្លូវឱ្យទាហានចូលមកគៀរប្រជាជនទៅម្តុំតំបន់ត្រីញ័រ។ ក្រោយពីទទួលផែនការ អិន, សួ និង វ៉ាត បានដកទ័ព ហើយទាហានរបប លន់ នល់ បានវាយយកខ្សែត្រៀមរបស់អង្គការបានរយៈពេលខ្លី និងធ្វើឱ្យកម្លាំងពលីអស់មួយចំនួន។ នៅខែមិថុនា ឆ្នាំ១៩៧៤ សី បានប្រាប់ខ្សែទាំងអស់ឱ្យបំពេញភារកិច្ចជូនអង្គការមួយរយៈសិន ព្រោះអង្គការវាយសម្បើមណាស់។ ការធ្វើដូចនេះ គឺដើម្បីឱ្យអង្គការជឿទុកចិត្តលើកម្លាំងក្រុមសិន។ រហូតដល់ខែមិថុនា ឆ្នាំ១៩៧៥ អង្គភាពរបស់ អិន គឺវរសេនាតូចលេខ៣០៩ បានផ្លាស់មកនៅវិទ្យាល័យកំពង់ចាម។ នៅពេលនោះ សី បានហៅ អិន ទៅប្រជុំនៅបន្ទាយស៊ុប ដោយមានអ្នកចូលរួមឈ្មោះ ដួង, សែម, ម៉េង, សួ, វ៉ាត និង ថុង។ សី បាននិយាយថា តាំងពីរំដោះហើយមក យើងទាំងអស់គ្នាមិនទាន់បានធ្វើសកម្មភាពអ្វីនៅឡើយទេ។ ដូច្នេះ ក្នុងខែមិថុនា ឆ្នាំ១៩៧៥ មិត្តទាំងអស់គ្នាត្រូវធ្វើសកម្មភាពបាញ់អុកឡុកតាមមូលដ្ឋាន ដើម្បីរំខានដល់ការកសាងប្រទេស។ កន្លែងដែល សី ចង់ឱ្យមិត្តៗបាញ់អុកឡុក គឺបាញ់ចេញពីភ្នំរមូរ សំដៅទៅមូលដ្ឋានផ្សេងៗនៅជុំវិញភ្នំ។ អ្នកដែលចេញទៅបាញ់អុកឡុកនៅពេលនោះមាន អិន, ម៉េង, ថុង, សួ និង វ៉ាត។ នៅខែកក្កដា ឆ្នាំ១៩៧៥ សី បានហៅ អិន ទៅប្រជុំនៅភូមិជ្រោយថ្ម ដោយបានហៅខ្សែរបស់ខ្លួនម្នាក់ទៀតឈ្មោះ សៀក មកចូលរួមប្រជុំដែរ។ ក្នុងពេលប្រជុំ សី បាននិយាយថា យើងត្រូវបន្តធ្វើសកម្មភាពឱ្យខ្លាំងបន្ថែមទៀត ព្រោះកម្លាំងយើងឥឡូវមានច្រើន។ សី ក៏បានដាក់ផែនការវាយឃ្លាំងអាវុធរបស់អង្គការនៅខែកក្កដា ឆ្នាំ១៩៧៥ បាញ់អុកឡុកនៅក្រុងកំពង់ចាម និងបាញ់កម្ទេចរោងចក្រតម្បាញ។
នៅខែសីហា ឆ្នាំ១៩៧៥ អង្គការបានដកកម្លាំងវរសេនាតូចលេខ៣០៩ ដែលបច្ចុប្បន្នហៅថា វរសេនាតូចលេខ៧០២ ឱ្យទៅសម្អាតក្រុងកំពង់ចាម។ ចំណែកវរសេនាតូចលេខ៣០៨ ដែលនៅការពាររោងចក្រ ក៏ត្រូវបានដកចេញពីរោងចក្រតម្បាញដែរ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ អង្គការបានផ្លាស់ប្តូរ អិន និងកម្លាំងនៅក្នុងអង្គភាពមួយចំនួន ឱ្យទៅធ្វើស្រែនៅទួលស្វាយ និងទួលសំរោង ខេត្តកំពង់ចាម។ នៅខែមីនា ឆ្នាំ១៩៧៦ អិន បានជួបជាមួយ ដួង។ ដួង បានឱ្យ អិន ធ្វើជានិរសារឱ្យខ្លួន ក្នុងការទាក់ទងជាមួយ ហោ នៅក្រុងកំពង់ធំ។ ក្រោយពីទទួលការចាត់តាំង អិន បានជួបជាមួយ ហោ នៅបន្ទាយស៊ុប ក្រុងកំពង់ធំ។ អិន បានប្រាប់ ហោ អំពីផែនការដែល ដួង បានប្រាប់ ដើម្បីបាញ់ប្រហារលើយុទ្ធជនរបស់អង្គការ, កម្ទេចម៉ាស៊ីនកិនស្រូវនៅក្រុងកំពង់ធំ និងអនុវត្តសកម្មភាពចោរព្រៃ។ នៅខែកក្កដា ឆ្នាំ១៩៧៦ អិន ត្រូវបែកពី ដួង។ ដល់ចុងខែកក្កដា ឆ្នាំ១៩៧៦ រិន បានហៅ អិន ទៅជួបនៅវាលយន្តហោះក្រុងកំពង់ចាម។ រិន បានប្រាប់ អិន ថា ដួង បានប្រគល់មិត្តឱ្យគាត់ក្តោបក្តាប់មួយរយៈ ដូច្នេះមិត្តត្រូវបន្តអនុវត្តផែនការកសាងកម្លាំងបន្ថែមទៀត។ ក្រោយពីទទួលផែនការ អិន បានកសាងកម្លាំងបានម្នាក់ឈ្មោះ ហន ជាអនុក្រុមក្នុងកងពលតូច២ កងធំ១ វរសេនាតូចលេខ៧០៥ វរសេនាធំលេខ៦០១។ អិន បានណែនាំ ហន ឱ្យបំផ្លាញសម្ភារអង្គការ និងលួចបង្ហូរទឹកចេញពីស្រូវកំពុងផើមអស់មួយចំនួន។ នៅខែធ្នូ ឆ្នាំ១៩៧៦ តាមសេចក្តីរាយការណ៍របស់ ហន ពេលនោះ អិន បានកសាងកម្លាំងបានម្នាក់ទៀតឈ្មោះ ហៀប និងបានណែនាំឱ្យលួចដុតស្រូវ។
នៅចុងខែធ្នូ ឆ្នាំ១៩៧៦ ដួង បានហៅ អិន ទៅប្រជុំនៅផ្លូវបំបែកនាងគង់ហ៊ឹង ដើម្បីប្រាប់ពីការត្រៀមធ្វើសកម្មភាពនាថ្ងៃខាងមុខ និងបានណែនាំឱ្យក្រុមទាំងមូលស្គាល់គ្នាទៅវិញទៅមក រួមមាន ម៉េង, សែម, វ៉ាត, ថុង និង រៀប។ ក្រោយមក សី បានឱ្យ អិន និង រិន ទៅកម្ទេចកន្លែងធ្វើសាប៊ូ និងរោងចក្រតម្បាញ នៅចុងថ្នល់ភូមិមេម៉ាយ។ ប៉ុន្តែផែនការនោះត្រូវធ្វើនៅខែមករា ឆ្នាំ១៩៧៧ ខាងមុខ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់កម្លាំងបដិវត្តន៍។ នៅពេលត្រឡប់ទៅដល់កន្លែងស្នាក់នៅវិញ ដោយឃើញឱកាសល្អ អិន, ហៀប និង ហន បានលួចដុតស្រូវឆេះអស់ ១គំនរធំ នៅតំបន់ទន្លេអុំ និងភូមិគ្រលាវ។ ក្រោយពីដុតស្រូវរួចបានប្រហែល ១០ថ្ងៃ គឺនៅខែមករា ឆ្នាំ១៩៧៧ ឈ្មោះ សី បានជួបជាមួយ អិន នៅវាលយន្តហោះក្រុងកំពង់ចាម។ នៅខែមីនា ឆ្នាំ១៩៧៧ សី បានហៅ អិន, វឿន, វន និង សុំ ទៅប្រជុំនៅបឹងវាល ដើម្បីប្រាប់មិត្តទាំងអស់គ្នាកុំឱ្យបារម្ភចំពោះបញ្ហាដែលអង្គការចាប់ខ្លួន ព្រោះយើងមិនទាន់បែកការណ៍ទេ។ ដូច្នេះ មិត្តត្រូវតែធ្វើសកម្មភាពបន្តទៀត។ សី បានឱ្យ អិន និងមិត្តទាំងអស់គ្នាដុតបំផ្លាញស្រូវនៅវាលក្រោម។ ក្រោយពី សី បញ្ជាក់ប្រាប់រួច អិន ក៏ត្រឡប់ទៅអង្គភាពវិញ។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គភាពរបស់ អិន និង វន ត្រូវបានចាត់តាំងឱ្យទៅច្រូតស្រូវនៅវាលក្រោម។ ពេលនោះ អិន និង វន បានដុតស្រូវដែលមិនទាន់ច្រូតអស់ប្រមាណ ១០ហិកតា។
នៅខែមិថុនា ឆ្នាំ១៩៧៧ អង្គការបានដកអង្គភាពទាំងអស់ត្រឡប់ពីការច្រូតស្រូវឱ្យមកកំពង់ចាមវិញ។ ពេលមកដល់កំពង់ចាម សី បានហៅ អិន, រៀប, វឿន, វន, ខា, សៀក, សុំ, វ៉ាត និង ហន ទៅប្រជុំនៅជិតតំបន់ភ្នំប្រុស។ សី បានលើកឡើងពីសភាពការណ៍ថា បច្ចុប្បន្នអង្គការកំពុងតាមដាន រហូតដល់ចាប់ខ្លួនខ្សែរបស់យើងអស់មួយចំនួន។ ដូច្នេះ មិត្តទាំងអស់គ្នាត្រូវធ្វើសកម្មភាពបន្តទៀត ដូចជា បំផ្លាញទំនប់ទឹក ធ្វើឱ្យច្រឡំពូជស្រូវ ហើយ សី ក៏បានប្រកាសពីការធ្វើរដ្ឋប្រហារអង្គការម្តងទៀត។ ចំពោះផែនការរដ្ឋប្រហារនេះ ក្រុមបានសម្រេចវាយយកក្រុងកំពង់ចាម និងក្រុងកំពង់ធំ នៅខែតុលា ឆ្នាំ១៩៧៧។ មុខសញ្ញាដែលត្រូវវាយនៅខែតុលា ឆ្នាំ១៩៧៧ រួមមាន៖
- វរសេនាតូចលេខ៧០១ មានភារកិច្ចវាយទៅក្រុងកំពង់ចាម ដោយមាន រៀប ជាអ្នកបញ្ជា។
- វរសេនាតូចលេខ៧០៥ វាយចេញពីវាលវង និងវាលយន្តហោះ សំដៅទៅបន្ទាយស៊ុប រួចចូលក្រុងកំពង់ចាម ដោយមាន អិន ជាអ្នកបញ្ជា។
- វរសេនាតូចលេខ៧០៣ វាយចេញពីថ្មគោល មកចាប់ដៃជាមួយវរសេនាតូចលេខ៧០៥ រហូតទៅដល់មាត់ទន្លេមេគង្គ ដោយមាន វន ជាអ្នកបញ្ជា។
- វរសេនាតូចលេខ៧០៤ វាយចេញពីវត្តថ្មី សំដៅទៅពេទ្យយោធាកងពលលេខ១៧៤ និងបន្តទៅក្រុងកំពង់ចាម ដោយមាន ខា ជាអ្នកបញ្ជា។
- វរសេនាតូចលេខ៧០២ វាយចេញពីព្រៃដើមចាន់ សំដៅទៅក្រុងកំពង់ចាម ដោយមាន វឿន ជាអ្នកបញ្ជា។
វរសេនាតូចទាំង ៥ នេះត្រូវទៅចាប់ដៃគ្នានៅសាលាខេត្តកំពង់ចាម និងបន្តទៅចាប់ដៃជាមួយ ហាន នៅខេត្តសៀមរាប។ មូលហេតុដែលត្រូវទៅចាប់ដៃជាមួយ ហាន នៅសៀមរាប គឺព្រោះបើសភាពការណ៍មិនស្រួល ពួកគេនឹងនាំគ្នារត់ទៅទឹកដីសៀម។ ក្រោយពីទទួលផែនការ អ្នកទាំងអស់គ្នាក៏បែកគ្នា។ រហូតដល់ខែកក្កដា ឆ្នាំ១៩៧៧ អង្គការបានដក សី ឱ្យទៅធ្វើជាប្រធានកសិកម្មភូមិភាគកណ្តាល រហូតដល់អង្គការចាប់ខ្លួន សី នៅចុងខែកក្កដា ឆ្នាំ១៩៧៧។ ក្រោយពីអង្គការចាប់ខ្លួន សី រួច រៀប បានហៅ អិន, វឿន, ខា, នីន, សៀក និង សុំ ទៅប្រជុំនៅភ្នំប្រុស។ រៀប បាននិយាយថា៖ «ខ្ញុំហៅមិត្តមកនេះ ដើម្បីជម្រាបពីសភាពការណ៍ និងបន្តផែនការរបស់យើង។ ពីមុនយើងមានកម្លាំងបង្អែកច្រើន តែឥឡូវនេះអង្គការចាប់ខ្លួនអស់ហើយ។ ម្យ៉ាងវិញទៀត ខ្ញុំចង់រំឭកអំពីផែនការដែលបង សី បានដាក់ឱ្យយើងអនុវត្តនៅខែតុលា ឆ្នាំ១៩៧៧។ ផែនការនេះ បើយើងមិនធ្វើក៏ស្លាប់។ បើអ៊ីចឹង យើងទាំងអស់គ្នាត្រូវតែបន្តអនុវត្តផែនការរបស់បង សី ឱ្យបាន»។ រៀប បានលើកឡើងថា មុនពេលអនុវត្តផែនការរដ្ឋប្រហារ យើងត្រូវបំផ្លាញកម្ទេចឃ្លាំងអាវុធ ហើយការងារនេះទុកឱ្យខ្ញុំ [រៀប]។ ចំណែកមិត្តទាំងអស់គ្នាត្រូវធ្វើការតាមធម្មតា កុំឱ្យអង្គការចាប់អារម្មណ៍។
រៀប បានបញ្ជាក់ថា ខ្លឹមសារនៃផែនការធ្វើរដ្ឋប្រហារនៅខែតុលា ឆ្នាំ១៩៧៧ គឺយកតាមខ្លឹមសារដែលបង សី បានលើកឡើងកាលពីខែមិថុនា ឆ្នាំ១៩៧៧ ប៉ុន្តែបើមានការប្រែប្រួល គឺមានតិចតួចប៉ុណ្ណោះ។ ក្រោយពីទទួលផែនការពី រៀប រួចរាល់ អិន បានត្រៀមខ្លួនអនុវត្តផែនការរដ្ឋប្រហារអង្គការ។ ប៉ុន្តែមិនទាន់ដល់ថ្ងៃអនុវត្តតាមផែនការផង ស្រាប់តែនៅខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន អិន។
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនទទួលបានក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ លុន អិន ដែលមានតួនាទីជាលេខាវរសេនាតូចលេខ៧០៥ វរសេនាធំលេខ៦០១ កងពលលេខ១៧៤ មិនអាចយកមកសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដោយមានហត្ថលេខារបស់អ្នកសួរចម្លើយឈ្មោះ ឡាត់ និងហត្ថលេខារបស់ លុន អិន។ យោងតាមខ្លឹមសារនៃចម្លើយសារភាព អិន ត្រូវបានចោទប្រកាន់ថាបានរួមគំនិតចង់ផ្តួលរំលំរបបខ្មែរក្រហម និងបានឆ្លើយរៀបរាប់អំពីបុគ្គលប្រមាណ ២៦នាក់ ដែលត្រូវបានអះអាងថាមានជាប់ពាក់ព័ន្ធ។
***
[1] លុន អិន មានអាយុ២២, ចម្លើយសារភាពលេខ J00793, ចម្លើយសារភាពមានបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមចំនួន២៦នាក់ ដែលជាក់ពាក់ព័ន្ធនឹងអំពើក្បត់, ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧, ២៩ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។







