ឈួន ឈុំ៖ ពិការជើងម្ខាងក្នុងពេលប្រយុទ្ធជាមួយកងទ័ពវៀតណាម

ឈួន ឈុំ[1] ភេទប្រុស អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិចិន ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ឈុំ រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
ឈុំ បាននិយាយថា៖ «កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារប្រទេសរបស់យើងមានសង្គ្រាម។ ខ្ញុំបានរស់នៅក្នុងភូមិកំណើតរបស់ខ្លួន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានរស់នៅតាមសហករណ៍ និងរស់នៅជាមួយប្រជាជនផ្សេងៗទៀត។ ខ្ញុំបានធ្វើការងារប្រចាំថ្ងៃដូចជាជញ្ជូនសំណាប និងស្ទូងស្រូវ។
រហូតដល់ឆ្នាំ១៩៨៤ ខ្ញុំបានស្ម័គ្រចិត្ដចូលបម្រើកងទ័ពខ្មែរក្រហម ដោយសារតែមូលហេតុពីរយ៉ាង។ ទីមួយ កងទ័ពវៀតណាមបានធ្វើបាបប្រជាជននៅតាមភូមិ។ ទីពីរ គោរបស់ខ្ញុំមួយក្បាលត្រូវបានកងទ័ពទាំងនោះបាញ់សម្លាប់ ដើម្បីធ្វើម្ហូបថែមទៀត។ កត្តាទាំងអស់នេះហើយជំរុញចិត្តខ្ញុំខឹងសម្បារនឹងកងទ័ពទាំងនោះ។ នៅពេលដែលខ្ញុំបានចូលរួមជាមួយខ្មែរក្រហមដំបូង ខ្ញុំត្រូវបានបញ្ជូនឲ្យឈរជើង និងល្បាតនៅតាមភូមិ។ យើងបានសុំស្បៀងអាហារពីប្រជាជន ដើម្បីផ្គត់ផ្គង់អង្គភាព និងខ្សែរយៈរបស់យើង។
លុះនៅឆ្នាំ១៩៨៩ ខ្ញុំបានពិការជើងម្ខាង នៅពេលប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម។ ខ្ញុំបានដើរជាន់មីនបណ្ដាលឲ្យផ្ទុះដាច់ជើង។ ពេលនោះ ខ្ញុំបានសន្លប់បាត់ស្មារតី។ កងកម្លាំងរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់មក ខ្ញុំបានសម្រាកព្យាបាលរបួសរយៈពេល៨ខែទើបអាចដើរបានប្រសើរឡើងវិញ។ ទោះបីខ្ញុំធ្លាក់ខ្លួនពិការភាពក៏ដោយ ខ្ញុំនៅតែចង់រស់នៅតទៅមុខទៀត ដោយមិនមានចេតនាគិតខ្លី ឬចង់ធ្វើអត្ដឃាតនោះទេ។ រឿងរ៉ាវអាក្រក់នេះបានកើតឡើងបែបនេះទៅហើយ។ ក្រោយមក យើងបានបន្ដដំណើរទៅជំរំអូរត្រាវក្នុងប្រទេសថៃ ដើម្បីជួបជុំជាមួយអង្គភាពឡើងវិញ។ បន្ទាប់មក យើងបានចុះមករស់នៅតំបន់អន្លង់វែង នៅពេលកងទ័ពខ្មែរក្រហមរំដោះតំបន់នេះពីកងទ័ពវៀតណាមត្រឡប់មកវិញ។
លុះដល់ឆ្នាំ១៩៩២ ខ្ញុំបានរៀបការនៅក្នុងភូមិជើងភ្នំ។ នៅពេលនោះ អង្គភាពរបស់ខ្ញុំគឺជាអ្នករៀបចំកម្មវិធីនេះ។ សាច់ញាតិរបស់ខ្ញុំមិនដឹងថាខ្ញុំរៀបការ និងធ្លាក់ខ្លួនពិការឡើយ។ ខ្ញុំបានបាត់ដំណឹងទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយ។
ក្រោយមក ខ្ញុំធ្លាប់ត្រូវបានខ្មែរក្រហមបញ្ជូនទៅ«ភូមិសាច់ហើមសាច់ស្អុយ» ក្នុងតំបន់អន្លង់វែង ដោយសារតែកងទ័ពទាំងនោះចោទប្រកាន់ខ្ញុំថាមានជាប់ពាក់ព័ន្ធនឹងនិន្នាការជាមួយទាហានរដ្ឋាភិបាល។ ទោះបីខ្ញុំខិតខំបង្ហាញអំពីភាពស្អាតស្អំរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏កងទ័ពខ្មែរក្រហមមិនជឿលើអ្វីដែលខ្ញុំបាននិយាយដែរ។ ខ្ញុំបានជាប់ក្នុងភូមិសាច់ហើមសាច់ស្អុយរយៈពេល២ឆ្នាំ។
នៅទីនោះ ខ្មែរក្រហមមិនបានវាយដំ និងធ្វើបាបខ្ញុំនោះទេ។ ប៉ុន្ដែខ្ញុំក៏មិនមានសេរីភាពដើរទៅណាមកណាដែរ។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំធ្វើការងារពលកម្មប្រចាំថ្ងៃ ដូចជាកាប់រណ្ដៅដាំដើមចេក និងបង្កបង្កើនផល ដើម្បីផ្គត់ផ្គង់ខ្លួនឯង។
នៅក្នុងឆ្នាំទី២ ខ្មែរក្រហមបានអនុញ្ញាតឲ្យប្រពន្ធ និងកូនៗរបស់ខ្ញុំមករស់នៅជាមួយខ្ញុំ។ ស្ថានភាពរស់នៅរបស់យើងមានលក្ខណៈជាភូមិស្ថាន។ ខ្មែរក្រហមបានចែកដីធ្លីឲ្យយើងសង់ផ្ទះជាមួយសមាជិកអតីតខ្មែរក្រហមរាប់រយគ្រួសារទៀត។ យើងបានជួបការលំបាកខ្លាំងសម្រាប់ការហូបចុក នៅក្នុងដំណាក់កាលដំបូង ដោយសារតែស្បៀងអាហាររបស់យើងនៅមានកម្រិត។ យើងទើបតែចាប់ផ្ដើមដំបូងក្នុងការងារបង្កបង្កើនផលសម្រាប់ជីវភាព»៕
អត្ថបទដោយ៖ លី សុខឃាង
[1] ភួន សុរីន អ្នកស្ម័គ្រចិត្ដកម្ពុជា សម្ភាសន៍ជាមួយ ឈួន ឈុំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ក្នុងឆ្នាំ២០២៣។
អត្ថបទទាក់ទង

លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុ...

ហង់ ហឿន៖ កម្មកររោងចក្រកាត់ដេរ នៅឫស្សីកែវ ក្រុងភ្នំពេញ

ឆាយ ម៉ឺន៖ អតីតយោធាពេទ្យកងពល៨០៥

ឌុច អន ហៅអុន ជាសមាជិកមន្ទីរកិនស្រូវនៅទួលគោក ដើម្បីផ្គត់ផ្គង់កងពល៣១០

វេន សុន៖ អតីតប្រធានមន្ទីរស្រុកកែវសីមា តំបន់ស្វយ័ត១០៥(មណ្ឌលគិរី)


