យ៉ា ទាំ៖ ខ្មែរក្រហមចាប់ដាក់ក្នុងគុក ក្នុងរបបខ្មែរក្រហម

នៅក្នុងសម័យខ្មែរក្រហម មិនថាប្រជាជនខ្មែរ ខ្មែរ-អ៊ិស្លាម ឬពូជសាសន៍ណាឡើយ ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារហួសកម្លាំង, បង្អត់អាហារ, ធ្វើទារុណកម្ម និងចាប់ដាក់គុក ដោយយកហេតុផល ផ្សេងៗ តាមតែការនឹកឃើញរបស់កងកម្មាភិបាល ឬតាមការនឹកឃើញរបស់អ្នកដឹកនាំ តាមឃុំស្រុកនីមួយៗរបស់ខ្មែរក្រហម។ មន្ទីរសន្តិសុខរបស់ខ្មែរក្រហមមានជិត ២០០ កន្លែង ត្រូវបានបង្កើតឡើងទូទាំងប្រទេស សម្រាប់ទុកជាកន្លែងឃុំឃាំង, កន្លែងសួរចម្លើយ និងជាកន្លែងសម្លាប់។[1] ពាក្យ «មន្ទីរសន្តិសុខ» នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ជំនួយពាក្យ «គុក»។[2] ដោយខ្មែរក្រហមបានបែងចែកមន្ទីរសន្តិសុខ ជា៥កម្រិត ចាប់តាំងពីថា្នក់ឃុំ ឬសហការណ៍ ដល់មន្ទីរសន្តិសុខមជ្ឈិម នៅទីក្រុងភ្នំពេញដែលមានឈ្មោះសម្ងាត់ថា «ស-២១» ឬយើងបានស្គាល់ជាទូទៅថា «គុកទួលស្លែង»។[3] មន្ទីរសន្តិសុខ ៣កម្រិតដំបូង ជាកម្រិតថា្នក់តំបន់ ថ្នាក់ស្រុក និងថ្នាក់ឃុំ ដែលអ្នកជាប់ឃុំនៅទីនេះភាគច្រើនជាអតីតទាហាន ឬមន្ត្រីរដ្ឋការក្នុងសម័យលន់ នល់ ដែលត្រូវបានជម្លៀសមកពីទីក្រុងភ្នំពេញ និងចេញពីតាមទីប្រជុំជននានា។ ក្រៅពីអតីតទាហាន និងមន្ត្រីលន់ នល់ មន្ទីរសន្តិសុខកម្រិតនេះក៏ជាកន្លែងសម្រាប់ដាក់ប្រជាជនដែលត្រូវបានខ្មែរក្រហមចោទពីបទលួចរបស់របរ ឬចំណីអាហារ, ធ្វើឲ្យខូចខាតរបស់ប្រើប្រាស់, រត់ចេញពីកន្លែងការងារ និងនិយាយអាក្រក់ពីអង្គការ ជាដើម។ [4] ប្រជាជនត្រូវបានខ្មែរក្រហមចាប់យកទៅដាក់ក្នុងមន្ទីរឃុំឃាំង ហើយភាគច្រើនត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសួរចម្លើយដែរ។ ពេលខ្លះប្រជាជនដែលត្រូវខ្មែរក្រហមចាប់យកទៅនោះបាន ធ្វើការឆ្លើយតបឲ្យរួចតែពីមាត់ ចំពោះសំណួរពេលដែលខ្មែរក្រហមសួរពេលធ្វើទារុណនោះ ឬពេលខ្លះប្រជាជនទាំងនោះសម្រេចចិត្តធ្វើការកុហកក៏មាន ដោយសារទទួលរងនូវការធ្វើទារុណកម្មខ្លាំងពេកពីខ្មែរក្រហម។ យ៉ា ទាំ បានរៀបរាប់ពីការចងចាំនៅពេលដែលត្រូវបានខ្មែរក្រហមចាប់យកទៅដាក់នៅក្នុងមន្ទីរសន្តិសុខមួយនៅជិតព្រែកតាដួង[5]៖
ខ្ញុំបាទឈ្មោះយ៉ា ទាំ កើតនៅឆ្នាំ១៩៣៥ ក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ នៅសម័យខ្មែរក្រហម ខ្ញុំត្រូវបានកងសន្តិសុខខ្មែរក្រហមចាប់យកទៅដាក់ក្នុងគុកមួយ ដែលមានទីតាំងនៅផ្ទះថីសែប ខាងកើតជិតព្រែកតាដួង។ នៅក្នុងគុកនេះ មានអ្នកទោសប្រមាណជាង ១៥០នាក់ ដែលភាគច្រើនជាជនជាតិចាម និងជនជាតិខ្មែរ ឯមួយចំនួនតូចជាជនជាតិចិន ។ នៅពេលដែលខ្មែរក្រហមចាប់ខ្ញុំទៅ ទីនោះមានអ្នកទោសប្រហែល ១០នាក់ទៀតត្រូវបានខ្មែរក្រហមចាប់យកទៅជាមួយខ្ញុំដែរ យកទៅដាក់នៅគុក ផ្ទះថីសែបនោះ។ អ្នកទោសដែលត្រូវខ្មែរក្រហមចាប់មក មានអ្នកមកពីជំនីក, រកោខ្នុរ រហូតដល់ទ្រា មានទាំងអ្នកភូមិខ្មែរ និងភូមិចាម។ ខ្ញុំត្រូវបានខ្មែរក្រហមចាប់ដាក់នៅក្នុងមន្ទីរសន្តិសុខស្រុក តាំងពីពេលដែលនៅផ្ទះថីសែបនេះ មានអ្នកទោសពេញរហូតនៅសល់តែ ២នាក់ គឺ ខ្ញុំ និងម្នាក់ទៀតឈ្មោះ ម៉ើ សាលី។ សាលី ក៏មកពីភូមិសោយនេះដែរ។ អ្នកទោសភាគច្រើន បានស្លាប់ដោយសារការហូបបាយមិនគ្រប់គ្រាន់។ និយាយពីការហូបចុកវិញ នៅក្នុងសម័យនោះ ខ្ញុំ និងអ្នកទោសផ្សេងទៀត ទទួលបានអាហារក្នុងមួយថ្ងៃពីរពេល គឺព្រឹកមួយពេល និងល្ងាចមួយពេល។ អាហារដែលខ្ញុំ និងអ្នកទោសផ្សេងទៀតទទួលបានគឺ គ្រាប់ពោតក្រហមស្ងោរ ម្នាក់មួយវែកក្នុងមួយពេល ហើយការស្នាក់នៅវិញក៏មានភាពលំបាកដែរ។ រាល់ថ្ងៃ ខ្មែរក្រហមឲ្យបំពង់ឫស្សីម្នាក់មួយ។ បំពង់ឫស្សីនោះ មានរូបរាងដូចបំពង់ទឹកត្នោតសម្រាប់ឲ្យយើងដាក់លាមករបស់យើងដែលជាអ្នកទោស។ នៅពេលដែលលាមកពេញបំពង់នោះ កងសន្តិសុខបានឲ្យអ្នកទោសម្នាក់ដើរប្រមូលបំពង់លាមកនោះយកទៅចាក់ក្នុងបង្គន់។ យើងដាក់បំពង់ទុកឲ្យអ្នកទោសផ្សេងទៀតប្រើ។ ពេលនៅក្នុងគុកនោះ រៀងរាល់៤ឬ៥ថ្ងៃម្ដងកងសន្តិសុខចាប់ខ្ញុំ យកទៅសួរចម្លើយ។ ពេលនោះ ខ្ញុំបានកុហកព្រោះខ្ញុំចង់ស្លាប់តែម្តង កុំឲ្យទទួលរងការធ្វើទារុណកម្មទៀត។ ពេលមួយ ខ្មែរក្រហមបានសួរខ្ញុំថា “ខ្ញុំមានសក្តិប៉ុន្មាន? មានប្រាក់ខែប៉ុន្មាន?” ដូចដែលខ្ញុំបាននិយាយថា ខ្ញុំចង់ស្លាប់ ដូចនេះខ្ញុំចេះតែឆ្លើយ។ ខ្ញុំតបថា៖ “ខ្ញុំពីមុនមានសក្កិ៤ ហើយទទួលបានប្រាក់ខែ ៣ម៉ឺនរៀលក្នុងមួយខែ។” នៅពេលដែលខ្មែរក្រហមចាប់សួរចម្លើយ ខ្ញុំត្រូវខ្មែរក្រហមចាប់ចងភ្នែកលែងដឹងលិចកើតទេ ហើយខ្មែរក្រហមក៏សួរខ្ញុំពីផែនការទ័ពដែលចូលវាយ តែដោយសារខ្មែរក្រហមចាប់ចងភ្នែកផង ខ្ញុំក៏ចេះតែឆ្លើយ និងចង្អុលទៅទិសនេះ ទិសនោះទៅ។ ក្រោយពីពេលសួរខ្ញុំរួច កងសន្តិសុខទាំងនោះឲ្យខ្ញុំខំកសាងខ្លួន ព្រោះយើងស្មោះត្រង់ ហ៊ានសារភាពជូនអង្គការ។ បន្ទប់ដែលខ្មែរក្រហមប្រើសម្រាប់សួរចម្លើយនៅមន្ទីរសន្តិសុខនោះ មានទីតាំងជិតគុម្ពចេក ខាងក្រោយផ្ទះដែលខ្មែរក្រហមឃុំអ្នកទោស។ នៅពេលសួរចម្លើយ ខ្មែរក្រហមមានគ្នា២នាក់ ដោយម្នាក់កាន់ព្រនង់ចាំវាយ និងម្នាក់ទៀតចាំកត់។
ក្រោយមកខ្មែរក្រហមផ្លាស់ខ្ញុំទៅគុកមួយទៀតនៅព្រែកអាជី។ ទីនោះ ក៏មិនខុសពីព្រែកតាដួងប៉ុន្មានដែរ។ មានម្តង មុនខ្មែរក្រហមដោះលែងវិញ ខ្ញុំ និងប្រជាជនដទៃទៀតដែលជាប់ក្នុងគុកនៅព្រែកអាជីនោះ ត្រូវបានខ្មែរក្រហមវាយ ដោយប្រើគល់ឫស្សី។ មានអ្នកជាំក្បាល ជាំខ្នង ហើយមានអ្នកខ្លះបែកក្បាលក៏មាន។ នៅពេលចេញពីគុក អ្នកខ្លះដើរមិនរួចក៏តោងស្មាអ្នកដើររួច ដើរតោងមកដល់ថ្នល់ធំ ដើរទៅមិនរួចក៏អង្គុយនៅក្បែរថ្នល់នោះ។ ពេលដែលយើងធ្វើដំណើរតាមផ្លូវ មានអ្នកបររទេះសេះម្នាក់ឈ្មោះអោក ដែលមានចិត្តល្អក៏ហៅជិះរទេះសេះជាមួយគាត់ទៅផ្ទះរៀងខ្លួន។ ពេលខ្ញុំមកដល់ផ្ទះបានប្រហែល ៥ថ្ងៃទើបឮដំណឹងពីការបះបោរ នៅកោះផល និងស្វាយឃ្លាំង។ ជីវិតរស់នៅក្នុងសម័យខ្មែរក្រហម មិនមានភាពងាយស្រួលនោះទេ។ ខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការហួសកម្លាំងផង សម្រាកមិនគ្រប់គ្រាន់ផង ហើយមិនមានការហូបចុកស្រួលទៀត។ បើត្រូវបានខ្មែរក្រហមចាប់ដាក់គុកទៀត ជីវិតគ្មានន័យ ចង់តែស្លាប់ឲ្យផុតទៅប៉ុណ្ណោះ។
អត្ថបទដោយ លី ដេវីត
[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» មជ្ឈមណ្ឌលឯកសារកម្ពុជា (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ៥២
[2] ដដែល
[3] ដដែល
[4] ដដែល, ទំព័រ ៥៣
[5] ឯកសារ KCDC-Cam0619 D24811 បទសម្ភាសន៍ យ៉ា ទាំ សម្ភាសន៍ដោយអ៊ីសា ឧស្មាន ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០០១, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

សេង អូន ពេទ្យកងទ័ពតំបន់២២ ក្នុងរបបខ្មែរក្រហម

សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា

ដែង អ៊ុយៈ លេខាតំបន់៣ភូមិភាគពាយ័ព្យត្រូវបានចាប់ខ្លួន

លីម វុទ្ធី៖ ជីវិតគ្រួសាររបស់ប្រជាជន១៧ មេសា ត្រូវខ្មែរក្រហមជម្លៀសដោយបង្...

សួងឆេង ត្រូវបែកបាក់គ្រួសារក្នុងរបបកម្ពុជាប្រជាធិបេតយ្យ


