ស្លេះ សាទះ ៖ យល់សប្ដិក៏នៅតែខ្លាចឈ្លបខ្មែរក្រហម

ខ្ញុំនៅតែយល់សប្ដិឃើញស្ថានការណ៍រស់នៅក្នុងរបបខ្មែរក្រហម ធ្វើឱ្យខ្ញុំយំ ភ័យខ្លាច ចំពោះការស្រែកសម្លុត បង្ខំឱ្យធ្វើការពីសំណាក់កងឈ្លប កម្មាភិបាលខ្មែរក្រហម គ្មានពេលឈប់សម្រាក និងការបង្ខំឱ្យហូបសាច់ជ្រូក។ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម វានៅតែរស់រានជាប់ក្នុងរាងកាយរបស់ខ្ញុំ។ ហេតុការណ៍ទាំងប៉ុន្មាន ទោះបីជាកន្លងផុតទៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្ដែខ្ញុំនៅតែភ័យខ្លាច នៅតែចងចាំ ពីអ្វីដែលកើតឡើងចំពោះក្រុមគ្រួសារខ្ញុំ ជាពិសេសការជម្លៀសចេញពីភូមិកំណើត និងបន្តចេញពីតំបន់ផ្សេងៗជាច្រើនដំណាក់កាល ការបែកបាក់សមាជិកក្រុមគ្រួសារ និងចុងក្រោយការស្លាប់ម្តាយរបស់ខ្ញុំ។
ស្លេះ សាទះ[1] អាយុ៦៤ឆ្នាំ (២០២១) ជាជនជាតិចាម កើតនៅភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ សព្វថ្ងៃ សាទះ រស់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាទះ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលនៅតែមានអារម្មណ៍ភ័យខ្លាច យំ និងមិនអាចបំភ្លេចបានអំពីស្ថានភាពដែលកងទ័ពខ្មែរក្រហមបង្ខំឱ្យចាកចេញពីស្រុកកំណើត ដោយសារការស្រែកសម្លុតនឹងបាញ់សម្លាប់ ដេញឱ្យចាកចេញពីភូមិស្វាយឃ្លាំង បន្ទាប់ពីព្រឹត្តិការណ៍ជនជាតិចាមងើបបេះបោរ។ ក្រុមគ្រួសារ សាទះ គឺត្រូវអង្គការជម្លៀសឱ្យទៅស្នាក់នៅមន្ទីរស្រុកក្រូចឆ្មាររយៈពេលមួយខែ ក្នុងគោលបំណងគឺធ្វើការស៊ើបសួរ ស្វែងរកមេបះបោរប្រឆាំងជាមួយកងទ័ពបដិវត្តន៍។ ស្ថិតក្នុងនាមជាអ្នកទោសបះបោរ សាទះ និងម្តាយ មិនបានទទួលរបបអាហារហូបគ្រប់គ្រាន់នោះឡើយ។ បន្ទាប់ពីរយៈពេលមួយខែ អង្គការក៏ចាប់ប្រមូលក្រុមគ្រួសារ សាទះ ជម្លៀសចេញទាំងយប់ឱ្យទៅរស់នៅភូមិជំនីក (ស្រុកក្រូចឆា្មរ) ដោយធ្វើដំណើរតាមទូកចែវ ដែលអង្គការរៀបចំជូន។ រស់នៅក្នុងភូមិជំនីករយៈពេល៤ខែ អង្គការចាត់តាំង សាទះ ឱ្យធ្វើស្រែ។ ក្រោយមកទៀតអង្គការក៏ជម្លៀស សាទះ ឱ្យទៅរស់នៅស្រុកស្ទឹងត្រង់ រួចបន្តដំណើរទៅតំបន់ស្ទឹងតាំងក្រសាំង ខេត្តកំពង់ធំ។
មកដល់តំបន់ស្ទឹងតាំងក្រសាំង សាទះ ត្រូវអង្គការចាត់តាំងឱ្យចូលធ្វើការងារក្នុងកងចល័តស្រួច។ចាប់តាំងពីពេលនោះមក សាទះ ត្រូវបែកចេញពីក្រុមគ្រួសារ ដោយត្រូវទៅស្នាក់នៅតាមការដ្ឋាន។ ប៉ុន្ដែ
ក្នុងអំឡុងពេល៣ខែ អង្គការឱ្យ សាទះ មកលេងម្ដាយនៅភូមិត្រពាំងឈូក បានរយៈពេលពីរថ្ងៃ។ ការងារនៅការដ្ឋានមានដូចជា ដកសំណាប ស្ទូង ជាដើម។ អង្គការឱ្យធ្វើស្រែកាន់តែសំរុកឡើងៗ ប៉ុន្ដែរបបអាហារទទួលបានតែបបររាវៗ។ សាទះ នៅចាំបានថា ក្នុងរដូវច្រូតកាត់ វាលស្រែ ធំល្វឹងល្វើយគឺត្រូវបានអង្គការបោះទង់ជាតិបដិវត្តន៍នៅផ្នែកខាងមុខ ដើម្បីបង្ខំឱ្យប្រជាជន ធ្វើយ៉ាងម៉េចច្រូតឱ្យបានដល់ទង់ជាតិ ទើបអាចឈប់សម្រាកបាន។ ចំពោះអ្នកដែលមិនអាចធ្វើតាមបានគឺត្រូវអង្គការដកយកទៅធ្វើការអប់រំ និងបាត់ខ្លួនជាដើម។ ក្នុងរបបខ្មែរក្រហម រដូវច្រូតកាត់ គឺជាពេលវេលាដល់លំបាកបំផុសសម្រាប់ សាទះ ព្រោះពេលថ្ងៃត្រូវច្រូតស្រូវ និងពេលយប់ត្រូវបោកបែនស្រូវរហូតដល់ម៉ោង១១យប់ ហើយម៉ោង៣ត្រូវងើបទៅតម្រង់ជួរតាមការកោះហៅរបស់អង្គការ។
ចប់រដូវកាលច្រូតស្រូវ អង្គការបានចាត់តាំង សាទះ ឱ្យទៅសែងដុំថ្ម ជីកប្រឡាយ លើកទំនប់ រែកលាមកយកទៅធ្វើជីសម្រាប់ចាក់ចូលដីស្រែ និងចម្ការ។ ទោះបីជាឈឺក៏ សាទះ មិនហានឈប់សម្រាកដែរ ពីព្រោះសមាជិកក្នុងក្រុមឈឺ អង្គការចោទថាឈឺពុត ហើយហៅទៅប្រជុំ និងត្រូវបាត់ខ្លួននៅថ្ងៃបន្ទាប់។ ការបាត់សមាជិកក្នុងក្រុមដោយសារបញ្ហាតិចតួចជារៀងរាល់យប់ បានធ្វើឱ្យ សាទះ មានអារម្មណ៍ខ្លាចអង្គការហៅទៅប្រជុំនៅពេលយប់។ នៅកាលនោះ ពេលយប់ ឈ្លប តែងតែមកលួចស្ដាប់នៅតាមផ្ទះនីមួយៗ។ បន្ទាប់មកទៀត ឈ្លប បានព្រមាន សាទះ កុំឱ្យនិយាយភាសាចាម ជាមួយសមាជិកក្នុងក្រុម ឬ ក្រុមគ្រួសារ មិនដូច្នេះទេ គឺត្រូវយកទៅកសាងជាមិនខាន។ ជារៀងរាល់យប់ គឺជាពេលដែលគួរឱ្យភ័យខ្លាចបំផុតសម្រាប់ប្រជាជនក្នុងភូមិ។ លើសពីការហាមប្រាណមិនឱ្យនិយាយភាសាចាម នៅរៀងរាល់ថ្ងៃទី៣០ ឈ្លបខ្មែរក្រហមបានរៀបចំកាប់ជ្រូកធ្វើម្ហូបសម្រាប់ជនជាតិចាម។ ជនជាតិចាមណាដែលបដិសេធ គឺត្រូវឈ្លបចាប់យកទៅសម្លាប់។ ហេតុនេះ សាទះ មិនអាចអត់បរិភោគសាច់ជ្រូកសោះនោះទេក្នុងរបបខ្មែរក្រហម។
នៅក្នុងឆ្នាំ១៩៧៧ សាទះ បានទទួលដំណឹងថាម្តាយកំពុងឈឺធ្ងន់ ប៉ុន្ដែដោយសារការបាក់ស្បាត និងភាពភ័យខ្លាច ធ្វើឱ្យ សាទះ មិនហានសុំការអនុញ្ញាតពីប្រធានកងទៅមើលម្តាយនោះឡើយ។ ជាសំណាងល្អ បានប្រធានឃុំតំបន់ត្រពាំងឈូកបានផ្ញើដំណឹង និងស្នើសុំប្រធានកងឱ្យ សាទះ ទៅមើល ម្តាយឈឺរយៈពេល២ថ្ងៃ។ ម្តាយរបស់ សាទះ ធ្លាក់ខ្លួនឈឺដោយសារការអត់អាហារបរិភោគ។ រយៈពេលកន្លះខែក្រោយមកម្តាយ សាទះ បានបាត់បង់ជីវិតដោយគ្មានកូនចៅនៅក្បែរ។
មីន សាណាស់
[1]បទសម្ភាសន៍ ស្លេះ សាទះ, ស្ថិតនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បានផ្ដល់បទសម្ភាសន៍ជាភាសាចាម, ដល់អ្នកស្ម័គ្រចិត្តកម្ពុជាប្រចាំខេត្តត្បូងឃ្មុំ ឈ្មោះ វើត សាំរ៉ី នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្នុងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
អត្ថបទទាក់ទង

អតីតអ្នកទោសនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវត្ដី)

ប៊ុន ឡឹងជយ៖ ការជម្លៀស និងសម្លាប់ប្រជាជននៅស្រុកកោះញែក

ធ្វើការឲ្យបដិវត្តន៍កម្ពុជា ទោះខំធ្វើដល់ស្លាប់ទៀតក៏គ្មានប្រាក់ខែដែរ

ម៉ា យឿន៖ អតីតពេទ្យឆ្មប

ទុយ រ៉ា បារម្ភពីប្តីនៅក្នុងសមរភូមិជួរមុខតំបន់មុំបី និងការយល់ឃើញចំពោះជ...


