ក្រុមស្មោះត្រង់

(រតនគិរី) ៖ ឈឹម មុត មានអាយុ៧៣ឆ្នាំ ភេទស្រី ជាជនដើមភាគតិចកាវែត មានបងប្អូនប្រាំនាក់ ប្រុសបីនាក់ ស្រីពីរនាក់ មុត ជាកូនទីបី សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ឈឹម មុត ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដែលជារបបដ៏ខ្មៅងងឹត ធ្វើឲ្យប្រជាជនរស់នៅលំបាកវេទនាជាខ្លាំង ដោយសារកាលនោះខ្មែរក្រហមបានប្រើឲ្យប្រជាជនធ្វើការងារគ្មានពេលសម្រាក។

នៅអំឡុងពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា គាត់ត្រូវបានអង្គការប្រើឲ្យជីកគល់ឈើនៅក្នុងស្រែ ជីកដីធ្វើប្រឡាយ និងលើកភ្លឺស្រែ។ នៅក្នុងក្រុមកម្លាំងទីមួយ មុត ត្រូវធ្វើការចាប់ពីម៉ោងប្រាំមួយព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ហើយត្រូវចូលធ្វើការវិញនៅម៉ោងមួយរហូតដល់ពេលល្ងាចទើបឈប់សម្រាក។

បន្ទាប់មក អង្គការបានបញ្ជូនទៅក្នុងក្រុមស្ទូងស្រូវនៅក្រុមកម្លាំងទីពីរ នៅពេលដែលគាត់់បានទៅធ្វើការក្នុងក្រុមកម្លាំងទីពីរនោះ មុត បានជួបជាមួយនឹងម្ដាយ។ ការងារដែលខ្មែរក្រហមប្រើឲ្យប្រជាជនធ្វើនៅពេលនោះមាន ជីកទំនប់ ប្រឡាយ កាប់ដី ជីកគល់ឈើ ស្ទួងស្រូវ និងច្រូតស្រូវ ហើយក៏មានបុកស្រូវ និងរែងអង្ករផងដែរ។

នៅក្នុងរបបខ្មែរក្រហមប្រសិនអ្នកណាដែលមិនចេះរែងអង្ករ ឬបុកស្រូវទេ នោះនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល។ ជាក់ស្ដែង មុត មានបងប្អូនជីដូនមួយចំនួនពីរនាក់ ដែលត្រូវបានអង្គការយកទៅសម្លាប់ចោលដោយសារតែគាត់ជាមនុស្សប្រុស មិនចេះរែងអង្ករហើយថែមទាំងខ្ជិលបុកស្រូវទៀត គាត់បានរត់គេចចេញមិនធ្វើការងារនោះ។

មុត ជាមនុស្សស្រីដូច្នេះគាត់ចេះរែងអង្ករ ហើយបានយកចិត្តទុកដាក់លើការងារនោះដោយមិនមានការខ្ជិលច្រអូសឡើយ ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។ ដោយមើលឃើញថាក្រុមរបស់ មុត ខិតខំធ្វើការងារដូច្នេះអង្គការបានហៅថាជា «ក្រុមស្មោះត្រង់» ចំណែកក្រុមណាដែលខ្ជិលច្រអូស ធ្វើពុតជាឈឺនោះត្រូវអង្គការបង្អត់អាហារ ប្រសិនជាមានករណីមានការប្រឆាំងតវ៉ានោះនឹងចាប់យកទៅធ្វើទារុណកម្ម ឬសម្លាប់ចោល។

ខ្មែរក្រហមបានបង្កើតអង្គការមួយដែលមានឈ្មោះថា អង្គការភ្នែកម្នាស់ សម្រាប់តាមដានចាំមើលបំណាំគ្នាទៅវិញទៅមក មិនថាម្ដាយ ឪពុក ឬបងប្អូននោះទេ។ នៅឆ្នាំ១៩៧៩ មុត បានរត់ចូលព្រៃជាមួយកងទ័ពខ្មែរក្រហមដោយសារតែកងទ័ពខ្មែរក្រហមបានប្រាប់ថាកងទ័ពយួនដេញសម្លាប់។ នៅពេលដែលរត់ចូលដល់ក្នុងព្រៃកងទ័ពខ្មែរក្រហមបានរត់ខ្ចាត់បែកអស់ ហើយគាត់ក៏បានត្រឡប់មកកាន់ស្រុកកំណើតវិញ៕

សម្ភាសន៍ដោយ បេង ហង្ស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin