ជួប ជឿន៖ ប្រជាជនចាស់ច្រណែន

ជួប ជឿន រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ជួប ជឿន ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជឿន ជាកូនកំព្រាឪពុកមា្ដយតាំងពីក្មេង និងមានបងប្អូនពីរនាក់។ ជឿន មិនដែលស្គាល់មុខឪពុកម្ដាយរបស់គាត់ទេ។

កាលពីកុមារភាព ជឿន រស់នៅជាមួយម្ដាយធំ ដែលមានប្តីធ្វើជាទាហាន។ បន្ទាប់ពីរស់នៅជាមួយម្ដាយធំអស់រយៈពេលមួយឆ្នាំ ឪពុកមារបស់ជឿនបានមកយកគាត់ទៅរស់នៅជាមួយ និងឲ្យគាត់ចូលរៀ​ននៅសាលាវត្តអង្គ។

នៅសម័យសាធារណរដ្ឋខ្មែរ ជឿន បានរៀបការនៅភូមិព្រែកព្នៅ។ ក្រោយមក ជឿន បានលែងលះ និងរៀបការជាមួយប្រពន្ធទី២ឈ្មោះ ស អុន នៅភូមិកន្ទួត។ មិនយូរប៉ុន្មាន ជឿន បានចូលធ្វើជាទាហាន លន់ នល់។ ជឿន និយាយថា “បើខ្ញុំមិនធ្វើ ខ្ញុំអត់មានលុយ ខ្ញុំកូនអ្នកក្រ កូនកំព្រា បើគេយកលុយប្រាំមួយម៉ឺន ខ្ញុំគ្មានលុយប្រាំមួយម៉ឺនទេ”។ ជឿន ត្រូវបានបង្ខំឲ្យចូលធ្វើទាហាន លន់ នល់ ដោយហ្វឹកហាត់នៅអំពែភ្នំ និងប្រចំាការនៅភូមិព្រៃស។

ជឿន បន្តថាគាត់មិនដែលបានចេញទៅច្បាំងនោះទេ។ នៅថ្ងៃដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ជឿន បានគេចខ្លួនចេញពីភូមិព្រៃស ដោយសារមានប្រជាជនខ្មែរក្រោមប្រាប់គាត់ថា ខ្មែរក្រហមមិនទុកឲ្យទាហាន លន់ នល់ នៅរស់ទេ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស​ និងបានជម្លៀសគ្រួសាររបស់ជឿន ដែលជាប្រជាជនថ្មីទៅរស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង។ នៅទីនោះ ជឿន គ្មានមិត្តភក្តិ ឬសាច់ញាតិនោះទេ។ ចំណែកប្អូនប្រុសរបស់ជឿន រស់នៅភូមិកន្ទួត។

ជឿន និយាយថា នៅពេលទៅដល់ភូមិប្រាសាទ អង្ករចំនួន១២ថង់ ដែលគាត់ខំអូសរទេះដឹកមកជាមួយ ត្រូវបានខ្មែរក្រហមរឹបអូសទាំងអស់ និងចែកឲ្យគាត់ពីរនាក់ប្តីប្រពន្ធ ក្នុងមួយថ្ងៃតែអង្ករពីរកំប៉ុងប៉ុណ្ណោះ។ ក្រោយមកគណៈឃុំព្រែកស្លែង ដែលមានចិត្តធម៌ម្នាក់ បានចាត់តាំងឲ្យ ជឿន រែកបបរ និងចែកបបរឲ្យប្រជាជនដែលឈឺនៅភូមិប្រាសាទ។ ជឿន និយាយថា ម្ដាយរបស់គណៈឃុំនោះ បានស្គាល់គាត់ពីមុនមក។ ប៉ុន្មានខែក្រោយមក គណៈឃុំឲ្យរទេះគោមួយសម្រាប់ ជឿន ដឹកម្ហូបអាហារ និងទៅកាប់ដើមចេកទុកឲ្យខាងចុងភៅ។ ជឿន ចងចាំថា នៅពេលនោះមានប្រជាជនចាស់ច្រណែន និងចោទគាត់ដោយថា “ប្រជាជនថ្មីដឹកទៅ ពុលគេងាប់ហើយ”។ ចំណែកប្រពន្ធរបស់ជឿន ធ្វើការនៅការដ្ឋាន ដោយត្រូវជីកប្រឡាយ និងលើកទំនប់។

ជឿន បន្ដថា “ហូបតែដើមចេក គ្មានអីហូបទេ”។ ក្នុងមួយថ្ងៃ ជឿន ហូបអាហារចំនួនបីពេល គឺមានបបរនៅពេលព្រឹក បាយនៅពេលថ្ងៃ និងពេលល្ងាច។ នៅពេល ជឿន មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។

ជឿន និយាយថានៅពេលទៅធ្វើការ គាត់ធ្វើជាមនុស្សឆ្កួត ដោយជួនកាលគាត់ធ្វើជាដើរទៅជញ្ជូនចំបើងទាំងគ្មានសម្លៀកបំពាក់។​ នៅថ្ងៃមួយ ខ្មែរក្រហមសួរគាត់ដែលកំពុងសម្រាកនៅក្រោមដើមទឹកដោះគោថា ហេតុអ្វីបានជាគាត់មិនបេះហូប។ ជឿន ឆ្លើយថា គាត់ហត់ណាស់មិនហូបទេ។ ជឿន និយាយថា គាត់ធ្វើដូច្នេះ ដើម្បីរស់ ពីព្រោះខ្មែរក្រហមបានដឹងរួចមកហើយថា គាត់ជាអតីតទាហាន លន់ នល់។

ជឿន តែងតែធ្វើការម្នាក់ឯង និងគ្មានគ្នីគ្នានោះទេ។ ខ្មែរក្រហមនិយាយជាមួយគ្នាថា សម្លាប់ធ្វើអ្វី ប្រសិនបើជឿនជាមនុស្សឆ្កួតបាត់ទៅហើយ។ ជឿន ចងចាំថា ជារៀងរាល់ថ្ងៃចន្ទ ខ្មែរក្រហមបានដឹកប្រជាជនថ្មី ពីមួយទៅពីររទេះគោទៅគាស់ដើមចេក។ ជឿន មិនដែលឃើញអ្នកទាំងនោះត្រលប់មកវិញនោះទេ ហើយក៏មិនដឹងថាអ្នកទាំងនោះទៅកន្លែងណាដែរ។ នៅពេលយប់ ជឿន មិនហ៊ានចាកចេញពីផ្ទះនោះទេ ដោយសារគាត់បានឮសំឡេងមនុស្សស្រែក។

ជឿន លើកឡើងថានៅរបបខ្មែរក្រហម មានមន្ទីរឃុំឃាំងអ្នកទោសនៅទន្លេបាទី ហើយអ្នកទោសទាំងនោះត្រូវដងទឹកដាក់វាលស្រែ។ ក្រៅពីនេះ ជឿន បានដឹងថា ប្រជាជនថ្មីមួយចំនួនបានដោះដូរខ្លួនប្រាណ ដើម្បីបានបាយហូប។ នៅចុងឆ្នាំ១៩៧៨ ជឿន បានឮខ្មែរក្រហមដែលចេញពីប្រជុំប្រាប់គាត់ថា “យើងលែងរងាខែផល្គុនចេត្រហើយ!”។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ជឿន បានឆ្លៀតឱកាសធ្វើដំណើរទៅទីក្រុងភ្នំពេញ ដោយប្រមូលបានមងចំនួនពីរបាវ។ បន្ទាប់ពី ជឿន បានត្រលប់មករស់នៅភូមិប្រាសាទ អស់រយៈពេលប្រាំខែ ទើប ជឿន បានមករស់នៅភូមិកំណើតវិញ។ ក្រោយមក ជឿន មានកូនចំនួនបីនាក់ ក្នុងនោះមានកូនស្រីម្នាក់។ នៅពេល ជឿន បានជួបក្មួយ ទើបជឿនដឹងថាប្អូនរបស់គាត់បានបាត់ខ្លួននៅគុកទួលស្លែង៕

សម្ភាសដោយ​ ថន ពុធដារ៉ូ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin