ក្រោយការទិតៀន ៣ ដងអង្គការនឹងយកទៅសម្លាប់

(តាកែវ)៖ ជីង ចន្ធី មានអាយុ៥៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបច្ចុប្បន្ន​ជាកសិករ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងសម័យខ្មែរក្រហម ចន្ធី មានអាយុ១២ឆ្នាំ។ អង្គការ បានជម្លៀស ចន្ធី ឲ្យទៅរស់នៅ និងធ្វើការនៅភូមិបុកស្បូវ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (បច្ចុប្បន្ន ទីតាំងនេះស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ)។ ចន្ធី មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ ព្រោះត្រូវទៅរស់នៅក្នុងកងកុមារ។ រោងកុមារដែល ចន្ធី ស្នាក់នៅ សាងសង់ឡើងពីឬស្សី ហើយសម្បូរសត្វសង្កើច និងមូស។

ការងារដំបូងរបស់ ចន្ធី នៅក្នុងកងកុមារគឺ កាប់ដីដំបូក រែកដី កាប់ដើមទន្ទ្រានខែត្រ និងធ្វើស្មៅដំឡូង។ ពេលធ្វើការនៅក្នុងសហករណ៍ក្រុមរបស់ ចន្ធី អាចដើររកស្លឹកឈើ និងផ្លែឈើហូបបាន។ ក្រោយមកទៀត អង្គការបានបញ្ជូន ចន្ធី ឲ្យទៅលើកទំនប់អាងត្រពាំងថ្ម។ នៅទីនោះ ចន្ធី មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះធ្វើការនៅក្នុងរោងបាយ។ នៅក្នុងរោងបាយ មានសមាជិកប្រមាណ៥នាក់ ដាំបាយ និងធ្វើម្ហូបឲ្យកុមារ ប្រមាណ៣០នាក់។ របបអាហារផ្តល់​ឲ្យប្រជាជនថ្មី និងប្រជាជនចាស់ គឺមិនដូចគ្នាទេ។ ចន្ធី បានឲ្យដឹងទៀតថា របបអាហារក្នុងសម័យខ្មែរក្រហម គឺគឺមិនគ្រប់គ្រាន់នោះទេ។

នៅការដ្ឋាន ប្រសិនបើ ចន្ធី នឹកឪពុកម្ដាយ គាត់​បានសុំអង្គការត្រលប់មកផ្ទះ ហើយពេលខ្លះលួចត្រលប់​មកខ្លួនឯង ប៉ុន្តែត្រូវទៅវិញឲ្យទាន់ម៉ោងធ្វើការ។ ចន្ធី លួចត្រលប់​មកផ្ទះវិញតាមរយៈរទេះគោរបស់សហករណ៍ដែល​បរដឹកស្បៀងយកទៅការដ្ឋាន ហើយដឹកចំបើងត្រលប់មកវិញ។ ពេលពួននៅក្នុងចំបើង ចន្ធី មានការព្រួយ បារម្ភខ្លាចអង្គការចាប់បាន ឬក៏យកឈើចាក់ត្រូវ។ ចន្ធី បានបន្តថា នៅពេលដែលទៅលេងឪពុកម្ដាយ នាងមិនដែលទទួលបានរបបអាហារនោះទេ។ ដើម្បីលុបបំបាត់ការស្រេកឃ្លាន គាត់បានលួចគាស់ដំឡូងរបស់អង្គការ ដែលដាំនៅផ្ទះរបស់ខ្លួនស្ងោរហូប។ ចន្ធី បានបន្តថា អង្គការធ្លាប់តាមទាន់ពេលគាត់លួចត្រលប់​មកផ្ទះវិញ។ ពេលលួចចំណីអាហារ ឬក៏លួចធ្វើដំណើរមកផ្ទះវិញ ប្រសិនបើអង្គការចាប់បាន គឺត្រូវធ្វើការទិតៀន ហើយបើធ្វើខុស ៣ ដង គឺនឹង​ត្រូវយកទៅសម្លាប់ចោល។

សម្ភាសដោយ វ៉ែន ចរិយា នៅថ្ងៃទី០៨ សីហា ឆ្នាំ០២១

អត្ថបទដោយ ភា រស្មី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin