សមាជិកក្រុមដេរសម្លៀកបំពាក់សម័យខ្មែរក្រហម

(តាកែវ) ជ្រូ ជ្រិន អាយុ៧៤ឆ្នាំ មាន​ស្រុក​កំណើត​និង​រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ ជ្រិន បានរៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងភូមិ។ ក្រោយរៀបការរួច ជ្រិន មានកូន១នាក់ និងប្រកបរបបធ្វើស្រែ និងដេរខោអាវ។

បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ជ្រិន មិនសូវបាននៅផ្ទះប៉ុន្មានទេ ដោយសារគាត់ត្រូវរត់ចូលព្រៃ ដើម្បីគេចពីការចាប់ធ្វើជាទាហាន។ លើសពីនេះទៅទៀត នៅក្នុងភូមិរបស់ ជ្រិន មានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តរត់ចូលព្រៃ។ នៅផ្ទះរបស់ ជ្រិន និងប្រជាជនផ្សេងទៀត មានជីកត្រង់សេធំមួយ ប្រក់ឈើធំៗ និងដីពីលើដើម្បីគេចពីការប្រយុទ្ធគ្នា។ នៅឆ្នាំ១៩៧៣ ក្នុងភូមិព្រៃលៀប ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក របស់អាមេរិក គ្រួសាររបស់ ជ្រិន និងអ្នកភូមិផ្សេងទៀត បានជម្លៀសខ្លួនទៅនៅតំបន់ ១០៦។ យោងតាមជ្រិន ការទម្លាក់គ្រាប់បែកនេះ មានគោលបំណងបំផ្លាញយួន វៀតកុង ប៉ុន្តែជាក់ស្ដែងបែរ​ជាត្រូវតែផ្ទះប្រជាជន។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជ្រិន បានចូលធ្វើការងារនៅក្នុងក្រុមដេរសម្លៀកបំពាក់។ ក្រុមដេរសម្លៀកបំពាក់មានសមាជិក១២នាក់ និងចាប់ផ្ដើមដេរខោអាវឲ្យអង្គការនៅក្នុងភូមិព្រៃលៀប។ បន្ទាប់ពីបញ្ចប់ការដេរនៅក្នុងភូមិ ក្រុមរបស់ជ្រិន ត្រូវចេញទៅដេរ នៅឃុំត្រពាំងរុន និងបន្តទៅដេរនៅថ្នាក់​ស្រុក។ នៅឃុំត្រពាំងរុន អង្គការឲ្យ ជ្រិន ដេរខោខ្លីដាក់ខ្សែ ឲ្យបាន ៣០ខោក្នុងមួយថ្ងៃ ចំណែក​នៅពេល​ដែល​ត្រូវ​ដេរខោអាវវិញ គឺត្រូវដេរឲ្យបានយ៉ាង​តិចបំផុត ៣សម្រាប់ ។ ចំពោះខោអាវ ដែលក្រុមរបស់ ជ្រិន ដេររួច អង្គការ យកទៅចែកឲ្យយោធាស្រុក និងយុទ្ធនារីស្រុក។ ចំណែកប្រជាជន គឺអង្គការយកខោអាវជជុះពីភ្នំពេញ  មកចែកក្នុងសហករណ៍។

ជារៀងរាល់ថ្ងៃ ជ្រិន ត្រូវក្រោកពីម៉ោង៤ ព្រឹក ធ្វើការងារដាំដំណាំនៅក្នុងភូមិរហូតដល់ម៉ោង៧។ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ល្ងាច ជ្រិន ត្រូវធ្វើការងារស្នូល គឺដេរសម្លៀកបំពាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បន្ទាប់ពីហូបអាហារពេលល្ងាចរួច ជ្រិន ត្រូវចូលទៅធ្វើការងារដាំដំណាំវិញ រហូតដល់ម៉ោង៩យប់។

ជ្រិន បានឲ្យដឹងថា គាត់គឺជាប្រជាជនចាស់ ប៉ុន្តែគាត់ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ។ ជ្រិន បានបន្តថា គាត់ហូបបាយបាន៣ថ្ងៃប៉ុណ្ណោះ នៅពេលប្រមូលផលស្រូវ ហើយបន្ទាប់ពីនោះគឺត្រូវហូបបបរ ជាមួយសម្លរត្រកួន។ នៅក្នុងសម័យខ្មែរក្រហម ជ្រិន មិនបានរស់នៅជុំគ្រួសារនោះទេ ប៉ុន្តែក្នុងមួយខែគាត់អាចត្រលប់មកសម្រាកជាមួយប្រពន្ធ ៣ដងគឺថ្ងៃទី១០ ទី២០ និងទី៣០។

សម្ភាសន៍ដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៨ ខែសីហា ២០២៤

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin