អ៊ា ហៀក៖ ធ្វើការនៅក្នុងក្រុមបុកស្រូវ
(តាកែវ) អ៊ា ហៀក អាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន ហៀក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ហៀក បានរៀបការ នៅឆ្នាំ១៩៦៩។ ពេលរៀបការរួច ហៀកនិងប្តី ប្រកបរបបធ្វើស្រែ និងកាត់ដេរ។
នៅឆ្នាំ១៩៧២ គ្រួសារ ហៀក បានរត់ទៅរស់នៅជាមួយអ៊ំ និងបានជួបការលំបាកបន្តិចបន្តួច ប៉ុន្តែមានហូបចុកគ្រប់គ្រាន់ ព្រោះសម័យនោះនៅមានការចាយវាយប្រាក់។ នៅឆ្នាំ១៩៧៣ ក្រុមគ្រួសាររបស់ហៀក បានភៀសខ្លួនទៅរស់នៅវត្តអង្គទេព ក្នុងតំបន់១០៦វិញ។ ការភៀសខ្លួនទៅកាន់ តំបន់១០៦ធ្វើឡើង ដោយសារតែភូមិដែល ហៀក រស់នៅមានការផ្លោង និងទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៤ គ្រួសាររបស់ហៀក បានបន្តរើទៅរស់នៅ និងធ្វើស្រែ នៅភូមិត្រពាំងព្រីង រហូតដល់ឆ្នាំ១៩៧៥ ទើបត្រលប់មកភូមិព្រៃលៀបវិញ។ នៅខែមីនា ឆ្នាំ១៩៧៥ ហៀក សម្រាលបានកូនស្រីម្នាក់។ មួយខែក្រោយមក គឺបន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច អង្គការបានឲ្យ ហៀក ចូលទៅមើលក្មេងនៅក្នុងភូមិ។ ហៀក មើលក្មេងនៅក្នុងភូមិបានតែ២ថ្ងៃ គាត់បានសុំអង្គការឲ្យប្ដូរឈ្មោះ លន់ មកមើលក្មេងជំនួសគាត់វិញ។ ឈប់ពីការមើលក្មេង ហៀក បានចូលទៅធ្វើការក្នុងក្រុមរវៃកប្បាសរហូតដល់ឆ្នាំ១៩៧៦។
នៅឆ្នាំ១៩៧៦ ហៀក ចូលធ្វើការងារនៅក្នុងក្រុមបុកអង្ករ រហូតដល់ខ្មែរក្រហមដួលរលំ។ អង្គការបានកំណត់ឲ្យ ហៀក បុកអង្ករឲ្យបាន ៥កញ្ជើក្នុងមួយថ្ងៃ។ បន្ទាប់ពីធ្វើគ្រប់ផែនការ អង្គការកំណត់ឲ្យបុកអង្ករឲ្យបាន ១៥កញ្ជើក្នុងមួយថ្ងៃ សម្រាប់មនុស្សពីរនាក់។
នៅឆ្នាំ១៩៧៧ បន្ទាប់ពីទទួលបានម៉ាស៊ីនកិនស្រូវ អង្គការបានកំណត់ឲ្យ ហៀក កិនអង្ករឲ្យបាន ២៥កញ្ជើ(១៥ធុង អង្ករ) ក្នុងមួយថ្ងៃ សម្រាប់មនុស្សពីរនាក់ដដែរ។ ក្រុមបុកស្រូវមាន ៣កង ហើយក្នុងមួយកងមានគ្នា៦នាក់។ ការងាររបស់ ហៀក គឺចាប់ផ្តើមតាំងពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង ៩យប់ ។
ក្រុមរបស់ ហៀក ធ្វើការហត់នឿយជារៀងរាល់ថ្ងៃ ប៉ុន្តែរបបអាហារគឺបានត្រឹម បបរ ជាមួយសម្លត្រកួន, ព្រលឹត និងដំឡូង។ នៅក្នុងសម័យខ្មែរក្រហម ហៀក បាត់បង់អ៊ំប្រុសម្នាក់ឈ្មោះ គឹមឡាយ។ អ៊ំប្រុសរបស់ ហៀក ធ្វើការងារជាពេទ្យយោធាសម័យ លន់ នល់។ ហៀក មិនបានដឹងថាអ៊ំរបស់គាត់ស្លាប់នៅកន្លែងណានោះទេ ប៉ុន្តែគាត់បានមើលឃើញកម្មាភិបាលខ្មែរក្រហម មកបណ្ដើរ គឹមឡាយ ចេញទៅ នៅឆ្នាំ១៩៧៥៕
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៧ ខែសីហា ២០២៤
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥