អៀរ ម៉ូលី៖ ជាប់ខ្នោះជើងនៅក្នុងព្រៃខ្មោច២យប់

(តាកែវ) អៀរ ម៉ូលី អាយុ៧១ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅសម័យខ្មែរក្រហម អង្គការបានជម្លៀស គ្រួសារ ម៉ូលី ឲ្យទៅធ្វើចម្ការ, រែកដី និងទប់ទំនប់ នៅស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅស្រុកស្ទឹងត្រង់ អង្គការបានបែងចែកការងារឲ្យ សមាជិកគ្រួសាររបស់ម៉ូលី ធ្វើខុសៗពីគ្នា។ កូនរបស់ ម៉ូលីពីរនាក់ ត្រូវអង្គការបញ្ជូនឲ្យទៅស្នាក់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងផ្សេងទៀត ហើយប្ដីរបស់គាត់ត្រូវធ្វើការនៅក្រៅសហករណ៍។ ជារៀងរាល់ថ្ងៃ ម៉ូលី ត្រូវក្រោកតាំងពីម៉ោង៥ព្រឹក ដើម្បីទៅរែកដី យកមកទប់ទំនប់។

នៅពេលព្រឹកអង្គការតម្រូវ​ឲ្យ ម៉ូលី លើកដីទប់ទំនប់ឲ្យបាន២ម៉ែត្រ ទើបអាចសម្រាកហូបបាយថ្ងៃត្រង់។ នៅពេលរសៀល អង្គការកំណត់ឲ្យ ម៉ូលី ២ម៉ែត្របន្ថែមទៀត ទើបអាចសម្រាកហូបបាយពេលល្ងាច។ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១យប់ ម៉ូលី ត្រូវកាប់ត្រាយព្រៃចេញ ដើម្បីយកកន្លែងកាប់ដី លើកទំនប់នៅថ្ងៃស្អែកបន្តទៀត។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ ម៉ូលី មានទម្ងន់កូនមួយទៀត។ នៅពេលទម្ងន់ជិតគ្រប់ខែ អង្គការបានប្ដូរឲ្យ ម៉ូលី កាន់ចន្លុះឲ្យប្រជាជនធ្វើការងារកាប់ព្រៃ និងច្រូតកាត់។ នៅពេលឆ្លងទន្លេរួចបាន១សប្ដាហ៍ អង្គការ ចាត់តាំង​ ម៉ូលី មើលក្មេងក្នុងភូមិ។ នៅពេលសម្រាលកូន​បាន ១ខែ ម៉ូលី ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការកាន់ចន្លុះបំភ្លឺឲ្យប្រជាជនច្រូតស្រូវ និងកាប់ព្រៃ។ នៅពេល ម៉ូលី ឆ្លងទន្លេបាន២ខែ  គាត់ត្រូវធ្វើការកាប់ឆ្ការព្រៃ និងទុកដីឲ្យក្រុមកងចល័តកាប់ដីយកទៅទប់ភ្លឺទំនប់។

ជាញឹកញាប់ ប្រធានក្រុមតែតែងធ្វើការទិតៀន ទៅលើម៉ូលី ព្រោះគាត់ធ្វើការងារយឺតជាងប្រជាជនផ្សេងទៀត។ លើសពីនេះទៅទៀត កម្មាភិបាលខ្មែរក្រហម បានចាប់ ម៉ូលី ដាក់ខ្នោះ​ជើងនិងទុកឲ្យនៅព្រៃខ្មោចចំនួនពីរយប់។ ម៉ូលី បាននិយាយទាំងទឹកភ្នែកថា នៅព្រៃខ្មោចមានសាកសពមនុស្សជាច្រើននាក់។ នៅពេល ម៉ូលី ជាប់ខ្នោះ អង្គការបានផ្ដល់អាហារ១ពេល និងទឹកមួយត្រឡោកដល់គាត់។

គ្រួសារ ម៉ូលី ត្រូវបានជម្លៀសចេញពី កន្លែងមួយ​ទៅកន្លែងមួយទៀត ក្នុងស្រុកស្ទឹងត្រង់ ដោយសារតែគាត់ធ្វើការមិនបានល្អ។ កន្លែងដែល ម៉ូលី ត្រូវ​ជម្លៀសទៅដល់មានដូចជា​ ភូមិជាំបេង, ភូមិលាប ភូមិ១៤ និងក្បែរៗស្រុកស្ទឹងត្រង់។ នៅពេលខ្មែរក្រហមដួលរលំ ម៉ូលី បានប្ដូរទីលំនៅមកនៅស្រុកព្រៃឈរវិញ និងប្រកបរបបធ្វើស្រែ។

នៅឆ្នាំ១៩៩៥ គ្រួសារ ម៉ូលី បានផ្លាស់មក​រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ រឿងរ៉ាវដែល ម៉ូលី ចងចាំមិនបានបំភ្លេចបាននៅក្នុងសម័យខ្មែរក្រហមគឺ ការឃុំឃាំងនៅក្នុងព្រៃខ្មោចចំនួនពីរយប់ និងនឹកអាណិតកូនដែលត្រូវបានប្រធានកងវាយធ្វើបាប ពេលស្នាក់នៅក្នុងកងកុមារ។

សម្ភាសដោយ ទុយ ដារ៉ា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin