កុមារដែលមិនស្ដាប់បង្គាប់ត្រូវវាយធ្វើបាប និងចាប់ឃុំឃាំងក្នុងទ្រុងជ្រូក

(តាកែវ)​ អែម សួន អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សួន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ មុនសម័យខ្មែរក្រហម សួន បានរៀបការ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។

ចូលដល់សម័យខ្មែរក្រហម កូនស្រីរបស់ សួន បានលុងទឹកស្លាប់នៅពេលដែលចុះទៅលាងខ្លួន បន្ទាប់ពីបន្ទោរបង់រួច។ នៅពេលដែលកូនស្លាប់ សួន មិនបានដឹងដំណឹងភ្លាមៗនោះទេ ព្រោះគាត់ត្រូវនៅធ្វើការងារឲ្យអង្គការនៅក្នុងកងចល័ត ហើយកូនរបស់គាត់ឲ្យយាយនៅក្នុងភូមិមើលការខុសត្រូវ។ បន្ទាប់មកទៀត សួន បានពពោះ និងឆ្លងទន្លេបានកូនស្រីម្នាក់បន្ថែមទៀត ប៉ុន្តែកូនម្នាក់នោះធ្លាក់ខ្លួនឈឺ និងស្លាប់ បន្ទាប់ពីកូនកើតបាន២ខែកន្លះ។

សួន បានឲ្យដឹងថា អ្នកមានផ្ទៃពោះនៅក្នុងសម័យ ប៉ុល ពត អាចឈប់សម្រាក មុនពេលសម្រាលកូន ១សប្ដាហ៍ ហើយនៅពេលឆ្លងទន្លេរួច គឺអាចឈប់បាន៣ខែបន្ថែមទៀត។ ចំពោះរបបអាហារស្រ្តី ដែលទើបតែឆ្លងទន្លេរួច គឺបានបបរ ដូចប្រជាជនធម្មតា។ សួន បានបន្តថា គាត់មិនហ៊ានលួចមាន់ ឬក៏ដំណាំនៅក្នុងផ្ទះរបស់គាត់នោះទេ ព្រោះគាត់ខ្លាចអង្គការ យកទៅសម្លាប់ ប៉ុន្តែប្រសិនបើផ្លែដូងទំជ្រុះគឺអាចយកមកហូបបាន។

តាមសម្ដីរបស់ សួន គាត់មានអាយុ២៨ឆ្នាំ នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងវ័យ ២៨ឆ្នាំ សួន ត្រូវធ្វើការងារដូចជា រែកដីដំបូក, រែកដីយកទៅទប់ថ្នល់, ទប់ទំនប់នៅរដូវទឹកឡើង និងជីកប្រឡាយនៅម្ដុំអ្នកតាតែងតោង ខាងត្បូងភូមិ។ ការងាររបស់ សួន គឺត្រូវធ្វើចាប់ពីម៉ោង៧ព្រឹក និងឈប់សម្រាក នៅម៉ោង ៩យប់។ ជារៀងរាល់ថ្ងៃ សួន ទទួលបានរបបអាហារ ពីរពេលគឺ ពេលថ្ងៃ និងពេលយប់។ សួន បានរៀបរាប់ថា ពេលចេញទៅលើកប្រព័ន្ធ សួន ត្រូវសម្រាកនៅក្នុងកងចល័ត ប៉ុន្តែនៅពេលដែលធ្វើស្រែក្នុងសហករណ៍ គាត់អាចស្នាក់នៅជាមួយគ្រួសារបាន។

នៅក្នុងសម័យខ្មែក្រហម កុមារដែលមានអាយុចាប់ពី៨ឆ្នាំឡើង អង្គការតម្រូវឲ្យទៅសម្រាកនៅក្នុងកងកុមារប្រមូលផ្ដុំ។ នៅក្នុងកងកុមារប្រមូលផ្ដុំ សួន ធ្លាប់បានឃើញកម្មាភិបាលធ្វើទារុណកម្មក្មេងម្នាក់ ដោយសារតែមិនស្ដាប់តាមការណ៍ណែនាំរបស់អង្គការ និងលួចត្រឡប់ទៅផ្ទះជាច្រើនដង។ កុមារដែលលួចត្រលប់ទៅផ្ទះ ត្រូវបានអង្គការ ឃុំឃាំងនៅក្នុងទ្រុង ដូចជាសត្វជ្រូក ហើយវាយធ្វើបាប និងយកឈើ ឬក៏ដែក មកចាក់ចំខ្លួន របួសជាច្រើនកន្លែង។ សួនមានការអាណិតក្មេងម្នាក់នោះជាខ្លាំង ប៉ុន្តែគាត់មិនអាចជួយអ្វីបាន។ ពេលខ្មែរក្រហមដួលរលំ ឈ្មោះ ញុក បានដោះលែងក្មេងម្នាក់នោះ និងបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។

សម្ភាសន៍ដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៧ ខែសីហា ២០២៤

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin