អ្នកឡើងត្នោតសម័យខ្មែរក្រហម

(ខេត្តស្វាយរៀង)៖ ហាំ ឈួន មានអាយុ ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឈួន មានឪពុកឈ្មោះ ហាំ ឃុន និងម្តាយ​ឈ្មោះ ខៀវ ទាវ ហើយឈួន ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ២​នាក់)។ កាលពីកុមារភាព ឈួន រៀនសូត្របានត្រឹមថ្នាក់ទី៨ (សម័យសង្គមរាស្ត្រនិយម)។

ឈួន បានរៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ ក្នុងរបបនោះ គ្រួសារគាត់ត្រឹមតែត្រៀមសម្ភារសម្រាប់ភៀសខ្លួនព្រោះយោធាបដិវត្តន៍ខ្មែរក្រហម និងទាហាន លន់ នល់ បានប្រយុទ្ធគ្នាស្ទើរតែរាល់ថ្ងៃ។ នៅថ្ងៃខ្លះ ឈួន ត្រូវដាំបាយហូបនៅក្នុងរណ្តៅត្រង់សេក៏មានដែរ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជា រួមទាំងភូមិដែលឈួន រស់នៅត្រូវបានគ្រប់គ្រងដោយរបបខ្មែរក្រហម។ កម្មាភិបាលខ្មែរក្រហមនៅភូមិចំបក់កោង បានចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ មាសប្រាក់ គោក្របី និងស្រូវអង្ករពីប្រជាជនយកទៅដាក់ក្នុងសហករណ៍សម្រាប់ប្រើប្រាស់រួម​។ បន្ទាប់មក ឈ្លបខ្មែរក្រហមបានចាប់ផ្តើមចាត់តាំងការងារឱ្យ ឈួន ធ្វើស្រែប្រាំង។ ឈួន ត្រូវភ្ជួររាស់ដី ដើម្បីឱ្យកងនារីស្ទូង។ ក្រៅពីការងារនេះ ឈួន ក៏ត្រូវចាត់តាំងឱ្យឡើងគាបទឹកត្នោតឱ្យបានចំនួន ១៩ដើម ក្នុងមួយថ្ងៃ ដើម្បីយកទឹកត្នោតមករំងាស់ធ្វើស្ករសម្រាប់ផ្គត់ផ្គង់ផ្ទះបាយរួម។ នៅរដូវវស្សា ឈួន បន្តការងារក្នុងកងភ្ជួររាស់ ដោយមួយក្រុមមានសមាជិក ៣នាក់ ត្រូវភ្ជួរដីស្រែឱ្យបាន ១ហិកតា ក្នុងមួយថ្ងៃ។ ក្រោយពេលភ្ជួររាស់រួច គាត់មានភារកិច្ចទទួលខុសត្រូវមើលថែគោ ដោយត្រូវដេញឱ្យស៊ីស្មៅ និងដឹកយកទៅចងទុកក្នុងក្រោល។ នៅពេលទំនេរពីការងារស្រែចម្ការ ឈួន ត្រូវបានអង្គការចាត់តាំងឱ្យវិញខ្សែគោ និងធ្វើបង្គីថែមទៀតផង។

ចំពោះរបបអាហារវិញ ក្នុងមួយថ្ងៃ ឈួន ទទួលបានតែ ២ពេលប៉ុណ្ណោះ គឺថ្ងៃត្រង់ និងល្ងាច ដោយអង្គការបានចែកបបរហូបជាមួយសម្លត្រកៀត ត្រកួន ឬដើមចេក ចំនួន ១កូនចាន សម្រាប់មនុស្សម្នាក់។

នៅឃុំឈើទាល ឈួន ធ្លាប់ឃើញផ្ទាល់ភ្នែកនូវសកម្មភាពដែលឈ្លបខ្មែរក្រហមនាំសមាជិកមួយគ្រួសារទៅសម្លាប់ ដោយចោទប្រកាន់ថាល្មើសវិន័​យ​របស់​អង្គការ។ ចំណែកពុទ្ធប្បដិមា និងព្រះវិហារនៅក្នុងវត្ត ត្រូវបានឈ្លបបង្ខំប្រជាជនឱ្យវាយបំផ្លាញចោល ហើយព្រះសង្ឃត្រូវបង្ខំឱ្យលាចាកសិក្ខាបទ ទៅធ្វើស្រែចម្ការដូចប្រជាជនដែរ។ នៅពេលរបបខ្មែរក្រហមដួលរលំ ឈួន ព្រមទាំងឪពុកម្តាយ និងបងប្អូន បានត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន ឈួន ប្រកបរបរជាកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺជំងឺលើសសម្ពាធឈាម​៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin