ហួត អ៊ីម៖ ប្រើឲ្យធ្វើការងារមួយយប់ដល់ភ្លឺ
ហួត អ៊ីម ហៅអ៊ិត អាយុ៦១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ អ៊ីម មានស្រុកកំណើតនៅភូមិត្រពាំងខ្នារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ៊ីមមានឪពុកឈ្មោះ ហួត និងម្ដាយឈ្មោះ អ៊ំ ព្រមទាំងមានបងប្អូនចំនួន៧នាក់។ អ៊ីម រៀបការជាមួយឈ្មោះ ប៊ុនហ៊ី និងមានកូនចំនួន៤នាក់។ កាលពីក្មេង អ៊ីម បានចូលរៀនដំបូងនៅថ្នាក់ទី១២(សង្គមចាស់) នៅសាលារង។ បន្ទាប់ពីរៀនបានមួយឆ្នាំ អ៊ីម បានឈប់រៀនដោយសារតែ លន់ នល់ ចាញ់សង្គ្រាម។
អំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៧០ អ៊ីម រស់នៅភូមិត្រពាំងខ្នារ។ នៅក្នុងភូមិរបស់អ៊ីម មានការទម្លាក់គ្រាប់បែក និងប្រយុទ្ធគ្នា ហើយគ្រួសាររបស់អ៊ីម ត្រូវចូលទៅលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់។ អ៊ីម បានឲ្យដឹងថា នៅក្នុងលេណដ្ឋាន មានបសេធ ចង់បាញ់បងប្អូនរបស់គាត់ ប៉ុន្តែត្រូវបានម្ដាយហាមឃាត់។ ការទម្លាក់គ្រាប់បែក បណ្តាលឲ្យផ្ទះរបស់ អ៊ីម ឆេះម្ខាងនិងខូចខាតសម្ភារផ្សេងៗ។
នៅក្នុងសម័យខ្មែរក្រហម អ៊ីម គឺជាប្រជាជនមូលដ្ឋាន។ អង្គការបានចាត់តាំង អ៊ីម ឲ្យចូលទៅរស់នៅក្នុងកងចល័ត ដើម្បីធ្វើការងារស្ទូង, ដក, ជញ្ជូនស្រូវ, បោកស្រូវ, រែកស្រូវ និងរែកដី។ អ៊ីម ចងចាំថា គាត់បានយំនៅពេលដែលគាត់ទៅរែកដីនៅព្រែកក្រាំងចាង ដោយសារតែអ្នកធ្វើការងារជាមួយគ្នាដាក់ដីស្អិតឲ្យគាត់ពេញបង្គីពេក រហូតដល់គាត់រែកមិនរួច។ មួយវិញទៀត នៅពេលដែល អ៊ីម ទៅរែកដីនៅ អូកូនត្រុំ ខេត្តកំពង់ស្ពឺ គាត់បានឃើញសត្វខ្លាដើរទាំងគូៗនៅក្នុងព្រៃ។
ពេលអ៊ីមធ្វើការងារនៅក្នុងកងចល័ត អង្គការមិនអនុញ្ញាឲ្យគាត់ មកលេងម្ដាយនៅផ្ទះនោះទេ។ ហេតុនេះហើយ គាត់ត្រូវលួចមកលេងម្ដាយនៅពេលយប់ និងត្រលប់ទៅធ្វើការវិញឲ្យទាន់ម៉ោងនៅពេលព្រឹក។ នៅពេលដែលអង្គការដឹង អ៊ីម ត្រូវទទួលពិន័យ, ឃុំឃាំង និងធ្វើការទាំងយប់។ អ៊ីម បានបន្ថែមថា នៅក្នុងកងពិសេស គាត់ត្រូវស្ទូងស្រូវ ឬក៏រែកដីមួយយប់ទល់ភ្លឺក៏មាន។
មុនពេលរបបខ្មែរក្រហមដួលរលំ អង្គការរៀបចំ អ៊ីម ឲ្យរៀបការរួមគ្នាជាមួយយុវជន៣៤គូផ្សេងទៀត។ ពេលរៀបការរួច អ៊ីម និងគ្រួសារ ខិតខំធ្វើការរហូតដល់ខ្មែរក្រហមចាញ់សង្គ្រាម។ បន្ទាប់ពីបែករបបខ្មែរក្រហម គ្រួសាររបស់អ៊ីម ចាប់ផ្ដើមប្រកបរបបធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ អ៊ីម បានយករឿងរ៉ាវដែលគាត់បានឆ្លងកាត់សម័យខ្មែរក្រហម ប្រាប់ទៅកូនរបស់គាត់ឲ្យបានដឹងពីការលំបាករបស់គាត់។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៨ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៤ ខែមេសា ២០២៥