សុខចិត្តស្លាប់ជាមួយប្ដី ប្រសិនបើអង្គការយកទៅសម្លាប់

(តាកែវ) អ៊ិន វណ្ណី អាយុ៦៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន វណ្ណី រស់នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ បន្ទាប់ពីខ្មែរក្រហម​ទទួលបានជ័យជម្នះ គ្រួសាររបស់ វណ្ណី ត្រូវជម្លៀសចេញពីភ្នំពេញ ទៅកាន់ខេត្តតាកែវ (ស្រុកកំណើតរបស់ប្ដីគាត់)។

នៅក្នុងសហករណ៍ វណ្ណី និងប្ដីរបស់គាត់បានសន្យាគ្នាថា “ស្លាប់ជាមួយគ្នា” ប្រសិនបើអង្គការយកអ្នកណាម្នាក់ទៅសម្លាប់។ នៅយប់មួយ វណ្ណី បានឮដំណឹងអំពីការយកមនុស្សម្នាក់ទៅសម្លាប់។ ពេលឮដូច្នេះ វណ្ណី មានការព្រួយបារម្មណ៍អំពីប្ដីរបស់គាត់យ៉ាងខ្លាំង ព្រោះយប់នោះអង្គការបានស្នើឲ្យប្ដីរបស់គាត់ទៅជួយរែកកណ្ដាប់ រហូតដល់យប់អាធ្រាត្រដូចគ្នា។

វណ្ណី បានសម្រេចចិត្តទៅសួរប្រធានកងឈ្មោះ មើយ អំពីដំណឹងប្ដី។ បើតាមសម្ដីរបស់ វណ្ណី គាត់បាននិយាយទៅកាន់ប្រធានកងទាំងទឹកភ្នែកថា “ឲ្យយកគាត់ទៅជាមួយផង ប្រសិនបើយកប្ដីរបស់គាត់ទៅសម្លាប់។” ប្រធានកងបានឲ្យ វណ្ណី ត្រលប់មកចាំប្ដីនៅផ្ទះវិញ ព្រោះអង្គការពិតជាយកប្ដីរបស់គាត់ទៅធ្វើការមែន។ វណ្ណី បានដឹងអំពីការយកប្រជាជនថ្មីទៅសម្លាប់តាមរយៈការខ្សឹបប្រាប់ពីសំណាក់​ប្រជាជនមូលដ្ឋាន។

មកដល់សហករណ៍ វណ្ណី និងគ្រួសារត្រូវធ្វើការងារបែកពីគ្នា។ នៅពេល វណ្ណី ធ្វើការងារច្រូតស្រូវ នៅក្នុងសហករណ៍ ប្ដីរបស់គាត់ត្រូវចុះទៅធ្វើការងារជីកត្រពាំងនៅក្រៅសហរកណ៍។ នៅពេល វណ្ណី ចេញទៅធ្វើការងារជីកប្រឡាយ ប្ដីរបស់គាត់ត្រូវធ្វើស្រែ រែកសំណាប និងភ្ជួររាស់ ក្បែរៗសហករណ៍។ ក្នុងរយៈពេល ២ ទៅ៣ខែម្ដង អង្គការបានអនុញ្ញាតឲ្យ វណ្ណី ជួបជាមួយប្ដីម្ដង។ វណ្ណី ធ្វើការងារបែកពីគ្រួសាររហូតដល់ មានអាម្មណ៍ថាអៀនខ្មាស នៅពេលដែលបានជួបមុខគ្នាម្ដងៗ។

ក្រោយមកទៀត អង្គការបានជម្លៀស គ្រួសាររបស់ វណ្ណី ឲ្យទៅរស់នៅ និងធ្វើការងារនៅវត្តចំប៉ា។ គ្រួសាររបស់ វណ្ណី គឺជាប្រជាជនថ្មី ប៉ុន្តែគាត់ទទួលបានការចូលចិត្តពីប្រជាជនមូលដ្ឋាន ទាំងនៅក្នុងសហករណ៍ខ្វាវ និងវត្តចំប៉ា។ ប្រជាជនចាស់នៅក្នុងសហករណ៍ បានប្រាប់គ្រួសារវណ្ណី ឲ្យមានការប្រុងប្រយ័ត្នជាប្រចាំ ហើយពេលខ្លះមានលួចលាក់អាហារឲ្យគ្រួសារគាត់ហូបទៀតផង។​ នៅវត្តចំប៉ា វណ្ណី ធ្លាប់ឈឺម្ដង ប៉ុន្តែគាត់បានទទួលថ្នាំខ្មែរពីអ្នកមូលដ្ឋានហូប ដើម្បីព្យាបាលជំងឺ។

នៅពេលរបបខ្មែរក្រហមដួររលំ គ្រួសារវណ្ណីត្រលប់មករស់នៅឃុំព្រៃអំពកវិញ និងមិនត្រលប់ទៅភ្នំពេញ ទេ ព្រោះខ្លាចខ្មែរក្រហមចូលមកម្ដងទៀត។

សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin