បាត់បង់ដៃម្ខាង និងកូនស្រីម្នាក់ពេលរត់ភៀសខ្លួន

(តាកែវ) កើត ទង ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្ន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅក្នុងសម័យខ្មែរក្រហម អង្គការ បានប្រើឲ្យ ទង ធ្វើការងារ, កាប់ដី, រែកដីបាតត្រពាំង, រែកអាចម៍គោ និង កាប់ដើមទន្រ្ទានខែត្រដើម្បីយកមកលាយទុកធ្វើជាជីដាក់ស្រែ។ ក្រៅពីការងារខាងលើ ទង បានធ្វើការ ដកសំណាប និងស្ទូងស្រូវ។ មុនដំបូងអង្គការឲ្យគាត់ដកសំណាបឲ្យបាន១ផ្លូនក្នុងមួយព្រឹក។ ដោយសារ ទង បញ្ចប់​ការងារមុនផែនការ អង្គការ​ បានចាត់តាំងឲ្យគាត់​ដកឲ្យបាន​២ផ្លូន​ក្នុង​មួយ​ព្រឹកវិញ។ ទង ធ្លាប់បានចេញពីសហករណ៍ ហើយទៅស្ទូងស្រូវនៅសហករណ៍ទូកមាស។ ចំពោះការហូបអាហារវិញ ទន បានឲ្យដឹងថា គាត់ហូបមិនដែលបានឆ្អែតនោះទេ ប៉ុន្តែគាត់ក៏មិនហ៊ានសុំអង្គការបន្ថែមដែរ។ អង្គការ បានចែកបាយឲ្យក្នុងមួយក្រុម១ដុំតូច ហូបជាមួយសម្លព្រលឹត ត្រកួន ឬដំឡូងមី។ នៅពេលសម្រាកយប់ ទង មិនហ៊ាននិយាយស្ដីផ្ដេសផ្ដាសនោះទេព្រោះខ្លាចអង្គការយកទៅវាយចោល។

ក្រោយមកទៀត ទង និងអ្នកភូមិផ្សេងទៀត បានរត់ចេញពីភូមិ ដើម្បីគេចពីការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងទាហានវៀតណាម។ ទង បានរត់ចេញពីភូមិជាមួយកូន២នាក់ ចំណែកឯប្ដីរបស់គាត់បានបាត់ដំណឹង តាំងពីចេញទៅធ្វើជាយោធាខ្មែរក្រហម។ ទង បានបន្តថា គាត់បានរត់ពីភ្នំមួយ ទៅភ្នំមួយទៀត កាត់ព្រៃ និងឆ្លងទឹកដោយគ្មានគោលដៅ។ ទង និងកូនៗ បានរត់ទៅតាមអ្នកភូមិផ្សេងទៀត។ ពេលធ្វើដំណើរមានប្រជាជនខ្លះមិនឲ្យគ្រួសារ ទង ដើរតាមនោះទេ ដោយសារគាត់មានកូនតូចយំ។ កូនរបស់គាត់យំដោយសារឈឺ ព្រោះធ្វើដំណើរច្រើន។ នៅក្នុងព្រៃ ទង បានបង្កាត់ភ្លើងដើម្បីការពារកុំឲ្យសត្វខ្លាចូលមកខាំ។ ពេលមានភ្លៀងធ្លាក់ គ្រួសារ ទង មិនមានដំបូលជ្រកត្រឹមត្រូវនោះទេ គាត់ត្រូវនៅសើមខ្លួន។ នៅក្នុងព្រៃក៏មានអ្នកចិត្តល្អឲ្យកន្សែងមក ទង ដណ្ដប់ឲ្យបាត់រងា និងជូតខ្លួនពេលសើមដែរ។

រឿងដែល ទង បំភ្លេចមិនបាន គឺ ការបាត់ខ្លួនកូនស្រីរបស់គាត់ម្នាក់ឈ្មោះ ចាន់ធឿន អាយុប្រមាណ៤ឆ្នាំ នៅពេល​រត់គេចខ្លួន។ ទង បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានសុំក្បូនរបស់ប្រជាជនជិះដើម្បីឆ្លងចូលទៅទឹកដីថៃ។ ម្ចាស់ក្បូនបានអនុញ្ញាតឲ្យកូនរបស់ ទង ម្នាក់ទៅ ហើយកូនមួយទៀតនៅចាំខាងក្រោយ។ ពេលឆ្លងទៅដល់ម្ខាងគាត់បានឲ្យកូនឈ្មោះ ចាន់ធឿន នៅចាំសម្លៀកបំពាក់ ហើយគាត់ត្រលប់មកយកកូនម្នាក់ទៀត។ ពេលត្រលប់មកយកកូនមួយទៀត គ្រាប់កាំភ្លើងបានហោះមកចំកដៃរបស់គាត់ ហើយធ្លុះពីម្ខាងទៅម្ខាងទៀត។ អំឡុងពេលនោះ គឺមានសភាពចលាចលយ៉ាងខ្លាំង ព្រោះមានគ្រាប់បែកធ្លាក់ឮសូរគ្រាំងៗ ហើយគ្រាប់កាំភ្លើងឮសូរវេវៗ។ ចាន់ធឿន បានរត់ទៅតាមប្រជាជនផ្សេងទៀត ហើយបាត់ដំណឹងកូនស្រីរហូតមកដល់បច្ចុប្បន្ន។ បើតាមដំណឹងដែល ទង ទទួលបាន ចាន់ធឿន ត្រូវបានប្រជាជនថៃយកទៅនៅជាមួយប៉ុន្តែមិនដឹងនៅទីណា។

ក្រោយមកទៀត ទង បានត្រលប់មកស្រុកកំណើតវិញជាមួយកូនម្នាក់ទៀត។ ឲ្យតែរំឭកដល់សម័យខ្មែរក្រហម ទឹកភ្នែករបស់គាត់តែងតែស្រក់ចុះមក ព្រោះនឹករឭកដល់កូន។ អ្វីដែល ទង ស្រណោះកូនខ្លាំងបំផុត គឺពេលនៅក្នុងព្រៃ។ ចាន់ធឿន បានឲ្យ ទង សម្រាកលើអង្រឹង ហើយខ្លួនសុខចិត្តកាច់ស្លឹកស្លាដើម្បីក្រាលគេង។ ចំណែកដៃរបស់ ទង ដែលបានត្រូវគ្រាប់ធ្លុះពីម្ខាងទៅម្ខាងនេះគឺបានពិការរហូតមកដល់ពេលបច្ចុប្បន្ន។

សម្ភាសន៍ដោយៈ ទុយ តារា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី០២ ខែ១២ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin