ឃុន ស្រីមុំ៖ នៅតែឈឺចាប់ចំពោះរបបខ្មែរក្រហម

ឃុន ស្រីមុំ អាយុ៥៦ឆ្នាំ រស់នៅភូមិគុស ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុំ មានបងប្អូនចំនួន២នាក់ ដោយគាត់ជាកូនស្រីពៅ។ មុនរបបខ្មែរក្រហម គ្រួសាររបស់មុំ មានជីវភាពធូរធារ។ ម្ដាយរបស់គាត់ប្រកបរបបចងការប្រាក់ និងប្រវាស់គោ-ក្របី។

នៅឆ្នាំ១៩៧៥ មុំ មានអាយុ១០ឆ្នាំ។ អង្គការបានជម្លៀសម្ដាយ-ឪពុករបស់មុំ ឲ្យទៅរស់នៅភូមិឫស្សីស្រុក។ មូលហេតុនៃការជម្លៀស គឺដោយសារតែគ្រួសាររបស់ មុំ មានជីវភាពធូរធារ ហើយអង្គការចង់លុបបំបាត់របបអ្នកមាន។ នៅពេលដែលជម្លៀសចេញទៅ អង្គការបានប្រមូលទ្រព្យរបស់គ្រួសារមុំ ទាំងអស់។ លើសពីនេះទៅទៀត ម្ដាយ-ឪពុករបស់ មុំ ត្រូវទទួលរងនូវការធ្វើទារុណកម្ម ដោយត្រូវធ្វើការងារធ្ងន់ធ្ងរ ហើយឪពុករបស់ មុំ ត្រូវបានអង្គការចាប់ឃុំឃាំង និងធ្វើទារុណកម្មស្ទើរតែស្លាប់។

អំឡុងពេល២ឆ្នាំដំបូង មុំ មិនបានទៅរស់នៅជាមួយឪពុកម្ដាយនោះទេ គឺគាត់រស់នៅជាមួយជីដូនចាស់។ រហូតដល់ឆ្នាំ១៩៧៨ អង្គការបានបញ្ជូនមុំឲ្យទៅរស់នៅក្បែរឪពុក-ម្ដាយ។ នៅសហករណ៍ អង្គការចាត់តាំង មុំ ឲ្យធ្វើការងារនៅក្នុងកងកុមារនៅក្នុងភូមិ។ មុំ បានឲ្យដឹងថា គាត់ត្រូវធ្វើការងារហួសកម្លាំង ហូបមិនបានគ្រប់គ្រាន់ និងខ្វះភាពកក់ក្ដៅពីគ្រួសារ។

នៅដើមឆ្នាំ១៩៧៩ ម្ដាយ-ឪពុករបស់មុំ បានចូលទៅយកសម្ភារខ្លះៗនៅក្នុងសហករណ៍ និងនាំមុំរត់ភៀសខ្លួនទៅទិសខាងលិច ដើម្បីគេចពីកងទ័ពវៀតណាម។ គ្រួសាររបស់ មុំ សម្រេចចិត្តធ្វើដូច្នេះ ដោយសារតែគាត់ជឿតាមការឃោសនារបស់ខ្មែរក្រហមថា កងទ័ពវៀតណាមចូលមកវះពោះប្រជាជន។ គ្រួសាររបស់ មុំ ត្រូវរត់គេចរហូតដល់ កងទ័ពវៀតណាមជិះរថក្រោះ និងយន្តហោះតាមទាន់ និងឲ្យប្រជាជនទាំងអស់ត្រលប់ទៅផ្ទះវិញ។ គ្រួសាររបស់ មុំ បានត្រលប់មករស់នៅក្នុងភូមិគុសវិញ។

ពេលត្រលប់មកវិញ គ្រួសាររបស់ មុំ ត្រូវចាប់ផ្ដើមរកស៊ីពីបាតដៃទទេឡើងវិញ។ គ្រួសាររបស់ មុំ ធ្វើការរកប្រាក់ដើម្បីមកចិញ្ចឹមជីវិត និងព្យាបាលជំងឺរបស់ឪពុក-ម្ដាយ។ ឪពុក-ម្ដាយរបស់មុំ បានធ្លាក់ខ្លួនឈឺគ្រាំគ្រាជាបន្តបន្ទាប់រហូតដល់ស្លាប់ ដោយសារតែការធ្វើទារុណកម្មរបស់ខ្មែរក្រហម។ ក្រោយមកទៀត បងប្រុសរបស់មុំ បានស្លាប់ទៅម្នាក់ទៀត។

នៅពេលដែលអ្នកស្ម័គ្រចិត្តទៅសម្ភាស មុំ បានឲ្យដឹងថា គាត់នៅតែមានការឈឺចាប់នៅពេលដែលនឹកឃើញរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហម។ ជាពិសេស ឈឺចាប់នៅពេលដែលបានឃើញកម្មាភិបាលខ្មែរក្រហមដែលធ្លាប់ធាក់គាត់ធ្លាក់ប្រឡាយ និងកម្មាភិបាលខ្មែរក្រហមដែលប្រមូលទ្រព្យសម្បត្តិរបស់គាត់រស់នៅសុខស្រួល មានជីវភាពល្អប្រសើរជាងគាត់។ ភាពឈឺចាប់ដែលដក់នៅក្នុងចិត្តរបស់ មុំ នេះហើយបានធ្វើឲ្យគាត់មានជំងឺលើសសម្ពាធឈាម, ឈាមខាប់, សម្ពាធបេះដូង និងខូចប្រឹសបេះដូង។ ពេទ្យ បានណែនាំឲ្យស្រីមុំ ធ្វើចិត្តឲ្យសប្បាយរីករាយ។

សម្ភាសដោយ៖ សៀង កញ្ញា ថ្ងៃទី០៣ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៨ ខែមីនា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin