ឪពុកស្លាប់ដោយសារការអត់ឃ្លាន
(តាកែវ) គឹម ហួន អាយុ៦២ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហួន គឺជាប្រជាជន១៧ មេសា ជម្លៀសចេញពីទីក្រុងភ្នំពេញ ចូលទៅរស់នៅក្នុងភូមិព្រៃលៀប ស្រុកគីរីវង់ តំបន់១០៩។ ប្រជាជន១៧ មេសា ដូចជាគ្រួសារ ហួន មិនអាចរស់នៅភូមិព្រៃលៀបបានទេ គឺត្រូវទៅរស់នៅភូមិខ្វាវ។
នៅភូមិខ្វាវ ហួន ចូលធ្វើការងារនៅក្នុងសហករណ៍ តាមការចាត់តាំងរបស់ប្រធានក្រុម។ នៅរដូវវស្សា ហួន ត្រូវដកសំណាបឲ្យបាន ១ផ្លូននៅពេលព្រឹក និងស្ទូងឲ្យបាន ៥ដំបនៅពេលថ្ងៃ។ ហួន ត្រូវធ្វើការងារឲ្យគ្រប់តាមការកំណត់របស់អង្គការ បើមិនដូច្នេះទេ នឹងមិនទទួលបានរបបអាហារប្រចាំថ្ងៃឡើយ។ ចូលដល់រដូវប្រាំង អង្គការបានឲ្យ ហួន ធ្វើការងារជីកប្រឡាយ និងលើកទំនប់។
ក្នុងមួយថ្ងៃអង្គការកំណត់ឲ្យប្រជាជនហូបបបរពីរពេលគឺ ថ្ងៃត្រង់ និងល្ងាច ហើយក្នុងមួយពេលទទួលបានបបរ៣វែក។ នៅរដូវប្រមូលផល អង្គការបានរៀបចំដាំបាយឲ្យប្រជាជន ប៉ុន្តែនៅតែមិនគ្រប់គ្រាន់នោះឡើយ។ ដើម្បីដោះស្រាយនូវការស្រេកឃ្លាន ហួន រួមទាំងប្រជាជនផ្សេងទៀត បានប្រមូលកន្ទក់ ហូបបន្ថែម។ ប្រជាជនផ្សេងទៀតបានលួចបូតស្រូវទុំក្នុងស្រែហូបបន្ថែមក៏មាន។
ហួន រស់នៅតំបន់១០៩ បានមួយរយៈ អង្គការបានបញ្ជូនក្រុមគ្រួសារគាត់ឲ្យទៅរស់នៅ និងធ្វើការងារនៅតំបន់១០៥។ នៅតំបន់១០៥ ហួន បាត់បាត់បង់ឪពុកម្នាក់ និងបងប្រុសម្នាក់។
ហួន គិតថាឪពុករបស់គាត់ស្លាប់ដោយសារគ្មានអាហារហូប។ ចំពោះមូលហេតុដែល ហួន គិតដូច្នេះ មកពីពេលដែលគាត់ត្រលប់ពីហូបអាហារនៅរោងបាយ គាត់បានឃើញឪពុករបស់គាត់ដេកស្លាប់នៅក្នុងខ្ទម ហើយនៅក្នុងមាត់មានបៀមគល់សាគូក្រហម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហួន បានបាត់បង់សមាជិកគ្រួសារចំនួន ៤នាក់ រួមមាន លោកឪពុក និង បងប្រុស៣នាក់ ឈ្មោះ មាស, ប្រាក់ និងចាន់។ បងប្រុសឈ្មោះ មាស ត្រូវបានខ្មែរក្រហមបាញ់សម្លាប់នៅសម័យ លន់ នល់ ហើយម្នាក់ទៀតស្លាប់នៅឆ្នាំ១៩៧៥។ បងប្រុសដែលស្លាប់នៅឆ្នាំ១៩៧៥ គឺដោយសារតែគាត់រត់ចេញទៅវៀតណាម ហើយខ្មែរក្រហមចាប់បានយកគាត់មកបាញ់សម្លាប់នៅភ្នំខាងកើត។
នៅពេលដែលអ្នកស្ម័គ្រចិត្ដចុះទៅសម្ភាស ហួន បានឲ្យដឹងថាគាត់នៅតែនឹកឃើញរឿងរ៉ាវដែលគាត់បានឆ្លងកាត់របបខ្មែរក្រហម។ លើសពីនេះទៅទៀត ហួន បានសុបិនឃើញអង្គការប្រើឲ្យដាំដំឡូង និងមិនឲ្យអាហារគាត់ហូប។
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៣ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៩ មករា ២០២៥