គឹម ស្រ៊ី៖ ខ្ញុំបានឮសំឡេងវាយ និងសម្រែកឈឺចាប់របស់មនុស្ស
(តាកែវ) គឹម ស៊្រី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ស៊្រី គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ស៊្រី រស់នៅជាមួយម្ដាយឪពុក និងធ្វើការនៅក្នុងកងកុមារ។
ការងាររបស់ក្មេងៗគឺបោចរពាក់យកមកធ្វើបង្គី ដើររើសអាចម៍គោ និងកាប់ដើមពារានគរយកទៅដាក់ក្នុងរណ្ដៅ និងយកជីដែលលាយរួចក្នុងរណ្ដៅទៅបាចក្នុងស្រែ។
ចំពោះរបបអាហារ ស្រ៊ី បានឲ្យដឹងថា អង្គការចែកបបរឲ្យពីរពេលក្នុងមួយថ្ងៃ។ របបអាហារដែលទទួលបានក្នុងមួយពេលគឺ បបររាវពីរវែក ជាមួយសម្លរមួយវែក។ លើសពីនេះទៅទៀត នៅពេលដែលមិនមានអង្ករ អង្គការបានចែកដំឡូងឲ្យមួយមើមក្នុងមួយពេល។
នៅឆ្នាំ១៩៧៧ ស៊្រី ដល់អាយុត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំ។ នៅកងកុមារប្រមូលផ្ដុំ ដែលស្រ៊ី ទៅរស់នៅដំបូង គឺនៅ តាអូព្រៃស្លា ហើយក្រោយមក អង្គការជម្លៀសឲ្យទៅរស់នៅ ព្រៃជើង(ក្បែរភ្នំ)។
នៅព្រៃជើង ស្រ៊ី បានឮសម្លេង វាយមនុស្ស និងសម្រែករបស់មនុស្ស ដែលអង្គការវាយសម្លាប់នៅក្បែរភ្នំ។ ស្រ៊ី បានឲ្យដឹងថាអ្នកដែលស្រែគឺជាប្រជាជនកម្ពុជាក្រោម ដែលអង្គការចាប់បាន។ បើតាមសម្ដីរបស់ ស្រ៊ី គាត់មិនបានឃើញការសម្លាប់មនុស្សផ្ទាល់ភ្នែកនោះទេ។
ក្រោយមកនៅពេលដែលមានកងទ័ពវៀតណាមចូលមក ស៊្រី បានរត់ទៅជួបឪពុកម្ដាយវិញនៅភូមិព្រៃលៀប។ សព្វថ្ងៃនេះ ស៊្រី មានជំងឺក្រពះពោះវៀន និងមិនស្រួលក្នុងខ្លួន។ ជំងឺរបស់ ស្រ៊ី គឺបណ្ដាលមកពីការធ្វើការងារធ្ងន់របស់គាត់នាពេលបច្ចុប្បន្ន។ ស៊្រី នៅតែមានអារម្មណ៍ខឹងជាមួយរបបខ្មែរក្រហម ដែលធ្វើបាបប្រជាជន និងមិនឲ្យប្រជាជនហូបឆ្អែត។
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១០ សីហា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៧ មករា ឆ្នាំ២០២៥