លេង ស៊្រឹម៖ ស្លាប់កូន៦នាក់នៅក្នុងសម័យខ្មែរក្រហម
(តាកែវ) លេង ស៊្រឹម អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តព្រៃវែង។ នៅអាយុ១៦ឆ្នាំ ស៊្រឹម បានរៀបការបង្កើតគ្រួសារនៅភូមិព្រៃលៀប។
នៅសម័យ លន់ នល់ ស៊្រឹម រស់នៅជុំគ្រួសារធម្មតា មិនបានជម្លៀសទៅភូមិផ្សេងនោះទេ។ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នារវាង លន់ នល់ ជាមួយយុវជនស្ម័គ្រចិត្តក្នុងព្រៃ ប្ដីរបស់ ស៊្រឹម បានជីកត្រង់សេនៅក្រោយផ្ទះដើម្បីលាក់ខ្លួន។
ឈានចូលដល់សម័យខ្មែរក្រហម អង្គការបានប្រើឲ្យ ស៊្រឹម ធ្វើការងារដាក់បាយជ្រូក, ធ្វើស្រែ, ស្ទូង ដក និងច្រូត នៅរដូវធ្វើស្រែ ចំណែកឯនៅរដូវប្រាំងគាត់ត្រូវ ជីកប្រឡាយ និងលើកទំនប់។ លើសពីនេះទៅទៀត ស៊្រឹម ត្រូវធ្វើការងារបុកស្រូវ យកអង្កឲ្យបាន១០កញ្ជើក្នុងមួយថ្ងៃ។ នៅសម័យខ្មែរក្រហម ស៊្រឹម បានពរពោះ និងឆ្លងទន្លេកូនជាច្រើននាក់។ ស៊្រឹម បានឲ្យដឹងថា អង្គការឲ្យស្ដ្រីពរពោះទាំងអស់ឈប់ធ្វើការងារមុនសម្រាលកូនរយៈពេល១ខែកន្លះ ហើយបន្ទាប់ពីសម្រាលរួចគឺមើលតាមសុខភាពរបស់ម្ដាយ។
នៅពេលសម្រាកកូនរួច អង្គការបានចាត់ចែកឲ្យឈ្មោះ ប៉ាន យកម្ហូបអាហារប្រចាំថ្ងៃមកចែកឲ្យស្ដ្រីដែលដើរមិនរួច។ ស៊្រឹម បានបន្តថា របបអាហារដែលគាត់ទទួលបានគឺបបរលាយជាមួយពោត និងសម្លរបន្លែត្រកួន ននោង និងស្លឹងកន្ទ្រុំ លាយជាមួយក្ដាម និងសាច់បន្តិចបន្តួច ដូចប្រជាជនទូទៅ។
បើតាមសម្ដីរបស់ ស៊្រឹម ស្ដី្រភាគច្រើនដែលឆ្លងទន្លេរួច កើតមានអាការៈហើម និងទាស់ដោយសារតែរបបអាហារ និងមិនមានថ្នាំព្យាបាល។ ដោយមើលឃើញពីស្ថានភាពដូច្នេះ អង្គការបានប្រជុំ និងរៀបចំឲ្យដាំបាយ ធ្វើម្ហូបខត្រី ឲ្យស្ដ្រីដែលទើបសម្រាលកូន។ នៅពេលដែលសុខភាពបានល្អប្រសើរជាងមុន អង្គការបានប្រើ
ស៊្រឹម ឲ្យមើលក្មេងៗ ហើយបន្ទាប់មកគឺធ្វើស្រែធម្មតាដូចប្រជាជនផ្សេងទៀត។
នៅក្នុងសម័យខ្មែរក្រហមកូនរបស់ ស៊្រឹម ចំនួន៦នាក់បានស្លាប់។ ក្នុងចំណោម ៦នាក់ មាន ៣នាក់ស្លាប់បន្ទាប់ពីសម្រាលរួច ហើយកូន២នាក់ស្លាប់នៅក្នុងពោះ ដោយសារធ្វើការងារធ្ងន់ធ្ងរ និងកូនម្នាក់ទៀតស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ន កូនរបស់ ស៊្រឹម មាន៦នាក់ ហើយកូនដែលនៅរស់គឺកើតមុនសម័យខ្មែរក្រហម និងក្រោយសម័យខ្មែរក្រហម៕
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥