លួស ម៉ៅ៖ នៅតែនឹកឃើញប្អូនដែលបាត់ដំណឹង

លួស ម៉ៅ អាយុ៧៣ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ម៉ៅ មានកូន៣នាក់(ស្រី២នាក់) ក្នុងនោះកូនរបស់គាត់២នាក់ បានស្លាប់ដោយសារខ្វះខាតអាហារហូប និងកើតជំងឺកញ្ជ្រិល។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ម៉ៅ នៅសល់កូនស្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីគាត់រៀបការម្ដងទៀត ម៉ៅ ទទួលបានកូន៣នាក់បន្ថែមទៀត។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ម៉ៅ មិនមានជំងឺប្រចាំការនោះទេ ប៉ុន្តែគាត់ខ្វះខាតអាហារហូបចុក ព្រោះជីវភាពគ្រួសាររបស់គាត់ក្រីក្រ។ ខាងក្រោមនេះគឺជារឿងរ៉ាវដែល ម៉ៅ ចងចាំ និងមិនអាចបំភ្លេចបាន៖

នៅក្នុងសម័យសង្គ្រាម ប្រជាជនទាំងអស់ នៅក្នុងភូមិ មិនអាចរស់នៅផ្ទះនោះទេ ព្រោះមានការទម្លាក់គ្រាប់បែក និងការដុតផ្ទះប្រជាជន។ មុនពេលជម្លៀសប្រជាជនចេញពីភូមិ មានការបោះត្រាក់ប្រាប់ប្រជាជនជាមុន។ ក្នុងពេលធ្វើដំណើរ ប្រសិនបើប្រជាជនមិនពេញចិត្តជាមួយការជម្លៀស គឺត្រូវរត់ចូលទៅឲ្យទាហានជួយ ប៉ុន្តែបើទៅតាមការរៀបចំ គឺត្រូវស្នាក់នៅក្នុងវត្តជលសារ។ ម៉ៅ រៀបរាប់ថា ប្រជាជនដែលជម្លៀសចេញពីភូមិ គឺត្រូវធ្វើការងារ និងហូបចុកដោយខ្លួនឯង ព្រោះអង្គការមិនទាន់គ្រប់គ្រងនោះទេ។

ចូលដល់សម័យ ប៉ុល ពត អង្គការចាត់តាំង ម៉ៅ ឲ្យធ្វើការងារដូចជា រែកដី, រើសអាចម៍គោ, កាប់ដំបូក, ធ្វើជី និងធ្វើស្រែ។ នៅពេល ម៉ៅ ចេញទៅបោចស្មៅស្រែនៅកំពង់អំពិល កំពង់ចោល គាត់បានជួបប្អូនឈ្មោះ សួន។ ម៉ៅ បាននិយាយទាំងអួលដើមកថា សួន ធ្វើការងារនៅក្នុងកងភ្ជួរ។ ជាញឹកញាប់ ម៉ៅ បានឲ្យប្អូនឈ្មោះ ហុក ទៅយកត្រីពី សួន ព្រោះនៅពេលគាត់រកត្រីបាន តែងប្រលាក់ទុកឲ្យគ្រួសារ។ នៅថ្ងៃមួយ ហុក បានទៅយកត្រីដួចរាល់ដង ប៉ុន្តែមិនបានជួប សួន នោះទេ ហើយនៅពេលសួរទៅអ្នកភូមិក្បែរនោះ ក៏បានទទួលដំណឹងថា អង្គការជម្លៀសកងភ្ជួរទៅទិសខាងត្បូងបាត់ទៅហើយ។ ចាប់តាំងពីពេលនោះមក ម៉ៅ មិនដែលជួប សួន ទៀតទេ។

នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស ម៉ៅ បានឲ្យដឹងថាគាត់មានជីវភាពក្រលំបាក។ ចំណូលរបស់ ម៉ៅ ជាធម្មតាបានមកពីការលក់បបរនៅសាលារៀនបន្តិចបន្តួច ប៉ុន្តែនៅពេលជំងឺកូនវីដ១៩មកដល់ គាត់មិនអាចលក់បបរបានទៀតទេ ហើយកូនៗរបស់គាត់ក៏រកប្រាក់មិនសូវបានដូចគ្នា។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៥ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី៣០ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin