កូនរបស់ខ្ញុំពីរនាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម

(តាកែវ) ៖ ម៉ៅ ស៊ាង ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គាត់បានចងចាំមិនភ្លេចអំពីទុក្ខលំបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ជារបបមួយដ៏សែនឃោរឃៅព្រោះបានសម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ អង្គការបានប្រើឲ្យគាត់ធ្វើការហួសពីសមត្ថភាព និងហួសពីកម្លាំងដែលគាត់អាចទ្រាំទ្របាន ការហូបបាយក៏ហូបមិនបានគ្រប់គ្រាន់។

ការធ្វើការងារ

នៅក្នុងរបបនោះគាត់មានតួនាទីជាកសិករ ធ្វើស្រែចម្ការ ស្ទូងស្រូវ ច្រូតស្រូវ ជីកព្រែក រៀបចំប្រព័ន្ធប្រឡាយ។ នៅក្នុងពេលមួយថ្ងៃ គាត់ធ្វើការប្រហែលជាប្រាំបួនម៉ោង។ អង្គការឲ្យសម្រាកនៅម៉ោង១១ថ្ងៃត្រង់ដើម្បីហូបបាយ រហូតដល់ម៉ោងពីររសៀលត្រូវចេញទៅធ្វើការបន្ត។ ទីតាំងដែលគាត់ធ្វើការនៅពេលនោះ ស្ថិតនៅក្នុងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

កាលពីរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា៣០ឆ្នាំ។ ជំនាន់នោះឈ្លបភូមិបានចាប់ចងស្លាបសេកឪពុកចុងរបស់គាត់។ ដោយមានការភ័យខ្លាចពីការចាប់យកទៅសម្លាប់ នៅពេលដែលកងឈ្លបបណ្ដើរទៅសាលាឪពុកចុងរបស់គាត់បានច្រានកងឈ្លបឲ្យដួល ហើយឪពុកចុងគាត់បានរត់គេចខ្លួនចេញពីតំបន់នោះ។ បន្ទាប់មក កងឈ្លបបានចាប់ម្ដាយ ព្រមទាំងប្អូនរបស់គាត់យកទៅឃុំខ្លួននៅសាលាសំណាក់។

នៅទីនោះមានសុទ្ធតែកងឈ្លបភូមិនៅព័ទ្ធជុំវិញ។ ការដែលកងឈ្លបចាប់សមាជិកគ្រួសាររបស់គាត់ទៅនោះ គឺគាត់មិនបានដឹងអំពីមូលហេតុឡើយ មិនដឹងថាគ្រួសាររបស់គាត់បានសាងកំហុសអ្វីនោះទេ។

ការរើសអើង

ដោយសារតែគាត់មានប្រវត្តិជាប់ពាក់ព័ន្ធនឹងឪពុកចុងរបស់គាត់ កងឈ្លប ព្រមទាំងប្រជាជនមូលដ្ឋានមួយចំនួនមានការរើសអើងចំពោះគាត់។ ថ្វីត្បិតតែមិនបានវាយដំទៅលើរូបគាត់ ប៉ុន្តែនៅពេលដែលបរិភោគអាហារគាត់មិនហ៊ានងើបមុខឡើងមើលមុខប្រជាជនផ្សេងទេ ព្រោះអ្នកទាំងអស់នោះមិនមានការរាក់ទាក់ជាមួយគាត់។ ថ្ងៃខ្លះគាត់មិនបានទទួលបាយ ឬបបរសម្រាប់បរិភោគទេ ព្រោះមិនមានអង្ករសម្រាប់ដាំ។ គាត់បាននិយាយថា៖

«ថ្ងៃណាមួយនោះដាច់ពេល ដាច់ពេលហាស៎! មានតែសម្លម្ជូរសាច់គោមួយចាន គ្នាមួយវង់ហ្នឹង! ហើយចេកស្ងោរយើងហ្នឹង ដូច២ម្នាក់ អីក៏៤មិនដឹងទេ។ អាហ្នឹងដាច់បាយហ្មង! កាលណាដាច់បាយចឹង បបររាវៗទៅចុងខែហាស៎ អត់មានបាយអីគ្រប់គ្រាន់ចប់ចុងចប់ដើមទេ»

ព្រោះតែមិនមានរបបអាហារបរិភោគបានគ្រប់គ្រាន់ និង មិនមានការមើលថែបានដិតដល់កូនប្រុស-ស្រីរបស់គាត់ពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ។ ក្មេងតូចៗនៅពេលដែលឪពុកម្ដាយចេញទៅធ្វើការ កងឈ្លបបានឲ្យយកក្មេងៗទៅផ្ញើជាមួយនឹងយាយៗដែលគាត់មានអាយុច្រើន ជួយមើលថែជំនួស ចប់ម៉ោងធ្វើការទើបឲ្យយកត្រឡប់មកវិញ៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin