ខ្មែរក្រហមបានកុហកប្រជាជនដែលរត់គេចខ្លួននៅប្រទេសឡាវ
(រតនគិរី)៖ មីរ រួន មានអាយុ ៥៦ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រឡប់ពីប្រទេសឡាវមករស់នៅក្រោមរបបប្រល័យពូជសាសន៍ ដោយសារការកុហករបស់ខ្មែរក្រហម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស នៅពេលនោះក្រុមគ្រួសាររបស់ មីរ រួន ដែលកំពុងរស់នៅប្រទេសឡាវ ត្រូវបានខ្មែរក្រហមកុហកថាប្រទេសជាតិមានសន្តិភាពឡើងវិញបន្ទាប់ពីរបបលន់នល់ បានដួលរលំ តែការពិតគាត់ត្រូវរស់នៅយ៉ាងលំបាកវេទនា។ ក្រុមគ្រួសាររបស់គាត់បានត្រឡប់មកប្រទេសកម្ពុជាតាមផ្លូវទឹក ដោយជិះក្បូនតូចមួយរហូតដល់ស្រុកវើនសៃ និងបន្តដំណើរតាមរថយន្តទៅខេត្តកំពង់ចាម។
នៅពេលគាត់ទៅដល់ខេត្តកំពង់ចាម ខ្មែរក្រហមចាប់ផ្តើមបំបែកបំបាក់គាត់ចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបែងចែកប្រជាជនឲ្យធ្វើការ និងរស់នៅទៅតាមភេទ និងវ័យ។
នៅអាយុប្រហែល៧ឆ្នាំ ខ្មែរក្រហមបញ្ជាឲ្យគាត់ដើរប្រមូលលាមកសត្វតាមវត្តអារាម ដើម្បីធ្វើជីសម្រាប់ដាក់តាមស្រែចម្ការ។ នៅសម័យនោះគាត់ក៏បានសិក្សារៀនសូត្របន្តិចបន្តួចផងដែរ។
ចំណែកមនុស្សដែលមានវ័យចំណាស់វិញ ត្រូវនៅផ្ទះមើលថែក្មេងតូចៗ ដែលឪពុកម្តាយរបស់គេត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើពលកម្មធ្ងន់ៗ មានដូចជា ធ្វើស្រែ កាប់ដី ជីកប្រឡាយ លើកភ្លឺស្រែ និងនារីវ័យជំទង់ត្រូវទៅធ្វើម្ហូបអាហារនៅចង្ក្រានបាយ។
អាហារនៅសម័យនោះមានតែបបររាវ និងជួនកាលខ្មែរក្រហមចែកបាយឲ្យហូបម្តងក្នុងមួយសប្តាហ៍។ បន្ទាប់មកទៀត មានតែបបរលាយជាមួយបន្លែនិងសាច់ត្រីបន្តិចបន្តួចប៉ុណ្ណោះ។
ចំណែកវប្បធម៌ប្រពៃណីបុរាណត្រូវបានខ្មែរក្រហមហាមប្រាម និងលុបបំបាត់។ វត្តអារាមត្រូវបានបំផ្លាញ និងក្លាយជាក្រោលគោ រីឯព្រះសង្ឃត្រូវបានចាប់ផ្សឹក និងត្រូវទៅធ្វើការងារតាមស្រែចម្ការ។
ការរស់នៅក្រោមរបបខ្មែរក្រហម គឺអាស្រ័យទៅលើប្រធានសហករណ៍នៅតាមសហករណ៍នីមួយៗ។ ដោយឡែកប្រធានសហករណ៍ខ្លះ មិនសូវជាមានភាពតឹងតែង និងមានចិត្តល្អចំពោះប្រជាពលរដ្ឋ ដូច្នេះការរស់នៅមិនសូវជាពិបាកខ្លាំងនោះទេ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ ១៩៧៩ មីរ រួន និងក្រុមគ្រួសារ ព្រមទាំងប្រជាជននៅក្នុងភូមិដែលរស់រានមានជីវិតពីរបបនោះ បានវិលត្រឡប់មកស្រុកកំណើតវិញ។ អ្នកទាំងអស់គ្នាបានធ្វើដំណើរចេញពីខេត្តកំពង់ចាមមកស្រុកវើនសៃដោយថ្មើរជើងអស់រយៈពេលជិតមួយឆ្នាំ។ នៅតាមផ្លូវគាត់បានចងចាំថា គាត់បានប្រទះឃើញសាកសពជាច្រើនដែលត្រូវបានបាត់បង់ជីវិតដោយសាររបបខ្មែរក្រហម៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤