ទោះបីជាឈឺល្មមៗ ក៏មិនហ៊ានប្រាប់ដែរ ពីព្រោះខ្លាចស្លាប់

 

 

(សៀមរាប) ៖ យិន យូរ មានអាយុ៧២​ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិប្រាសាទ ឃុំប្រាសាទ​ ស្រុកវ៉ារិន ខេត្តសៀមរាប។​ នៅពេល យិន​ យូរ​ រៀនដល់ថ្នាក់ទី៩ គាត់មានអាយុ១៨ឆ្នាំ​ ខណៈពេលនោះផងដែរគាត់ក៏បានបោះបង់ចោលការសិក្សា​ ហើយទៅធ្វើស្រែចម្ការ។

នៅក្នុងរបបខ្មែរក្រហម យិន យូរ គ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ គាត់បាននិយាយថាសម្រាប់អាហារគឺគេធ្វើបបរ​សម្រាប់មនុស្ស ​៤០នាក់ដោយដាក់អង្ករតែប្រាំកំប៉ុង ​ហើយពេលខ្លះក៏បន្ថែមដូចជាព្រលិតនិងត្រកួន។​ យិន យូរ បាននិយាយរៀបរាប់បន្ថែមទាក់ទងទៅនឹងការព្យាបាលជំងឺនៅសម័យនោះ។​ ដោយសារតែអាហារគ្មានជីវជាតិ ធ្វើការលើសដែនកំណត់ រស់នៅដោយគ្មានអនាម័យ ប្រជាជនភាគច្រើនបានកើតជំងឺជាច្រើនដូចជា ពុលអាហារ គ្រុនចាញ់។ល។​ ប្រជាជនឈឺត្រូវបានយកទៅពេទ្យដើម្បីព្យាបាលនៅក្នុងវត្តរបស់ស្រុកវ៉ារិន ខេត្ត​សៀមរាប។ យិន យូរ ក៏បានជម្រាបថា មានមនុស្សជាច្រើនបានស្លាប់មិនថាក្មេងឬចាស់ដោយសារការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវនឹងស្ដង់ដារបស់ពេទ្យវិទ្យាសាស្ត្រ​ គាត់បាននិយាយថាបើសិនជាឈឺល្មមៗ គាត់មិនហ៊ានប្រាប់ឲ្យគេដឹងទេពីព្រោះគាត់ខ្លាចស្លាប់។​ ថ្នាំដែលគ្រប់គ្នា​តែងតែស្គាល់នោះគឺថ្នាំអាចម៍ទន្សាយ និងថ្នាំដែលធ្វើចេញពីគ្រាប់ស្លែង រីឯសេរូមយកមកចាក់លើអ្នកជំងឺគឺធ្វើចេញពីទឹកដូង។​

យិន យូរ បានឃើញការរៀបអាពាហ៍ពិពាហ៍រៀបចំដោយអង្គការ។ នៅពេលរៀបអាពាហ៍ពិពាហ៍ម្ដងៗ អង្គការបានផ្សំផ្គុំយ៉ាងតិចណាស់ប្រាំគូនៅក្នុងទីស្នាក់ការរបស់ខ្មែរក្រហម។ ខ្មែរក្រហមចាប់គូដោយយកនារីនិងបុរសដែលមិនទាន់មានគូស្រករមករៀបការជាមួយគ្នា ហើយពេលខ្លះក៏ផ្សំផ្គុំជាមួយនឹងទាហានរបស់ខ្លួនឯងដែរ។ ទោះបីជាមិនចង់រៀបការក៏គ្មាននរណាហ៊ានបដិសេធដែរព្រោះខ្លាចអង្គការយកទៅសម្លាប់។

ថ្ងៃខ្លះយិន យូរ នឹកឃើញរឿងដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម ដែលធ្វើអោយគាត់មានអារម្មណ៍នៅតែខ្លាចសម័យកាលដ៏ងងឹតមួយនេះ។ បើសិនជាមាននរណាម្នាក់មកបបួល យិន យូរ ទៅកន្លែងណាមួយ គាត់មិនយល់ព្រមទៅជាមួយទេ ព្រោះគាត់ខ្លាចរបបខ្មែរក្រហមនោះកើតឡើងវិញ។

សព្វថ្ងៃ យិន យូរ មិនមានជំងឺអ្វីទេក្រៅពីសម្រាន្តមិនលក់និងមិនឃ្លានអាហារ។ ពេលខ្លះគាត់មានអារម្មណ៍ថាងងឹតមុខ ហើយពេលខ្លះគាត់គ្រុនក្តៅខ្លួនក៏មាន។ យិន យូរ មិនទៅពេទ្យបង្អែកដើម្បីពិគ្រោះសុខភាពនោះទេដោយសារតែមិនមានប្រាក់គ្រប់គ្រាន់។ ពេទ្យដែលគាត់ទៅពេលមិនសូវស្រួលខ្លួននោះគឺពេទ្យនៅជិតផ្ទះរបស់យិន យូរ។ ភ្នែករបស់ យិន យូរ មិនមានសុខភាពល្អនោះទេ ហើយគាត់ក៏បានទទួលការវះកាត់ភ្នែកជាច្រើនដងដែរ។

សម្ភាសន៍ដោយ ហាំ សៀងហេង

 អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin