ណុប រឿន៖ “ម៉ែថ្មីមិនដូចម៉ែចាស់”

(តាកែវ) ណុប រឿន អាយុ៧៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម រឿន មានអាយុជាងសាមសិបឆ្នាំ និងមានកូន៣នាក់។ អង្គការបានចាត់តាំង រឿន ឲ្យធ្វើការងារ ជីកព្រែក, ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ ចំណែកឯការហូបអាហារ រឿនទទួលបានតែទឹកបបរ ជាមួយសម្លបន្លែដើមចេក គល់ចេក ហើយយូរៗម្ដងបានបាយហូបបន្តិចបន្តួច។ ចំណែកប្ដីរបស់ រឿន មានឈ្មោះថា ឃន ធ្វើការងារកាប់ឧសដាក់ក្នុងរោងបាយ និងកាន់រទេះដឹកស្រូវ និងអង្ករ នៅក្នុងសហករណ៍។

រឿងរ៉ាវដែល រឿន ចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ ប្រធានសហករណ៍បានចោទប្រកាន់គាត់ថាមានទំនាក់ទំនងជាមួយយោធាខ្មែរក្រហមដែលមកជីកព្រែកក្បែរក្រុមម៉ែៗធ្វើការ។ មូលហេតុដែលអង្គការចោទប្រកាន់ រឿន ដូច្នេះ គឺដោយសារតែ យោធាដែលមានឈ្មោះថា រុន និងឌី បានជួយជីកព្រែក និងហៅរឿនថាម៉ែៗយ៉ាងស្និតស្នាល។ អង្គការបានធ្វើការទិតៀន រឿន ថាមានទំនាក់ទំនងជាមួយយោធា និងនិយាយពាក្យថា “ ម៉ែថ្មីមិនដូចម៉ែចាស់”។

ក្រោយមកទៀត នៅពេលដែលមានយោធាវៀតណាមវាយចូលមក អង្គការបានជម្លៀសក្រុមគ្រួសាររបស់ រឿន ឲ្យទៅរស់នៅសំរោងអណ្ដែត។ គ្រួសាររបស់ រឿន បានត្រលប់មកភូមិវិញ ដោយសារតែប្ដីរបស់គាត់ភ្លេចយកគោ១នឹមទៅជាមួយ។ នៅពេលដែលគ្រួសាររបស់ រឿន ធ្វើដំណើរមកដល់ភូមិ គាត់បានជួបប្រទះជាមួយ​នឹង ការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាមជាមួយយោធាខ្មែរក្រហម។ រឿន និងគ្រួសារបានលាក់ខ្លួននៅក្នុងផ្ទះអ្នកភូមិម្នាក់រហូតដល់ស្ថានភាពស្ងប់ស្ងាត់ទើបគាត់បន្តធ្វើដំណើរទៅទិសខាងជើង។

គ្រួសាររបស់ រឿន ជួបការលំបាកយ៉ាងខ្លាំង នៅពេលដែលធ្វើការភៀសខ្លួន ព្រោះគាត់មិនមានអាហារហូបចុកគ្រប់គ្រាន់។ បន្ទាប់មក រឿន និងគ្រួសារ បានសម្រេចចិត្តត្រលប់មកផ្ទះវិញ និងចាប់ផ្ដើមច្រូតស្រូវក្នុងស្រែ ដើម្បីទុកធ្វើស្បៀង និងធ្វើពូជនៅពេលបន្ទាប់ទៀត។

បច្ចុប្បន្ន រឿន រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ រឿន បាត់បង់បងប្អូនម្នាក់ នៅក្នុងសម័យខ្មែរក្រហម។

សម្ភាសដោយ៖ ថៃ ស៊ីណា ថ្ងៃទី០៧ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៣ កុម្ភៈ ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin