ផ្លាស់ទីធ្វើការទៅតាមអង្គការចាត់តាំង
(តាកែវ) ណុប មុំ អាយុ៦៥ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុំ មានអាយុ១៧ឆ្នាំ។ មុំ ត្រូវចូលទៅធ្វើការងារនៅក្នុងកងចល័តនារី និងជម្លៀសទៅធ្វើការងារក្រៅភូមិ។
ការងាររបស់ មុំ នៅក្នុងសម័យខ្មែរក្រហមរួមមាន ដកសំណាប, ស្ទូងស្រូវ និងច្រូតស្រូវ នៅរដូវធ្វើស្រែ និងលើកទំនប់, ជីកប្រឡាយ និងលើកភ្លឺស្រែ នៅរដូវប្រាំង។ ការងាររបស់ មុំ ត្រូវផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀត តាមការចាត់តាំងរបស់អង្គការ។ កន្លែងដែលមុំចេញទៅធ្វើការងារ ចាប់តាំងពីលើកទំនប់នៅក្បាលពោធិ៍ រួចបន្តទៅសែនភាស ហើយបន្ទាប់មកទៅឈូកស និងក្រោយមកទៅនៅវត្តរលាំងគ្រើល ខេត្តកំពង់ស្ពឺ។
នៅវត្តរលាំងគ្រើល អង្គការមានបំណងបញ្ជូន មុំ ឲ្យទៅធ្វើការងារឆ្ងាយពីសហករណ៍បន្ថែមទៀត ប៉ុន្តែ មុំ និងមិត្តនារី៧នាក់ផ្សេងទៀត បានរត់មកធ្វើការងារនៅក្នុងភូមិព្រៃលៀបវិញ។ នៅព្រៃលៀប មុំ ធ្វើការងារលើកប្រឡាយនៅវត្តព្រៃវែង បន្ទាប់មកទៅវត្តជើងដំរី ហើយក្រោយមកទៅលើកទំនប់គោករការ និងស្នាក់នៅក្នុងវត្តសុបិន។ នៅវត្តសុបិន មុំ ធ្វើការងារដាំបន្លែ រហូតដល់វៀតណាមចូលមកដល់។
នៅក្នុងសម័យខ្មែរក្រហម ឪពុកចុងរបស់មុំ ត្រូវបានអង្គការយកទៅសម្លាប់។ មុំ មិនត្រូវបានអង្កការវាយធ្វើបាបនោះទេ ប៉ុន្តែប្អូនរបស់គាត់ឈ្មោះ វណ្ណា ដែលរស់នៅក្នុងកងកុមារប្រមូលផ្ដុំត្រូវបានប្រធានក្រុមឈ្មោះ តូង វាយធ្វើបាប។ ឈ្មោះតូង វាយវណ្ណា ដោយសារតែគាត់លួចរត់មកលេងឪពុកម្ដាយនៅផ្ទះ៕
សម្ភាសដោយ៖ទុយ ដារ៉ា ថ្ងៃទី១០ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២២ មករា ២០២៥