ភោគ សុខន៖ ស្ទើរតែស្លាប់ទាំងគ្រួសារ ដោយសារបាក់កម្លាំង

ភោគ សុខន អាយុ៥៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សុខន មានឪពុកឈ្មោះ រដ្ឋ​ ឌុប, ម្ដាយឈ្មោះ កុង ឯក និងមានបងប្អូនចំនួន២នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ សុខន ចូលរៀននៅក្នុងសង្គមចាស់ ប៉ុន្តែគាត់បានផ្អាកការសិក្សាបណ្ដោះអាសន្ននៅក្នុងសម័យខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ សុខន បានបញ្ចប់ថ្នាក់ឌីប្លូម និងចូលរៀនគរុកោសល្យ ធ្វើជាគ្រូបង្រៀននៅឆ្នាំបន្ទាប់។

នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខន តែងតែចេញទៅសម្រាកនៅក្នុងវត្តថ្មី ព្រោះខ្លាចគ្រាប់បែកផ្លោងត្រូវ។ ក្រោយមក ផ្ទះរបស់ សុខន ២ខ្នងត្រូវភ្លើងឆេះអស់ ហើយគ្រួសាររបស់គាត់បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន រួមទាំងគ្រួសាររបស់សុខន ឲ្យទៅជនបទ។ គ្រួសារសុខន ត្រូវបានជម្លៀសមករស់នៅក្នុងភូមិតានប់​ ប៉ុន្តែអង្គការបានបញ្ជូនគ្រួសារគាត់បន្តទៅខេត្តពោធិ៍សាត់។

គ្រួសាររបស់សុខន ធ្វើដំណើរតាមរថយន្ត ទៅឈប់នៅត្រពាំងជង និងជិះរទេះបន្តទៅដល់ភូមិបាក់ព្រីង។ នៅភូមិបាក់ព្រីង ការហូបអាហារមានសភាពខ្វះខាតខ្លាំងណាស់ ព្រោះអង្គការធ្វើបបរមួយខ្ទះដាក់អង្ករតែ ៣កំប៉ុង លាយជាមួយដើមចេក ឬគុម្ពចេក។ សុខន មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះគាត់ត្រូវចេញទៅធ្វើការងារ កាប់ទន្ទ្រានខែត្រ, ជីកប្រឡាយ, ជីកស្រះ និងរែកដី។ មិនយូរប៉ុន្មាន គ្រួសាររបស់សុខន ចាប់ផ្ដើមកើតជំងឺបាក់កម្លាំង ដោយសារតែខ្វះខាតអាហារខ្លាំងពេក ទើបស្លាប់ជាបន្តបន្ទាប់។ នៅភូមិបាក់ព្រីង សុខន បាត់បង់ជីដូន-ជីតា, ឪពុក និងបងស្រីម្នាក់។

ក្រៅពីបាត់បង់សាច់ញាតិ សុខន បានឃើញអង្គការបណ្ដើរអ្នកទោសម្នាក់តាមភូមិ ដោយឲ្យអ្នកទោសនោះស្រែកថា បានលួចគោសមូហភាព និងកុំឲ្យបងប្អូនកុំយកតម្រាប់តាម។ បន្ទាប់មកទៀត កងឈ្លបបានយកអ្នកលួចគោទៅទឹមភ្ជួរដីរហូតដល់ដួលក្រោកលែងរួច ទើបអង្គការនាំយកទៅសម្លាប់ដោយទម្លាក់ក្នុងរណ្ដៅ។ ក្រៅពីនោះ គាត់បានឃើញកម្មាភិបាលខ្មែរក្រហមចាប់មនុស្សចងដៃទៅក្រោយ និងបណ្ដើរនៅតាមផ្លូវ ព្រមទាំងស្រែកប្រាប់ប្រជាជនកុំឲ្យសម្លឹងមើល ព្រោះសក់អ្នកណាក្បាលអ្នកនោះ។

នៅដើមឆ្នាំ១៩៧៩ មានសំឡេងប្រយុទ្ធគ្នាខ្លាំងកើតឡើង ហើយមានអ្នកស្រែកថាខ្មែរក្រហមបានចាញ់សង្គ្រាមហើយ។ បន្តិចក្រោយមក ខ្មែរក្រហមបានចាប់អ្នកស្រែកនោះ និងបណ្ដើរយកទៅសម្លាប់ចោល។ ក្រោយមក បន្ទាប់ពីប្រទេសជាតិបានរួចផុតពីការគ្រប់គ្រងរបស់ខ្មែរក្រហម ម្ដាយរបស់សុខន និងសុខន បានធ្វើដំណើរដោយថ្មើរជើងត្រលប់ទៅតាកែវវិញ។ មុនដំបូង កុង(លោកតា) បានយក សុខន ទៅនៅឈើទាលជ្រុំជាមួយ ប៉ុន្តែពេលកុងស្លាប់ទៅ ម្ដាយគាត់ទៅយកគាត់មកនៅភូមិតានប់វិញ។ ​

សុខន បានប្រាប់ទៅអ្នកសម្ភាសថា គាត់មិនអាចចំណាំរណ្ដៅកប់សាកសពគ្រួសាររបស់គាត់នោះទេ ព្រោះពេលនោះមានសាកសពជាច្រើនកប់ក្នុងរណ្ដៅតែមួយ។ លើសពីនេះទៅទៀត សុខន នៅតែមានអារម្មណ៍ឈឺចាប់ចំពោះរបបខ្មែរក្រហម និងមានអារម្មណ៍ភ័យខ្លាចថាអង្គការយកគាត់ទៅសម្លាប់។ សុខន បានយករឿងរ៉ាវរបស់គាត់នៅក្នុងសម័យខ្មែរក្រហម ប្រាប់នៅកូនចៅជំនាន់ក្រោយ ដើម្បីឲ្យដឹងពីការលំបាករបស់គាត់។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៨ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៧ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin