ប៉ុក ឡោ៖ ធ្វើការងារនៅក្នុងកងចល័តនារី

ប៉ុក ឡោ អាយុ៥៧ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឡោ មានឪពុកឈ្មោះ ទូច ប៉ុក និងម្ដាយ ហឹង អ៊ីម ព្រមទាំងមានបងប្អូនចំនួន៥នាក់។ ប្ដីរបស់ឡោឈ្មោះ សាំង ចន និងមានកូនចំនួន៦នាក់។ កាលពីក្មេង ឡោ រៀនបានត្រឹមតែ១ឆ្នាំ នៅសាលាចំបក់។ ឡោ ឈប់រៀនដោយសារតែមានសង្គ្រាកើតឡើង។

នៅឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ឡោ ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែក ផ្លោងគ្រាប់បែក និងប្រយុទ្ធគ្នាជាញឹកញាប់។ ដើម្បីគេចពីការប្រយុទ្ធគ្នានេះ គ្រួសាររបស់ឡោ បានរត់ចូលទៅពួនក្នុងលេណដ្ឋាន និងពេលខ្លះភៀសខ្លួនទៅភូមិត្រពាំងអង្គ ខាងត្បូងវត្តអង្គរុន។ នៅពេលដែលគ្រួសាររបស់ឡោចេញពីផ្ទះ មានទាហានវៀតណាមខាងជើង(វៀតកុង) ចូលមកដុតផ្ទះរបស់ឡោ ២ខ្នងឆេះអស់រលីង។ ក្រោយមក ទាហានវៀតកុងបានចាប់ឪពុករបស់ឡោ ដាក់គុក ៤ថ្ងៃបន្ថែមទៀត។ ដោយសារតែការរស់នៅក្នុងភូមិតានប់មានសភាពលំបាកខ្លាំងពេក គ្រួសាររបស់ឡោ បានសម្រេចចិត្តភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧១ ឪពុករបស់ឡោ កើតជំងឺអាសន្នរោគនិងបានស្លាប់។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ គ្រួសាររបស់ឡោ បានជម្លៀសចេញពីភ្នំពេញមកខេត្តតាកែវ តាមការបង្ខំរបស់ខ្មែរក្រហម។ នៅតាមផ្លូវ ព្រះសង្ឃមួយអង្គ ជួយដាក់អីវ៉ាននិងខោអាវ ឡោ លើកង់មកមួយចំនួន ព្រោះឃើញបងប្អូនគាត់តូចៗហើយគ្មានឪពុកនៅជួយ។ ឡោ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ហើយត្រូវចំណាយពេល៤យប់ ទើបដើរដល់ភូមិតានប់វិញ។ ពេលមកដល់ភូមិតានប់ អង្គការបានជម្លៀសគ្រួសារឡោ ឲ្យទៅរស់នៅខាងស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ព្រោះគ្រួសាររបស់គាត់គឺជាប្រជាជន១៧ មេសា។

ពេលគាត់មកដល់ភ្លាម អង្គការប្រើគាត់ឲ្យធ្វើការងារកាប់ទន្ទ្រានខែត្រ, រែកអាចម៍គោ, លាយជី, រែកសំណាប និងចាប់ផ្ដើមរែកដី។ បន្ទាប់មក អង្គការចាប់ផ្ដើមប្រើក្រុមរបស់ឡោឲ្យដកសំណាប។ ដំបូងប្រធានកងបាននិយាយថា អ្នកណាដកបានសំណាបបានមួយផ្លូនមុនគេនឹងអាចឈប់សម្រាក ប៉ុន្តែពេល ឡោ ធ្វើការគ្រប់ចំនួន អង្គការឲ្យគាត់ទៅធ្វើការងារក្នុងក្រុមកងនារីវិញ។ នៅក្នុងកងចល័តនារី ឡោ ធ្វើការងារកាន់តែច្រើនជាងមុន គ្មានពេលសម្រាក ហើយការហូបអាហារក៏មិនគ្រប់គ្រាន់។ ការងាររបស់ ឡោ នៅក្នុងកងនារីមាន រែកដី, ដេរស្លឹក និងស្ទូង ទៅតាមរដូវកាល។

នៅចុងឆ្នាំ១៩៧៨ អំឡុងពេលដែល ឡោ ច្រូតស្រូវនៅព្រែកស្មៅខ្ញី គាត់បានឃើញអង្គការចាប់មនុស្សចងដាក់រទេះសេះតាមផ្លូវជាតិលេខ២។ ឡោ គិតថាអង្គការដឹកមនុស្សនោះយកទៅសម្លាប់នៅវត្តកកោះ ព្រោះមនុស្សនៅលើរទេះសេះស្រែកយ៉ាងឈឺចាប់។

នៅឆ្នាំ១៩៨០ ឡោ បានរៀបការ ជាមួយ សាំង ចន។ ការរៀបការរបស់ ឡោ មានភ្លេងបន្តិចបន្តួច ព្រោះប្រទេសទើបតែរួចផុតពីការគ្រប់គ្រងរបស់ខ្មែរក្រហមបានមួយឆ្នាំ។  នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ឡោ បានឲ្យដឹងថាគាត់ពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ឡោ ជឿជាក់ថាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺជួយការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។

ឡោ បានឲ្យដឹងទៀតថា គាត់មានជំងឺឈឺចុកត្រគាកមួយចំហៀង, សន្លាក់ដៃជើង, ខ្សោយបេះដូង និងក្រពះពោះវៀន។ ថ្មីៗនេះ ឡោ កើតជំងឺផ្ដាសាយ, វិលមុខ, ក្អក និងកណ្ដាស់។ ជំងឺរបស់ ឡោ បណ្ដាលមកពីរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុកាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៧ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៦ មេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin