សមាជិកស្រុកចំការលើ តំបន់៤២ ភូមិភាគកណ្តាល

នៅក្នុងកំណត់ហេតុប្រវត្តិរបស់ ព្រំ តែម ហៅ ឆុន មានអាយុ ៤១ឆ្នាំ (ពេលធ្វើប្រវត្តិរូប) ដែលជាសមាជិកស្រុកចំការលើ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារ សេ.អ៊ី.អា។ កំណត់ហេតុនេះមានចំណាររបស់ ឌុច ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៧ ប្រាប់ទៅអ្នកសួរចម្លើយថា ត្រូវឱ្យលម្អិត ឱ្យបានល្អ ធ្វើឯកសារកុំខាន។ ខាងក្រោមនេះជាចម្លើយសង្ខេបដកស្រង់ចេញពីកំណត់ហេតុប្រវត្តិរូបរបស់ ឆុន ដែលមានចំនួន ១០ទំព័រ៖[1]

ឆុន មានស្រុកកំណើតនៅភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ តំបន់៤២ ភូមិភាគកណ្តាល។ នៅអាយុ ១៧ឆ្នាំ ឆុន បានទៅរស់នៅវត្តកងមាស ជាមួយឪពុកមាឈ្មោះ អុន ដែលមាននាទីជាគ្រូសូត្រ ហើយនៅពេល ឆុន មានអាយុ ១៩ឆ្នាំ គាត់បានបួសជាព្រះសង្ឃរយៈពេល ៣វស្សា។ ក្រោយពីលាចាកសិក្ខាបទ ឆុន បានមករស់នៅ និងប្រកបរបរធ្វើស្រែជាមួយឪពុកមា។ នៅឆ្នាំ១៩៥២ ឆុន បានទៅស៊ីឈ្នួលដើរទូកឱ្យឈ្មោះ ប៉ុក ចែ និងឱ្យឪពុកមាឈ្មោះ ហូ និង ម៉ៅ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៥៧ ឆុន បានទៅធ្វើការនៅចម្ការរបស់ឪពុកមាឈ្មោះ អ៊ុយ នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៥៩ ឪពុកមារបស់ ឆុន បានរៀបចំឱ្យគាត់មានគ្រួសារនៅភូមិរំចេក។

នៅឆ្នាំ១៩៦១ ឆុន បានជាប់ជាសមាជិកបដិវត្តន៍ខ្មែរក្រហមតាមរយៈឈ្មោះ សុត ហៅ ងិន (ចាប់ខ្លួន) ដែលជាមេភូមិរំចេក ឃុំតាប្រុក ហើយពេលនោះ ឆុន មាននាទីជានីរសាររបស់ ងិន។ នៅឆ្នាំ១៩៦៣ ទាហានរបបសង្គមរាស្រ្តនិយម បានរាតត្បាតនៅក្នុងភូមិ និងឃុំតាប្រុក។ នៅពេលនោះ ឆុន បានទទួលការអប់រំពីឈ្មោះ ងិន ឱ្យចូលជាភ្នាក់ងារ សេ.អ៊ី.អា ដោយលើកឡើងពីការលំបាកវេទនាក្នុងការធ្វើបដិវត្តន៍ និងភាពមិនអាចយកឈ្នះខ្មាំង។ អ្នកទទួលស្គាល់ ឆុន គឺឈ្មោះ លី ដែលមាននាទីជាចៅហ្វាយស្រុកចំការលើ។ ភារកិច្ចរបស់ភ្នាក់ងារ សេ.អ៊ី.អា គឺកសាងកម្លាំងបង្កប់ក្នុងជួរបដិវត្តន៍ តាមដានចលនាបដិវត្តន៍ ដើម្បីរាយការណ៍ឱ្យចៅហ្វាយស្រុក លី។ បន្ទាប់ពីប្រជុំ ឆុន កសាងកម្លាំងបាន ១០នាក់ នៅស្រុកចំការលើ តំបន់៤២ រួមមាន៖ សាន់ ជាមេចោរ, ដន ធ្វើស្រែ, ឌឹម ធ្វើស្រែ, សេក មូន ធ្វើស្រែ, ម៉ែន ជួប ធ្វើស្រែ, ម៉ែន ជុន ធ្វើស្រែ, សាន់ សន ធ្វើស្រែ, ឡីង វក ធ្វើស្រែ, យួន ធ្វើស្រែ និង កែក ធ្វើស្រែ។ នៅឆ្នាំ១៩៦៥ ឆុន និង ងិន បានរាយការណ៍ឱ្យចៅហ្វាយស្រុកចំការលើ នាំទាហានមករាតត្បាតមូលដ្ឋានឃុំតាប្រុក ស្រុកចំការលើ។ នៅពេលនោះ អង្គការបានចាត់តាំងឱ្យ ឆុន ទៅអារឈើក្នុងព្រៃគគីធំ ជាមួយប្រជាជន និងឱ្យទាក់ទងជាមួយ ងិន ឱ្យជាប់។ នៅឆ្នាំ១៩៦៨ ឆុន និង ងិន បានរាយការណ៍ឱ្យចៅហ្វាយស្រុក លី ឱ្យនាំយោធាមករាតត្បាត និងចាប់ខ្មែរក្រហមបាន ២នាក់។ នៅពេលនោះ ឆុន, កែត និង យួន បានត្រឡប់មកនៅភូមិកំណើតវិញ។ នៅឆ្នាំ១៩៧០ ឆុន បានជាប់ជាសមាជិកចលនាបដិវត្តន៍វិញ តាមរយៈឈ្មោះ ម៉ន ប្រធានដឹកជញ្ជូនជើងទឹក (ចាប់ខ្លួន) ដែលបានចាត់តាំង ឆុន ឱ្យធ្វើជាអនុប្រធានភូមិរំចេក ឃុំតាប្រុក។ ក្រោយមក ឆុន បានទាក់ទងជាប់ជាមួយ ងិន វិញ ហើយនៅពេលនោះ ងិន មាននាទីជាបញ្ជាការលើសមរភូមិកំពង់ចាម បានហៅ ឆុន មកប្រជុំ ដើម្បីឱ្យស្គាល់ជាមួយភ្នាក់ងារ សេ.អ៊ី.អា មួយចំនួនទៀត ដូចជា៖ ជា ខីយ៉េង ជាគ្រូបង្រៀន និងជាលេខាស្រុកចំការលើ, អាន ជាគ្រូបង្រៀន និងជាសមាជិកស្រុកចំការលើ, ហុន ជាសាស្ត្រាចារ្យ, គៀម ជាសមាជិកស្រុកបារាយណ៍ និង កែវ ជាលេខាឃុំបឹង។ ផែនការគឺត្រូវកសាងកម្លាំង សេ.អ៊ី.អា នៅតាមមូលដ្ឋាន ពង្រឹងកម្លាំងចាស់ និងកសាងកម្លាំងឱ្យចូលយោធា ដើម្បីឱ្យ ងិន កសាងកម្លាំង សេ.អ៊ី.អា នៅតាមអង្គភាពយោធា។ សកម្មភាពរបស់ ឆុន គឺទាក់ទងកម្លាំងចាស់ និងកសាងកម្លាំងថ្មីនៅភូមិតាប្រុក និងស្រែប្រាំង បាន ៣នាក់ ដែលជាចោរលួចគោ រួមមាន សយ, លីន និង កេន។

នៅឆ្នាំ១៩៧១ គៀម បានផ្លាស់ពីស្រុកបារាយណ៍ មកធ្វើជាលេខាស្រុកចំការលើ ហើយបានចាត់តាំង ឆុន ជាអនុលេខាឃុំតាប្រុក។ បន្ទាប់មក គៀម បានហៅ ឆុន ទៅប្រជុំឱ្យស្គាល់ខ្សែមួយចំនួនទៀត រួមមាន៖ ហ៊ុត លេខាឃុំតាប្រុក, ឃុន ជាវប្បធម៌ឃុំស្វាយទៀប, ហាក់ លេខាឃុំតាអុង, សែម អនុលេខាឃុំស្វាយទៀប, អ៊ុំ អនុលេខាឃុំស្ពឺ និង ព្រីស លេខាឃុំស្វាយទៀប (ស្លាប់) ដោយឱ្យទាក់ទងគ្នា ដើម្បីពង្រីកកម្លាំង សេ.អ៊ី.អា តាមភូមិ និងឃុំ។ នៅឆ្នាំ១៩៧២ គៀម បានដក ឆុន ទៅធ្វើជាអនុលេខាចំការអណ្តូងវិញ ហើយ ឆុន ត្រូវទាក់ទងជាមួយ ហាក់ ដែលមាននាទីជាលេខាឃុំចំការអណ្តូង និង លឿង ដែលមាននាទីជាសមាជិកឃុំចំការអណ្តូង។ ក្រោយមក អ្នកទាំងនោះបានកសាងកម្លាំងបាន ៣នាក់ គឺ រិន ជាអនុផ្នែកសង្គមកិច្ចឃុំចំការអណ្តូង, វន ជាប្រធានភូមិដូនបូស និង ម៉ៅ ជាប្រធានកសិកម្ម។

នៅឆ្នាំ១៩៧៣ ងិន និង គៀម បានហៅ ឆុន, យ៉េង និង អាន ទៅប្រជុំឱ្យស្គាល់ ហុន ដែលមាននាទីជាលេខាតំបន់៤២, តុល ជាលេខាតំបន់៤២, ខឹម ជាប្រធានសន្តិសុខតំបន់៤២ និង បួន ជាលេខាស្រុកស្ទឹងត្រង់ ដែលជាខ្សែ សេ.អ៊ី.អា ដើម្បីងាយស្រួលទាក់ទង និងអនុវត្តផែនការ។ នៅខែសីហា ឆ្នាំ១៩៧៤ តុល បានរៀបចំ សន្តិសុខរបស់តំបន់៤២ ហើយចាត់តាំង ឆុន ជាសមាជិក និង ខឹម ជាប្រធាន។ ឆុន បានទាក់ទងជាមួយ សៅ ដើម្បីអនុវត្តផែនការ សេ.អ៊ី.អា ដោយកសាងកម្លាំង សេ.អ៊ី.អា នៅក្នុងមន្ទីរសន្តិសុខ និងកម្លាំងសេរី, ខ្មែរស និង សេ.អ៊ី.អា អប់រំឱ្យប្រឆាំងបដិវត្តន៍ ព្រមទាំងដោះលែងអ្នកទោស។ នៅមន្ទីរសន្តិសុខ ឆុន ខឹម និង សៅ បានកសាងកម្លាំងចំនួន ៨នាក់ គឺ ខន ជាប្រធានមន្ទីរសន្តិសុខ, នារី នឿន ជាអនុប្រធានមន្ទីរសន្តិសុខ, ពៅ ជា​ប្រធានក្រុម, រ៉ន ជាអនុក្រុម, រុន ជាប្រធានពួក, សួល ជាប្រធានក្រុមការពារ, ចេន ជាប្រធានពួក និង វ៉ាន់ ជាប្រធានពួក។ អ្នកទាំងអស់នេះបានអនុវត្តផែនការ សេ.អ៊ី.អា ដោយដោះលែងអ្នកទោសដែលជាខ្មែរស អស់ ២០នាក់។

នៅក្នុងកំណត់ហេតុប្រវត្តិ បានបញ្ជាក់ថា ព្រំ តែម ហៅ ឆុន បានស្លាប់បន្ទាប់ពីឈឺរយៈពេល ៥ថ្ងៃ ក្នុងពេលសួរចម្លើយ ដោយសារបញ្ហារបួសខ្នង ហើយអ្នកសួរចម្លើយបានវាយបន្ថែម។

នៅក្នុងកំណត់ហេតុប្រវត្តិរបស់ ឆុន មានជាប់ពាក់ព័ន្ធនឹងកម្មាភិបាលតំបន់៤២ នៃភូមិភាគកណ្តាល ចំនួន ៣៣នាក់ ដែលមាននាទីចាប់ពីប្រជាជន, លេខាឃុំ, កងសន្តិសុខ, ប្រធានមន្ទីរសន្តិសុខ រហូតដល់ចៅហ្វាយស្រុក៕

[1] (D13490) ប្រវត្តិសង្ខេបរបស់ ​ព្រុំ តែម ហៅ ឆុន គឺជាអតីតព្រះសង្ឃ។ នៅពេលត្រូវចាប់ខ្លួន គាត់មានតួនាទីជាសមាជិកស្រុកចំការលើ។ ឆុន បានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហម តាមរយៈបុគ្គលឈ្មោះ សុត ហៅ ងិន នៅចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៣។ ក្រោយមក ងិន បានអប់រំ និងជំរុញឱ្យ ឆុន ចូលរួមជាភ្នាក់ងារសេ.អ៊ី.អា (CIA) ដោយមាន លី ដែលជាចៅហ្វាយស្រុក ជាអ្នកទទួលស្គាល់។ នៅឆ្នាំ១៩៧០ ឆុន ត្រូវបានតែងតាំងជាអនុប្រធានភូមិរំចេក។ ក្នុងអំឡុងពេលនោះ ងិន បានណែនាំឱ្យ ឆុន ស្គាល់ខ្សែបណ្តាញសេ.អ៊ី.អា មួយចំនួនទៀត ដើម្បីទាក់ទង និងធ្វើសកម្មភាពកសាងកម្លាំងប្រឆាំងនឹងបដិវត្តន៍។ លុះដល់ឆ្នាំ១៩៧១ គៀម ដែលកាន់តួនាទីជាលេខាស្រុកចំការលើ បានតែងតាំង ឆុន ឱ្យធ្វើជាអនុលេខាឃុំតាប្រុក និងចាត់ឱ្យទាក់ទងជាមួយខ្សែបណ្តាញ​ឈ្មោះ ហ៊ុត, ឃុន, ហាក់, សែម, អុំ និង ព្រីស។ នៅឆ្នាំ១៩៧២ គៀម បានផ្ទេរ ឆុន ឱ្យមកកាន់តំណែងជាអនុលេខាឃុំចំការអណ្ដូង ដើម្បីបន្តសកម្មភាពប្រឆាំងបដិវត្តន៍ជាមួយបុគ្គលឈ្មោះ ហាក់ និង លឿម។ បន្ទាប់មក នៅឆ្នាំ១៩៧៣ ងិន និង គៀម បានចាត់ឱ្យ ឆុន ទាក់ទង និងស្គាល់ខ្សែបណ្តាញបន្ថែមទៀត រួមមាន តុល និង ខឹម ដើម្បីទទួលផែនការធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍។ យោងតាមចម្លើយសារភាពរបស់ ឆុន ក្នុងពេលបំពេញសកម្មភាពទាំងនេះ គាត់ និងបក្ខពួកបានដោះលែងខ្មែរសចំនួន ២០នាក់។ ចម្លើយសារភាពនេះក៏បានកត់ត្រាបញ្ជីឈ្មោះបក្ខពួកពាក់ព័ន្ធសរុបចំនួន ៣៣នាក់។


អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin