របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ

(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជា​ជនប្រឈមមុននឹងការសម្លាប់ឬនាំយកទៅរៀនប្រសិនបើមិនព្រមធ្វើតាម។​

រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិ​ផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់​​ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងពីសមរភូមិការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរ។ ក្រុមគ្រួសាររបស់ សាវឿន និងប្រជាជនរស់នៅគ្មានសេចក្តីសុខ និងមិនសូវបានប្រកបរបបរកស៊ីក៏ដូចជាធ្វើស្រែចម្ការនោះទេគឺរស់នៅទាំងការភ័យខ្លាច។ ទោះបី សាវឿន និងគ្រួសារបានប្តូរទីលំនៅទៅភូមិ​ផ្សេងហើយក៏ដោយក៏នៅតែមានការទម្លាក់គ្រាប់បែក ឪពុកគាត់បានជីករណ្តៅត្រង់សេដើម្បីឲ្យកូនៗគេច និងលាក់ខ្លួនពេលដែលមានការទម្លាក់គ្រាប់បែក។

ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់ ប្រជាជន និងក្រុមគ្រួសាររបស់ សាវឿន មានការសប្បាយរីករាយណាស់ព្រោះគិតថាលែងមានសង្គ្រាមបន្តទៀត។ គាត់ និងគ្រួសារបានមករស់នៅភូមិកំណើតវិញ ប៉ុន្តែត្រូវបាន​ឈ្លបខ្មែរក្រហមបង្ខំឲ្យចុះចេញពីផ្ទះដើម្បីឲ្យទៅរស់នៅក្នុងសហករណ៍តាមប្រភេទអាយុ ឲ្យធ្វើការរួម និងហូបរួមគ្នាក្នុងសហករណ៍រោងបាយ។

ការងាររបស់ សាវឿន នៅពេលនោះគឺស្ថិតក្នុងកងចល័តភូមិត្រូវជីក​ប្រឡាយ លើកប្រព័ន្ធភ្លឺស្រែ ជញ្ជូនដី ស្ទូងស្រូវ​ ដកស្រូវ និងជាន់រហាត់ទឹកបញ្ជូល​ស្រែ។ សាវឿន ត្រូវក្រោកនៅម៉ោង៤ទៀប​ភ្លឺ ដើម្បីទៅធ្វើការឲ្យអង្គការ និងសម្រាកនៅម៉ោង៦ល្ងាច។ គាត់បន្តថាទោះបីគាត់ឈឺក៏ត្រូវទៅធ្វើការដែរព្រោះ​ដើម្បីទទួលបានរបបអាហារ។

របប​អាហារ សាវឿន ទទួលបានបាយពីរពេលក្នុងមួយថ្ងៃប៉ុន្តែថ្ងៃខ្លះដែលសហករណ៍ខ្វះអង្ករប្រធានរោងបាយបានចែករបបបបរជំនួស។ ក្នុងរបបខ្មែរក្រហម សាវឿន ធ្លាប់ឃើញឈ្លបសម្លាប់ប្រជាជនដែលមានចំណេះដឹង អ្នកធ្លាប់ធ្វើការ​ក្នុងរបបមុន និង ប្រជាជនថ្មី «ប្រជាជន១៧មេសា» ដែលជម្លៀសមកពីភ្នំពេញ។ ជាក់ស្តែងអ៊ំប្រុសរបស់ សាវឿន ក៏ត្រូវបានឈ្លបខ្មែរក្រហមសម្លាប់ផងដែរដោយ​សារគាត់ជាអ្នករៀនបានច្រើនកាលពីរបប លន់ នល់​។

សាវឿន៖ របបខ្មែរក្រហមជារបបមួយផ្តាច់ការ បំបិទសិទ្ធិសេរីភាព សម្លាប់ប្រជាជនខ្មែរដូចគ្នា និងធ្វើទារុណកម្មព្រមទាំងបង្ខំប្រជាជនឲ្យធ្វើការហួសកម្លាំងមិនឲ្យប្រជាជនហូបគ្រប់គ្រាន់។

សាវឿន ធ្លាប់តាមដានដំណើរការកាត់សេចក្តីរបស់​តុលាការខ្មែរក្រហម។ គាត់យល់ថាការកាត់ទោស​លើអតីតមេដឹកនាំខ្មែរក្រហមពិតជាត្រឹមត្រូវ និងពិត​ជាបានផ្តល់យុត្តិធម៌ឲ្យគាត់ និងជនរងគ្រោះដទៃទៀតពីរបបខ្មែរក្រហម។

បច្ចុប្បន្ន សាវឿន មានជំងឺប្រចាំកាយរួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង​។  សាវឿន បានស្នើឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយគាត់ផ្នែកការថែទាំ និងព្យាបាលជំងឺ។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin