ខ្មែរក្រហមបង្ខំឲ្យបងប្រុសខ្ញុំសឹកទៅធ្វើជាយោធា

(តាកែវ) សំរិត ស្រ៊ិន អាយុ៥៧ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ស្រ៊ិន មានអាយុ៩ឆ្នាំ។ ស្រ៊ិន ដែលមានវ័យត្រឹម៩ឆ្នាំ ត្រូវអង្គការចាត់​ឲ្យទៅស្នាក់នៅ និងធ្វើការងារក្នុងកងកុមារនៅភូមិរកា។

ការងាររបស់ ស្រ៊ិន នៅក្នុងកងកុមារមានដូចជា កើបអាចម៍គោ, កាប់ដើមទន្ទ្រានខែត្រ, ហុចសំណាបឲ្យម៉ែៗស្ទូង និងដេញចាបកុំឲ្យស៊ីស្រូវ។ លើសពីនេះទៅទៀត កងកុមារ គឺជាក្រុមសម្ដែងសិល្បៈ, ច្រៀង និងរាំ នៅក្នុងកម្មវិធីមង្គលការ ឬក៏កម្មវិធីផ្សេងៗ។

ស៊្រិន បានឲ្យដឹងថា គាត់ធ្លាប់បានចូលរួមសម្ដែង, រាំ និងច្រៀង ក្នុងកម្មវិធីមង្គលការនៅក្នុងសម័យខ្មែរក្រហម។ ក្រោយសម្តែង ក្មេងៗដែលច្រៀងរាំនៅក្នុងកម្មវិធី ទទួលបានបង្អែមបបរស្ករ ឬបង្អែមល្ពៅមួយចាន។ ស្រ៊ិន នៅចាំចម្រៀងដែលគាត់បានច្រៀងក្នុងពេលនោះគឺ “យើងជាកុមារ ស្រលាញ់អង្គការអត់មានព្រំដែន”។ ស្រ៊ិន បានបន្តទៀតថា អង្គការបានរៀបចំយុវជនជាច្រើនគូ ឲ្យរៀបការក្នុងពេលតែមួយ។

ក្រៅពីធ្វើការងារ ក្មេងៗបានសិក្សារៀនសូត្របន្តិចបន្តួចជាមួយគណៈកង នៅក្រោមដើមឈើ។ ចំណែករបបអាហារវិញ ក្នុងមួយថ្ងៃៗ ក្មេងៗទទួលបានបបរពីរពេលគឺ ពេលព្រឹកម៉ោង៩ និងពេលល្ងាចម៉ោងប្រហែល៥។ នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបានឲ្យចុងភៅដាំបបរមួយខ្ទះដាក់អង្ករតែពីរ ឬក៏បីកំប៉ុងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើនៅរដូវប្រមូលផលគឺអាចទទួលបានបបរខាប់។

ស្រ៊ិន បានបន្តទៀតថា នៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម គ្មានការគោរពសាសនានោះទេ។ វត្តអារាមត្រូវបានបំផ្លាញ ហើយព្រះសង្ឃត្រូវសឹកទាំងអស់និងត្រូវទៅធ្វើការងារ។ ជាក់ស្ដែងបងរបស់ ស្រ៊ិន ម្នាក់ ត្រូវបានកម្មាភិបាលខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ និងបញ្ជូនឲ្យទៅធ្វើជាយោធា។

បន្ទាប់ពីចេញទៅធ្វើជាយោធាមួយរយៈបងរបស់ ស្រ៊ិន បានត្រលប់មកលេងម្ដាយឪពុក នៅពេលដែលគាត់ធ្វើដំណើរកាត់ភូមិ។ បងរបស់ ស្រ៊ិន មានបំណងសម្រាកនៅជាមួយម្ដាយមួយយប់ ប៉ុន្តែអង្គការមិនយល់ព្រម និងហៅគាត់ទៅវិញទាំងយប់។ ចាប់តាំងពីពេលនោះមក ស្រ៊ិន មិនដែលបានជួបបងរបស់គាត់បន្តទៀតនោះទេ។

ស្រ៊ិន មានបងប្អូនចំនួន ៧នាក់ ក្នុងនោះមានបងប្រុសរបស់ ស្រ៊ិន ពីរនាក់ចូលទៅធ្វើជាយោធាខ្មែរក្រហម និងបាត់ដំណឹងរហូតដល់បច្ចុប្បន្ន។ ចំណែកបងប្អូនផ្សេងទៀតរបស់ ស្រ៊ិន រស់នៅក្នុងមណ្ឌលកុមារ និងធ្វើការក្នុងកងចល័ត។

សម្ភាសដោយ៖ ថៃ ស៊ីណា ថ្ងៃទី១០ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ កុម្ភៈ ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin