ខ្ញុំត្រូវធ្វើការធ្ងន់ៗទាំងសរសៃខ្ចី

(ស្វាយរៀង) ៖ សៅ សាន់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៨៩ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សាន់ ទើបសម្រាលកូនត្រូវបានជម្លៀសចេញពីផ្ទះជាស្រុកកំណើត ឲ្យទៅរស់នៅរួមក្នុងសហករណ៍។ ជាបន្តបន្ទាប់ សាន់ ប្តី និងកូនៗប្រាំនាក់ត្រូវបានជម្លៀសពីកន្លែងមួយទៅកន្លែងមួយ ខ្មែរក្រហមបានប្រាប់ឲ្យគាត់ដើររកប្រធានសហករណ៍ ដើម្បីចុះឈ្មោះរស់នៅកន្លែងថ្មីក្នុងនាមជាប្រជាជនថ្មី។

សាន់ និយាយថា ការជម្លៀសនាពេលនោះជារដូវក្តៅ និងចំពេលគាត់មានកូនច្រើនផង ទើបគាត់ត្រូវរែក និងទូលសម្ភារៈការធ្វើដំណើរយ៉ាងលំបាកខ្លាំងរហូតដល់ជើងទាំងពីររបស់គាត់ ឡើង ពងទឹក។ ធ្វើដំណើរពេលយប់កន្លែងណា សម្រាកកន្លែងហ្នឹង រង់ចាំដល់ព្រឹកថ្ងៃបន្ទាប់ត្រូវបន្តធ្វើដំណើរ ដោយគ្មានគោលដៅ ប៉ុន្តែគ្មានជម្រើស ព្រោះឈ្មោះគាត់ និងគ្រួសារត្រូវបញ្ចូនចេញពីមូលដ្ឋានចាស់ ដូច្នោះលែងមានរបបអាហារទៀតហើយ។ សាន់ ប្តី និងកូន៥នាក់ ត្រូវទៅរស់នៅ និងធ្វើការក្នុងភូមិឃ្លាំង ដែលជាសហករណ៍ឃ្លាំង ស្ថិតនៅឃុំចេក ស្រុកស្វាយជ្រំ។ ទោះបីជា សាន់ មានកូនតូចទើបសម្រាលហើយក្តី ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យគាត់នៅមើលថែកូនដែរ គឺត្រូវទៅធ្វើការឆ្ងាយពីកូន។ សាន់ ត្រូវធ្វើការដកស្ទូង ច្រូតស្រូវ និងធ្វើកន្ទេល។ សាន់ យូរៗម្តងទើបអាចបំបៅដោះកូនបាន។ កូនៗរបស់ សាន់ ត្រូវបានចាស់មើលថែនៅកងកុមារ។ ប្តី របស់គាត់ ត្រូវទៅធ្វើការឆ្ងាយៗពីកន្លែងរស់នៅ គឺត្រូវចល័តធ្វើការជីកទំនប់ លើកប្រឡាយ វិញខែ្សគោ និង ទ្បើងត្នោតធ្វើស្ករសម្រាប់សហករណ៍រោងបាយ។

សាន់ និយាយថា នៅសម័យខ្មែរក្រហមប្រជាជនបង្កបង្កើនផលស្រូវបានច្រើន តែមិនបានហូបឆ្អែត។ ពេញមួយរបបនោះគាត់មិនដែលស្គាល់រស់ជាតិបាយទេ គឺហូបតែបបរមិនគ្រប់គ្រាន់។

ក្រោយរដូវប្រមូលផល សាន់ បានឃើញ ការដឹកស្រូវចេញពីមូលដ្ឋានគាត់រស់នៅ។ ប្រធាននៅទីនោះបានប្រាប់ប្រជាជនថា នៅសហករណ៍ផ្សេងខ្វះស្បៀងដូច្នោះត្រូវយកស្រូវទៅផ្គត់ផ្គង់បន្ថែម។ ផ្ទុយពីការប្រាប់នេះ សាន់ ទទួលដំណឹងពីអ្នករួមការងារគាត់ថា គេដឹកយកទៅប្រទេសវៀតណាម ដើម្បីប្តូរជាសំលៀកបំពាក់ និង សម្ភារៈប្រើប្រាស់ផ្សេងៗ។ សាន់ និយាយថានៅសហករណ៍ប្រជាជនចិញ្ចឹមមាន់ ទា និងសាច់ផ្សេងៗ បានច្រើនណាស់ប៉ុន្តែគេមិនឲ្យហូប។ សាន់ បានសន្និដ្ឋានថា របបខ្មែរក្រហមមិនឲ្យហូបឆ្អែតព្រោះខ្លាចប្រជាជនមានកម្លាំង តវ៉ា បះបោរ ប្រឆាំងនឹងការដឹកនាំ។ ប្រជាជនម្នាក់ៗរស់ទាំងលំបាក ស្គមៗ ធ្វើការងារតាមតែគេប្រើ និងមិនដឹងពីជោគវាសនាខ្លួន និងសមាជិកគ្រួសារត្រូវស្លាប់ពេលណានោះទេ។

ក្នុងរបបខ្មែរក្រហម សាន់ បានឃើញអ្នកជំងឺធ្ងន់ៗឈឺគ្មានការព្យាបាលត្រឹមត្រូវ មានតែថ្នាំរាងមូលៗដូចអាចម៍ទន្សាយ ដែលផ្សំពីសម្បក និង ឫសរុក្ខជាតិ។ អ្នកជំងឺមិនត្រូវអនុញ្ញាត ឲ្យសម្រាក និងហូបអាហារគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យបងប្អូនជាច្រើនរបស់ប្តីគាត់បានស្លាប់នៅវត្តព្រះធាតុ ដែលសម័យនោះបានប្រែក្លាយជាមន្ទីរសន្តិសុខ។

ក្នុងរបបខ្មែរក្រហម សាន់ បានឃើញការរៀបការមួយចំនួនដែលមិនមានការពេញចិត្ត។ ការរៀបការមានចំនួនច្រើនរហូតដល់១០០គូ។ ប្តីប្រពន្ធត្រូវរៀបការ អង្គុយទល់មុខគ្នា ជាពីរជួរ រួចឡើងបេ្តជ្ញាចិត្ត។ កម្មវិធីគ្មានសាច់ញាតិទាំងសងខាងចូលរួម។ ពេលរៀបការចប់ ប្តីប្រពន្ធត្រូវទៅរស់នៅតាមកងចល័តរាងៗខ្លួន។ កូនរបស់ សាន់ ម្នាក់ក៏ត្រូវខ្មែរក្រហមឲ្យរៀបការក្នុងឆ្នាំ១៩៧៨។ បច្ចុប្បន្ន សាន់ មានជំងឺប្រចំាកាយ ងងឹតភ្នែក និងញ័រដៃញ័រជើង។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin