ខៀវ សួន៖ ប្រជាជនស្លាប់ដោយសារអត់អាហារ

ខៀវ សួន អាយុ៨៦ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ សួន មានឪពុកឈ្មោះ ឡុង និងមានកូនចំនួន១០នាក់។ នៅក្នុងសម័យខ្មែរក្រហម ឪពុក មីង អ៊ំ និងកូនរបស់សួនចំនួន៣នាក់ដែលមានអាយុប្រមាណ៣ឆ្នាំ បានបាត់បង់ជីវិតដោយសារតែការអត់ឃ្លាន។
នៅក្នុងសហករណ៍ អង្គការបានរៀបចំដាំបបរពីរពេលសម្រាប់ចែកឲ្យប្រជាជនហូប ដោយនៅពេលព្រឹក សួន ទទួលបានបបរមួយវែក និងពេលល្ងាចមួយវែក។ ប៉ុន្តែនៅពេលដាច់ស្បៀងខ្លាំង អង្គការបានយកអង្ករបន្តិចបន្តួច ទៅដាំលាយជាមួយបន្លែសម្រាប់ចែកប្រជាជន។ សួន បានបន្តថា ប្រជាជនធ្វើស្រូវបានទិន្នផលច្រើនណាស់ ប៉ុន្តែអង្គការចង់បង្អត់អាហារប្រជាជនឲ្យស្លាប់ ហើយប្រសិនបើមាននាក់លួចរកអាហារហូបបន្ថែមគឺត្រូវអង្គការតាមដាន និងចាប់យកទៅវាយសម្លាប់ដោយដងចប ឬគល់ឬស្សី។
ក្រៅពីការលំបាកក្នុងការហូបចុក គ្រួសាររបស់សួន ត្រូវបានអង្គការបំបែកឲ្យទៅធ្វើការងារផ្សេងៗពីគ្នា ដោយប្ដីរបស់គាត់ត្រូវជម្លៀសទៅធ្វើការនៅភូមិស្វាយព្រៃ ហើយកូនរបស់គាត់ដែលមានអាយុច្រើនល្មមត្រូវចូលទៅធ្វើការក្នុងកងចល័ត និងកូនតូចៗត្រូវរស់នៅក្នុងកងកុមារ។ នៅកន្លែងធ្វើការ ប្ដីរបស់សួន មិនអាចសុំច្បាប់មកលេងប្រពន្ធ និងកូននោះទេ ប៉ុន្តែគាត់អាចលួចមកជួបប្រពន្ធបានមួយភ្លែតៗនៅផ្ទះពេលយប់។
ចំពោះ សួន អង្គការបានចាត់តាំងឲ្យគាត់ចូលធ្វើការងារក្នុងកងចល័ត ដោយជារៀងរាល់ថ្ងៃគាត់ត្រូវក្រោកតាំពីមាន់រងាវ ដើម្បីចេញទៅធ្វើការងារ ជីកប្រឡាយ, រែកដី កាប់ដី នៅក្នុងឃុំ រហូតដល់ពេលល្ងាច។ ប៉ុន្តែនៅពេលដែលមានការងារច្រើន អង្គការបានបន្ថែមការងារឲ្យគាត់ធ្វើដល់ពេលយប់ ទើបអាចត្រលប់ទៅសម្រាកនៅក្នុងផ្ទះ។ ក្រៅពីការងារខាងលើ សួន និងមិត្តនៅក្នុងក្រុម ធ្លាប់បានជម្លៀសទៅជីកត្រពាំងនៅខាងត្បូងសៃវ៉ា ដើម្បីយកមកត្រាំទុកហូបរួមក្នុងសហករណ៍។ នៅក្រៅសហករណ៍ អង្គការមិនបានរៀបចំកន្លែងសម្រាកឲ្យត្រឹមត្រូវនោះទេដោយភាគច្រើន សួន ត្រូវស្នាក់នៅក្នុងព្រៃ ឬកន្លែងស្ងាត់ខ្លាំង និងគួរឲ្យខ្លាចបំផុត ព្រោះវាអាចជាកន្លែងសម្លាប់មនុស្ស ឬកន្លែងដាក់សាកសព។
ថ្ងៃមួយនៅពេលដែល សួន ធ្វើការនៅធម្មវិន័យ គាត់បានឃើញកម្មាភិបាលខ្មែរក្រហម ដែលមានស្ពាយកាំភ្លើងជាប់ខ្លួន បណ្ដើរអ្នកទោសជាច្រើននាក់។ សួនគិតថា អ្នកទោសទាំងនោះត្រូវបានអង្គការយកទៅសម្លាប់ ព្រោះនៅពេលដែលបណ្ដើរតាមផ្លូវអ្នកទោសទាំងអស់មានចងស្លាបសេក។ សួនបានឲ្យដឹងទៀតថា អ្នកទោសដែលអង្គការសម្លាប់ និងឃុំឃាំងក្នុងមន្ទីសន្តិសុខនៅធម្មវិន័យ មិនបានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរនោះទេ ក្នុងនោះក៏មានប្អូនរបស់សួនម្នាក់ធ្លាប់ជាប់ឃុំឃាំងដែរ ប៉ុន្តែដោយសារគាត់មានសំណាង ទើបអង្គការដោះលែងឲ្យត្រលប់មកផ្ទះវិញ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សួន បានទៅមើលឆ្អឹង និងសាកសពមនុស្សដែលអង្គការសម្លាប់នៅលើដី និងទម្លាក់ក្នុងរណ្ដៅជាច្រើន នៅវត្តថ្មី។ ក្រោយមក សួន និងអ្នកភូមិជាច្រើនទៀត បានទៅទស្សនាគុកទួលស្លែង ដែលជាកន្លែងសម្លាប់មនុស្សធំមួយនៅទីក្រុងភ្នំពេញ។ នៅពេលឃើញដូច្នេះ សួន បានជឿជាក់ថា អ្នកដែលរស់រានមានជីវិតពីសម័យខ្មែរក្រហម គឺជាអ្នកមានសីល និងមានបុណ្យក្នុងខ្លួន ទើបមានអ្នកជួយឲ្យបានរស់រានមានជីវិតបន្ត។នៅពេលផ្ដល់បទសម្ភាសន៍ សួន តែងតែមានអាការ ថប់ៗដង្កើម ខ្យល់ចាប់បែកញើស, រាគ, ឈឺក្បាល, ងងឹតភ្នែក, ចុកជើង ឈឺសន្លាក់ក្បាលជង្គង់ និងលើសឈាម។ ដើម្បីព្យាបាលជំងឺ សួន បានទិញថ្នាំពេទ្យយកមកលេប និងប្រើប្រាស់ថ្នាំខ្មែរបន្ថែមទៀត។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

