អង្គការទិតៀនខ្ញុំ ព្រោះធ្វើការមិនគ្រប់ផែនការ

(តាកែវ) សូត្រ វិត ភេទស្រី អាយុ៦៨ឆ្នាំ។ បច្ចុប្បន្ន គាត់រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅឆ្នាំ១៩៧០ បងប្រុសរបស់ វិត បានចេញទៅធ្វើជាទាហាន និងបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ ឈានចូលសម័យខ្មែរក្រហម វិន ធ្វើជាអនុប្រធានកង៤ ហើយដឹកនាំនារីធ្វើការងារជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ អង្គការបានដាក់ផែនការឲ្យកងនារី ជីកប្រឡាយ ជម្រៅ៨ម៉ែត្រ និងប្រវែង៣ម៉ែត្រ ឲ្យរួចរាល់ក្នុងមួយថ្ងៃ។ ក្រៅពីការជីកប្រឡាយ ក្រុមរបស់ វិត ត្រូវលើកប្រព័ន្ធភ្លឺស្រែ។ ក្នុងមួយថ្ងៃអង្គការ ឲ្យក្រុមរបស់គាត់ ធ្វើប្រព័ន្ធភ្លឺស្រែឲ្យរួចរាល់ប្រវែង៤០ម៉ែត្រ ដោយមានបាតប្រវែង៧តឹក, កម្ពស់៥តឹក និងខ្នងលើ៥តឹក។ កងនារីរបស់ វិត តែងតែត្រូវអង្គការស្ដីបន្ទោសព្រោះធ្វើការងារយឺតយាវ មិនបានល្អ ហើយពេលខ្លះមិនគ្រប់ផែនការ។ វិត បានឲ្យដឹងថា ប្រសិនបើនរណាឈឺ បុគ្គលនេះទទួលបានត្រឹមទឹកបបរបន្តិចបន្តួចហូបប៉ុណ្ណោះ។ នៅពេលបានធូរស្រាល និងត្រលប់ទៅធ្វើការងារវិញ ទើបបុគ្គលនោះ ទទួលបានបាយហូប។

នៅឆ្នាំ១៩៧៧ អង្គការបានរៀបចំឲ្យ វិត រៀបការជាមួយយុវជនម្នាក់។ វិត មិនបានស្គាល់ប្ដីរបស់គាត់ពីមុនមកទេ តែដោយសារខ្លាចអង្គការយកទៅសម្លាប់ ទើបគាត់យល់ព្រម។ ពេលរៀបការរួច វិត បានប្ដូរមកធ្វើការងានៅក្នុងសហករណ៍។ ដំបូង អង្គការបានប្រើឲ្យ វិត ដកសំណាបឲ្យបាន៥ផ្លូនក្នុងមួយថ្ងៃ ប៉ុន្តែ គាត់ធ្វើបានតែ៥ដំប។ ក្រោយមក ប្រធានក្រុមរបស់ វិត បានបញ្ជូនគាត់ឲ្យស្ទូងវិញ ប៉ុន្តែដោយសារគាត់ស្ទូងសំណាបរង្វើលពេក អង្គការដកគាត់ឲ្យទៅរែកកណ្ដាប់វិញ។ បំពេញការងាររែកកណ្ដាប់ វិត ធ្វើមិនបានល្អនោះទេ ហេតុនេះហើយ បានជាសហករណ៍ប្ដូរគាត់ឲ្យទៅបុកអង្ករជំនួសវិញ។ វិត ត្រូវបានអង្គការស្ដីបន្ទោសជាញឹកញាប់ ព្រោះគាត់ធ្វើការងារមិនគ្រប់តាមការកំណត់។

ក្រោយមកទៀត សហករណ៍បានប្ដូរ វិត ឲ្យមករែកលាមកវិញ ព្រោះគាត់បាននិយាយតមាត់ជាមួយអង្គការ។ ក្នុងអំឡុងពេលនោះ វិត បានពរពោះរយៈពេល៧ខែ។ នៅចុងឆ្នាំ១៩៧៨ វិត សម្រាលបានកូនប្រុសម្នាក់ ហើយគាត់បានដាក់ឈ្មោះថា វិសាល។ នៅពេលសម្រាល មានឆ្មបម្នាក់នៅជួយ វិត ប៉ុន្តែដោយសារគាត់ឈឺខ្លាំងពេក ទើបមានគ្រូពេទ្យមកចាក់ថ្នាំឲ្យ។ ក្រោយពេលសម្រាលកូន វិត ទទួលបានបាយរួមជាមួយម្ហូបខសាច់ជ្រូក ឬក៏សាច់មាន់ហូប ប៉ុន្តែដោយសារគាត់ឈឺខ្លាំងពេកទើបគាត់ហូបមិនបានឆ្ងាញ់។ នៅឆ្នាំ១៩៧៩ មានហេតុការណ៍វៀតចូលមក វិត បានរត់ចេញពីភូមិ។ វិត បានសុំរទេះអ្នកភូមិដើម្បីធ្វើដំណើរ ព្រោះគាត់នៅធ្លាក់ឈាម និងឈឺចាប់នៅឡើយ។

សម្ភាសន៍ដោយ ទុយ តារ៉ា ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin