សាយ បឹក៖ ការងាររបស់ក្មេងអាយុ៩ឆ្នាំ
(តាកែវ) សាយ បឹក អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បឹក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ គ្រួសាររបស់ បឹក បានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅខេត្តតាកែវ។
គ្រួសាររបស់ បឹក បានធ្វើដំណើរមកកាន់ ស្រុកគីរីវង់ ហើយក្រោយមកគាត់ត្រូវ សហករណ៍ជម្លៀសឲ្យទៅស្រុកត្រាំកក់ តំបន់១០៥។ នៅស្រុកត្រាំកក់ កម្មាភិបាលខ្មែរក្រហមបានចោទប្រកាន់ឪពុករបស់ បឹក ថាជានាយទុយ អ្នកមានទ្រព្យសម្បត្តិ និងយកទៅសម្លាប់។
នៅតំបន់១០៥ បឹក បានស្នាក់នៅជាមួយក្រុមគ្រួសារនៅពេលយប់ ហើយពេលថ្ងៃធ្វើការជាមួយកុមារផ្សេងទៀតនៅក្នុងកងប្រមូលផ្ដុំ។ ក្មេងៗជាច្រើនបានទៅរស់នៅក្នុងរោងធំមួយ ដែលអង្គការសាងសង់ឲ្យ លើកលែងតែ បឹក ដែលនៅក្មេងពេក។ ការងាររបស់ បឹក នៅក្នុងកងកុមារប្រមូលផ្ដុំគឺ កាប់ដើមទន្ទ្រាងខែត្រយកមកចិញ្ច្រាំទុកលាយជាមួយជី, រែកជីយកទៅបាចក្នុងស្រែ, សែងដីដំបូកចាក់ក្នុងស្រែ, រើសអាចម៍គោដាក់ក្នុងឃ្លាំង និងសែងដំឡូង។
នៅក្នុងសម័យខ្មែរក្រហម បឹក មានអាយុ៩ឆ្នាំ។ បឹក ត្រូវធ្វើការងារច្រើន ប៉ុន្តែរបបអាហារគាត់ទទួលបានបន្តិចបន្តួច។ ជារៀងរាល់ថ្ងៃ បឹក ទទួលបានបាយអេចៗជាមួយសម្ល។ បឹក បានឲ្យដឹងថា របបអាហារដែលអង្គការចែកឲ្យមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយ គាត់ត្រូវយកស្មុគច្រកបាយដែលអង្គការចែកឲ្យ ទុកយកមកហូបជាមួយសម្លរបស់ម្ដាយនៅផ្ទះ។
នៅផ្ទះ ម្ដាយរបស់ បឹក បានបេះស្លឹកដំឡូងយកមកស្ល និងបង់អំបិលឲ្យប្រៃសម្រាប់កូនហូប។ អង្ករ ត្រីសាច់ ឬក៏អំបិល ដែលម្ដាយរបស់បឹកយកទៅស្លគឺទទួលបានមកពីការលួចយកមាស, ទឹកអប់ ឬក៏វត្ថុមានតម្លៃ ទៅដូរយកពីប្រជាជនមូលដ្ឋាន។ បឹក មិនដែលលួចអាហាររបស់អង្គការនោះទេ ព្រោះ ម្ដាយបានលួចរៀបចំទុកឲ្យគាត់នៅផ្ទះបន្ថែមរួចហើយ។ ចំពោះក្មេងផ្សេងទៀតដែលទ្រាំជាមួយការអត់ឃ្លានមិនបាន ហើយលួចអាហារហូប គឺត្រូវបានប្រធានក្រុមវាយយ៉ាងខ្លាំង។
នៅឆ្នាំ១៩៧៩ គ្រួសារ បឹក បានត្រលប់មករស់នៅស្រុកគីរីវង់វិញ។ បឹក បានជួយម្ដាយរបស់គាត់ធ្វើស្រែ និងរកត្រីដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន បឹក មានជំងឺឈឺចង្កេះ និងឈឺជង្គង់។
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥