សរ វណ្ណា៖ ឃើញកងឈ្លបដុតម្ដាយរបស់ខ្លួនទាំងរស់

សរ វណ្ណា អាយុ៦៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វណ្ណា មានឪពុកឈ្មោះ សរ វាន, ម្ដាយឈ្មោះ ទេប ប៉ាន និងមានបងប្អូនចំនួន៣នាក់ឈ្មោះ សរ ជា, វាន វណ្ណី និង រូបគាត់។ វណ្ណា រៀបការជាមួយប្រពន្ធឈ្មោះ ប៊ុត ថាវរី និងមានកូនចំនួន៨នាក់ ក្នុងនោះមានកូនម្នាក់ស្លាប់។

នៅឆ្នាំ១៩៦៥ វណ្ណា ចូលរៀនដំបូងនៅសាលាបឹងត្របែកខាងត្បូង។ នៅឆ្នាំ១៩៧០ វណ្ណា បានប្រលងចូលរៀននៅវិទ្យាល័យបឹងត្របែង រហូតដល់បញ្ចប់ថ្នាក់ទី៦ នៅឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៧៤​ វណ្ណា បានសម្រេចចិត្តឈប់រៀននៅថ្នាក់ទី៥ និងចេញទៅធ្វើជាទាហាន លន់ នល់។ នៅពេលធ្វើជាទាហាន វណ្ណា មានអាយុ១៨ឆ្នាំ ប្រចាំការនៅទឹកថ្លាក្បែរកន្ទួត ក្នុងកងពលលេខ៣។ មុនពេលខ្មែរក្រហមទទួលបានជ័យជម្នះ វណ្ណា បានទៅវាយក្នុងសមរភូមិប្រយុទ្ធ ៣ ទៅ៤ដងប៉ុណ្ណោះ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីភ្នំពេញ។ គ្រួសាររបស់វណ្ណា រួមមាន ម្ដាយ, បងស្រី, វណ្ណា និងក្មួយស្រីឈ្មោះ សរ វណ្ណថា(កូនរបស់ សរ ជា) បានចំណាយពេលប្រមាណជិត២ខែ ទើបធ្វើដំណើរទៅដល់ភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំពោះឪពុក និងបងប្រុសរបស់វណ្ណា បានបែកគ្នាចាប់ពីពេលនោះមក រហូតដល់ឮដំណឹងថាអង្គការបានចាប់គាត់យកទៅសម្លាប់នៅក្នុងវត្តកកោះ ខេត្តតាកែវ។

នៅភូមិជ្រែក មុនដំបូង អង្គការបញ្ជូន វណ្ណា ឲ្យចូលទៅធ្វើការងារនៅក្នុងក្រុមកងចល័តភូមិ។ ការងាររបស់ វណ្ណា គឺធ្វើស្រែ, ភ្ជួរ និងរាស់ នៅរដូវវស្សា ហើយរែកលើកទំនប់នៅរដូវប្រាំង។ ទំនប់ ដែលវណ្ណា បានចូលរួមរែកដី គឺឈ្មោះទំនប់ ១៧ មេសា ខេត្តកំពង់ចាម។ ចំពោះការហូបអាហារ មុនដំបូងអង្គការឲ្យប្រជាជនហូបតាមផ្ទះរៀងខ្លួន រហូតទៅដល់ឆ្នាំ១៩៧៦ ទើបចាប់ផ្ដើមហូបអាហាររួមគ្នានៅក្នុងសហករណ៍។ វណ្ណា បានឲ្យដឹងថា ការហូបតាមផ្ទះ និងហូបរួមគ្នាដំបូងៗគឺគ្រប់គ្រាន់ ប៉ុន្តែចាប់ពីឆ្នាំ១៩៧៧ ប្រជាជនទទួលបានបបររាវទៅៗ។

ចូលដល់ឆ្នាំ១៩៧៨ បបរមួយខ្ទះ មានដាក់អង្ករតែ៣ទៅ៤កំប៉ុងប៉ុណ្ណោះក្នុងមួយពេល។ ដោយសារតែឃ្លានខ្លាំងពេក បងស្រីឈ្មោះ វាន វណ្ណី បានលួចកួរស្រូវរបស់អង្គការហូបបន្ថែម ប៉ុន្តែជាសំណាងមិនល្អ គាត់ត្រូវកងឈ្លបឈ្មោះ គួក អាយុ១៣ឆ្នាំ ចាប់បាន។ គួក បានចាប់ វណ្ណី ដាក់ច្រវ៉ាក់ជើង និងបណ្ដើរឲ្យអ្នកភូមិឃើញ ដើម្បីកុំឲ្យយកគំរូតាម។

វណ្ណា បានរៀបរាប់ថា គួក គឺជាមនុស្សស្រឡាញ់អង្គការណាស់ សូម្បីតែម្ដាយរបស់គួកផ្ទាល់ ដែលបានលួចអាហាររបស់អង្គការ ក៏ត្រូវគួកចាប់យកមកចាក់សាំងពីលើក្បាល និងដុតនៅមុខប្រជាជនដែរ។ វណ្ណា បន្តថា ម្ដាយរបស់គួក បានសួរទៅកូនប្រុសពីមូលហេតុដែលហ៊ានដុតម្ដាយ ហើយ គួក ឆ្លើយយ៉ាងខ្លីថា គាត់មិនបានដុតម្ដាយរបស់គាត់ទេ គឺគាត់ដុតចោរលួច, ដុតខ្មាំងរបស់អង្គការ ឬដុតខ្មាំងស៊ីរូងផ្ទៃក្នុង។ ម្ដាយរបស់គួក មិនបានស្លាប់ភ្លាមៗនោះទេ គឺគាត់ឈឺរយៈពេល១សប្ដាហ៍ បន្ទាប់មកទើបស្លាប់។ វណ្ណា បានឃើញហេតុការណ៍ខាងលើនេះ ដោយផ្ទាល់ភ្នែក។

នៅចុងឆ្នាំ១៩៧៨ វណ្ណា ធ្វើការងារជាសេនាជនភូមិ។ ប្រធានភូមិជ្រែក មានបំណងរៀបការ វណ្ណា ជាមួយកូនស្រីរបស់គាត់ ប៉ុន្តែត្រូវបានវណ្ណាបដិសេធ។ វណ្ណា បាននិយាថា គាត់មិនទាន់ចង់រៀបការនោះទេ និងសុំពន្យារពេលទៅពេលក្រោយ។ មិនទាន់បានរៀបចំកម្មពិធីមង្គលការម្ដងទៀតផង ស្រាប់តែរបបខ្មែរក្រហមបានដួលរលំ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់វណ្ណា បានធ្វើដំណើរដោយថ្មើរជើងពី ខេត្តកំពង់ចាម មករស់នៅម្ដុំផ្សារដើមថ្កូវ ទីក្រុងភ្នំពេញវិញ។ វណ្ណា នៅតែមានការឈឺចាប់ ចំពោះរឿងរ៉ាវរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម។ មួយវិញទៀត វណ្ណា បានយកបទពិសោធន៍នៅក្នុងរបបខ្មែរក្រហម ប្រាប់ទៅកូនចៅជំនាន់ក្រោយរបស់គាត់ឲ្យបានដឹង ដើម្បីឲ្យខិតខំប្រឹងប្រែងធ្វើការងារ និងកុំឲ្យខ្ជិលច្រអូស។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៧ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០១ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin