ស្រេង ខុន៖ ក្នុងមួយពេល បានកាកបបរ៣ស្លាបព្រា

ស្រេង ខុន ហៅអម កើតនៅឆ្នាំ១៩៦១ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ខុន មានឪពុកឈ្មោះ ស្រេង ហើយម្ដាយឈ្មោះ ឆៀង ងាំ និងមានបងប្អូនចំនួន២នាក់។ បងប្រុសរបស់ ខុន បានចេញទៅធ្វើជាយោធាខ្មែរក្រហមតាំងពីអាយុ១៦ឆ្នាំ។ ឪពុករបស់ខុន បានស្លាប់តាំងពី ខុន មានអាយុ៣ខែ ដោយសារជំងឺ។ កាលពីក្មេង ខុន រៀនបានត្រឹម៣ខែប៉ុណ្ណោះ នៅសាលាចំបក់។ ខុន ឈប់រៀនដោយសារតែមានសង្គ្រាមនៅឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧០ ខុន មានអាយុ១០ឆ្នាំ។ បន្ទាប់ពីមានរដ្ឋប្រហារ នៅក្នុងមូលដ្ឋានរបស់ខុន មានយន្តហោះទម្លាក់គ្រាប់បែក  និងមានការផ្លោងគ្រាប់មកចំសាលាស្រុក, ផ្សារចំបក់, វត្តថ្មី  និងឆេះដំណាំស្រូវនៅតាមស្រែ។ នៅឆ្នាំ១៩៧៣ ខុន មានអាយុ១៣ឆ្នាំ។ ​មេភូមិចាប់ផ្ដើមរៀបចំកុមារជាកង និងធ្វើការងាររួមគ្នានៅក្នុងភូមិ។ ការងាររបស់ ខុន គឺប្រមូលជី, រែកលាមក និងជីកអណ្ដូង នៅវត្តអង្គសឹង្ហ។

នៅឆ្នាំ១៩៧៥ ខុន បន្តធ្វើការងារ រែកដី, ដក, ស្ទូង និងលើកទំនប់នៅក្រាំងតាចាង រហូតដល់ឆ្នាំ១៩៧៦។ នៅអាយុ១៧ឆ្នាំ អង្គការបានចាត់តាំង ខុន ឲ្យទៅធ្វើការងារនៅក្នុងកងនារី។ នៅក្នុងកងនារី ខុន ធ្វើការងាររែកលាមកមនុស្សយកទៅជ្រលក់សំណាបស្ទូង និងកាប់ស្លឹកឈើដាក់ក្នុងសហករណ៍។ ក្នុងមួយថ្ងៃ អង្គការកំណត់ឲ្យ ខុន កាប់ស្លឹកឈើឲ្យបាន ៥០បាច់។ ប្រសិនបើមានអ្នកធ្វើមិនបានតាមការកំណត់របស់អង្គការ ២ដង អ្នកនោះនឹងត្រូវយកទៅសម្លាប់ចោល។ ក្រៅពីការងារខាងលើ ខុន ត្រូវធ្វើការងារដេរមួកស្លឹកត្នោត យកទៅចែកឲ្យកងចល័ត តាមចំនួនអង្គការកំណត់ឲ្យរួចរាល់។

ខុន បានរៀបរាប់ថា នៅរដូវប្រាំង គាត់ទទួលបានបាយអេក(បបរឈ្មោល) ហូបជាមួយសម្លបន្លែត្រកួន ឬផ្លែត្នោត ខុសពីរដូវវស្សា ខុន ទទួលបានបបរហូបជាមួយសម្លបង់តែអំបិលប្រៃៗ។ ខុន បានបន្តថា ក្នុងមួយពេល គាត់ទទួលបានបបរមួយវែក បើគិតជាគ្រាប់អង្ករមានតែ៣ស្លាបព្រាប៉ុណ្ណោះ។ មួយវិញទៀត ខុន ចងចាំថា នៅពេលដែលគាត់ទៅធ្វើការងារនៅឯអូព័ទ្ធ អង្គការដាំបបរមួយខ្ទះ ដាក់អង្ករចំនួន៣កំប៉ុងប៉ុណ្ណោះ លាយជាមួយត្រកួន ឬគ្រាប់ពោត។ នៅពេលប្រជាជនហូបបបររួច អង្គការសួរប្រជាជនថាឆ្ងាញ់ទេ ប្រសិនបើមានអ្នកឆ្លើយថាមិនឆ្ងាញ់ អង្គការនឹងយកអ្នកនោះទៅសម្លាប់ចោល។

នៅចុងឆ្នាំ ១៩៧៨ អង្គការបានចាត់តាំង ខុន ឲ្យរៀបការជាមួយឈ្មោះ ប៊ូ ហេង ជាយោធាខ្មែរក្រហម។ ខុន បានរៀបការនៅអនុវិទ្យាល័យបាទី ជាមួយយុវជនប្រមាណ១៥ ទៅ២០គូផ្សេងទៀត។ បន្ទាប់ពីរៀបការបានមួយយប់ ប្ដីរបស់ខុន ត្រូវទៅប្រចាំការនៅរោងចក្រីទីង​ ខេត្តកំពតវិញ។ កន្លះខែក្រោយមក ហេង បានត្រលប់មកយក ខុន ទៅរស់នៅជាមួយនៅ ភ្នំល្អាង ចន្លោះខេត្តកំពង់ស្អឺ និងកំពត។ នៅក្នុងព្រៃ អង្គការប្រើ ខុន និងប្រពន្ធយោធាផ្សេងទៀត ឲ្យវាយភ្នំយកថ្ម៥គូបក្នុងមួយថ្ងៃ។ ប៉ុន្តែ ខុន ធ្វើការងារបានតែ២ថ្ងៃ មានកងទ័ពស្ម័គ្រចិត្តវៀតណាមចូលទៅដល់កន្លែងគាត់ធ្វើការ ហើយខុន និងប្ដី បានបែកគ្នាចាប់ពីពេលនោះទៅ។

នៅឆ្នាំ១៩៨០ ខុន បានធ្វើដំណើរត្រលប់មកស្រុកកំណើតវិញ។ ក្រោយមក ខុន បានរៀបការម្ដងទៀត និងមានកូនចំនួន៥នាក់។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ខុន បានឲ្យដឹងថា គាត់បានយករឿងរ៉ាវដែលគាត់បានឆ្លងកាត់ប្រាប់ទៅកូន ក្មួយ របស់គាត់ជំនាន់ក្រោយ។ កូនៗ និងក្មួយរបស់គាត់ មានមួយចំនួនជឿជាក់ជាមួយសម្ដីរបស់ ខុន និងខ្លះទៀតបដិសេធ។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៧ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០២ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin