ស្រិន ហេ៖ បបរលាយខ្វិត
ស្រិន ហេ អាយុ៦២ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ហេ មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានស្រីចំនួន២នាក់។ អំឡុងពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហេ កំពុងរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាចំបក់។ ហេ ឈប់រៀនថ្នាក់ទី៧ ក្នុងសាលាសន្សំកុសល ទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហាររួច នៅក្នុងភូមិតានប់ មានការទម្លាក់គ្រាប់បែក។ ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសារហេ ជួបការលំបាកយ៉ាងខ្លាំង ព្រោះត្រូវរត់លូនគេចពីគ្រាប់បែក។ ក្រោយមក ហេ និងគ្រួសារ បានភៀសខ្លួនទៅនៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះទៅលើរបប លន់ នល់។ ហេ បានឈប់រៀន និងត្រូវជម្លៀសមកខេត្តតាកែវវិញ។ គ្រួសាររបស់ហេ បានធ្វើដំណើរកាត់តាមវត្តព្រែកជ្រៃ មកភូមិតានប់។ ពេលមកដល់ភូមិ អង្គការបានចាត់តាំង ហេ ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារកាប់មែកឈើ យកមកដាំដំឡូង។ ក្រោយមក ប្រធានសហករណ៍បានជម្លៀសគ្រួសារហេ ឲ្យទៅរស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុបព្រៃកប្បាស ខេត្តតាកែវ។
នៅស្រុកព្រៃកប្បាស អង្គការបានចាត់តាំង ហេ ឲ្យចូលទៅធ្វើការងារជាមួយកងចល័តស្រុក។ ហេ បានឲ្យដឹងថា ក្រុមកងចល័តស្រុកធ្វើការងាររែកដី, លើកទំនប់ និងជីកប្រឡាយ។ ហេ បានបន្តថា គាត់ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហាររបស់គាត់គឺមានតែបបរខាប់នៅរដូវប្រមូលផល និងបបររាវៗ ឬបបរលាយជាមួយខ្វិត នៅពេលដែលដាច់ស្បៀងខ្លាំង។
ពេលធ្វើការងារនៅក្នុងកងចល័ត ហេ ធ្លាប់ធ្លាក់ខ្លួនឈឺជំងឺអាសន្នរោគ។ ហេ មានអាការ រាគរូសយ៉ាងខ្លាំងរហូតដល់មិត្តនៅក្នុងកង សែងគាត់យកទៅព្យាបាលនៅពេទ្យស្រុកព្រៃល្វា។ នៅព្រៃល្វា អ្នកគ្រូពេទ្យបានមើលថែ ហេ និងចាក់ថ្នាំព្យាបាលជំងឺឲ្យគាត់រហូតដល់ជាសះស្បើយ។ បន្ទាប់ពីជាសះស្បើយ ហេ បានត្រលប់មកធ្វើការងារវិញធម្មតា។
ហេ បានរៀបរាប់ថា គាត់ខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ និងមិនហ៊ានខ្ជិលច្រអូសនោះទេ ដោយសារតែគាត់ខ្លាចអង្គការយកទៅកាប់ព្រៃ ឬបោចវល្លិ។ ហេ បានបន្តទៀតថា នៅពេលដែលអង្គការបញ្ជូនអ្នកណាម្នាក់ឲ្យទៅកាប់ព្រៃ ឬបោចវល្លិ អ្នកនោះមិនដែលបានត្រលប់មកវិញទេ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ ហេ រស់នៅភូមិត្រពាំងទាមួយឆ្នាំ ទើបត្រលប់មកស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨០ ហេ បានចូលធ្វើជាកងសេនាជនភូមិ និងរៀបការនៅក្នុងភូមិ។ នៅពេលអ្នកស្ម័គ្រចិត្តទៅសម្ភាស ហេ មានជំងឺរលាកទងសួត, ឫសដូងបាត និងពោះវៀន។ ជំងឺរបស់ ហេ បណ្ដាលមកពីរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុកាន់តែច្រើន។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៦ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៤ ខែមេសា ២០២៥