តៅ ប៊ុនហ៊ី៖ កម្មករនៅក្នុងឡឥដ្ឋ

(តាកែវ)៖ តៅ ប៊ុនហ៊ី អាយុ៦៤ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ កាលពីក្មេង ប៊ុនហ៊ី ចូលរៀនដំបូងនៅសាលាចំបក់។ ក្រោយមក ប៊ុនហ៊ី បានឈប់រៀននៅថ្នាក់ទី១០(សង្គមចាស់) ដោយសារតែមានបាតុកម្ម និងសង្គ្រាមកើងឡើងនៅឆ្នាំ១៩៧០។

ប៊ុនហ៊ី មានបងប្អូនចំនួន៩នាក់ ក្នុងនោះមានប្រុសចំនួន៣នាក់។ បងប្រុសម្នាក់របស់ប៊ុនហ៊ី ស្លាប់នៅក្នុងសម័យ លន់ នល់ ហើយបងប្រុសម្នាក់ទៀត បាត់ដំណឹងតាំងពីឆ្នាំ១៩៧៥។ បងប្រុសដែលបាត់ដំណឹងនៅឆ្នាំ១៩៧៥ គឺជាយោធាខ្មែរក្រហម ហើយអង្គការបានបញ្ជូនគាត់ទៅខេត្តភាគខាងលិចប្រទេស ក្រោយទទួលបានជម្នះទីក្រុងភ្នំពេញ។

នៅក្នុងសម័យខ្មែរក្រហម ប៊ុនហ៊ី ធ្វើការងារភ្ជួរ, រាស់, ជីកព្រែក និងធ្វើឥដ្ឋ។ មុនដំបូង ប៊ុនហ៊ី ភ្ជួរស្រែនៅសហករណ៍ ហើយបន្ទាប់មកអង្គការចាត់តាំងគាត់ឲ្យទៅជីកព្រែកនៅនៅខាងជើងភ្នំជីសូរ។ ពេលធ្វើការងារនៅភ្នំជីសូរ ប៊ុនហ៊ី សម្រាក និងហូបអាហារនៅភូមិគ្រោះ។ ប៊ុនហ៊ី ធ្វើការងារនៅភ្នំជីសូរបានមួយរយៈពេល ទើបអង្គការជ្រើសរើសគាត់ និងអ្នកផ្សេងទៀតឲ្យទៅធ្វើការងារនៅក្នុង ឡក្បឿង ក្បែរភូមិក្រាំង។ ការងាររបស់ ប៊ុនហ៊ី គឺជាអ្នកបោះឥដ្ឋដាក់ក្នុងឡ, វាយក្បឿង និងឥដ្ឋ។

នៅក្នុងឡក្បឿង មានសមាជិកចំនួន៦នាក់ រួមទាំង ប៊ុនហ៊ី។ សមាជិកធ្វើការងារទាំងអស់ទទួលបានអាហារមកពីសហករណ៍ក្រាំង ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ។ ជារៀងរាល់ថ្ងៃ អង្គការបានយកបបររាវកន្លះប៉ោតមកឲ្យយុវជនធ្វើក្បឿងហូប ប៉ុន្តែប៊ុនហ៊ី និងអ្នកដទៃទៀត បានសម្រិតទឹកបបរចេញ និងបានកាកបបរមួយចានប៉ុណ្ណោះ។ នៅពេលយប់ ប៊ុនហ៊ី និងអ្នកដទៃទៀត បានចេញទៅរកកំពិស និងត្រីនៅក្នុងបឹងជិតនោះ យកមកហូបបន្ថែមទៀត។ មូលហេតុដែល ប៊ុនហ៊ី ហ៊ានធ្វើបែបនេះដោយសារតែប្រធានគ្រប់គ្រងឡក្បឿង ទៅសម្រាកនៅសហករណ៍វិញ និងមិនដែលសួរនាំរឿងរកអាហារពេលយប់មកហូបនោះទេ។

ប៊ុនហ៊ី ធ្វើការងារនៅឡឥដ្ឋ រហូតដល់ខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ បន្ទាប់ពីប្រទេសបានរួចផុតពីរបបខ្មែរក្រហម ប៊ុនហ៊ី បានត្រលប់មកផ្ទះវិញ និងចាប់ផ្ដើប្រកបរបរធ្វើស្រែ និងធ្វើជាង។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ប៊ុនហ៊ី បានរៀបរាប់ថា គាត់បាននិយាយរឿងរ៉ាវរបស់គាត់តាំងពីក្មេង ជាពិសេសការលំបាកក្នុងសម័យខ្មែរក្រហមប្រាប់ទៅកូនចៅរបស់គាត់។ មួយវិញទៀត ប៊ុនហ៊ី បង្ហាញពីការពេញចិត្តចំពោះតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ជឿថានៅពេលតុលាការបញ្ចប់ទៅ គឺអាចទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតឡើងម្ដងទៀត។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី១៨ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៥ ខែមេសា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin