តាត គឹមហុង៖ អង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណ

(តាកែវ) តាត គឹមហុង កើតនៅឆ្នាំ​១៩៧០ បច្ចុប្បន្នមានអាយុ៥១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

រឿងរ៉ាវដែលគឹមហុងចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមនោះគឺ នៅពេលព្រឹក និងពេលល្ងាច អង្គការ ប្រើឲ្យគាត់ទៅទូលជីយកទៅចាក់ក្នុងរណ្ដៅ ហើយពេលថ្ងៃ គាត់ត្រូវឡើងទៅកាប់ដើមទន្ទ្រានខែត្រនៅលើភ្នំ និងយកមកចិញ្ចាំ្រដោយខ្លួនឯង។ ពេលទៅកាប់ទន្ទ្រានខែត្រ ប្រសិនបើគាត់កាប់ទ្រនូលតូចៗ អង្គការ នឹងធ្វើការកសាង ៣ ថ្ងៃម្ដង ហើយប្រសិនបើគឹមហុង កាប់ធ្វើទ្រនូលធំពេក គាត់លើកទូលមិនរួចនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ គឹមហុង ត្រូវលើកទ្រនូលដាក់លើថ្មដើម្បីលើក ហើយពេលខ្លះដោយសារតែហេវហត់ខ្លាំងពេក គាត់លើកមិនរួចត្រូវរមៀលធ្លាក់ចុះក៏មាន។

នៅក្នុងសម័យនោះ អង្គការ មិនអនុញ្ញាឲ្យក្មេងៗស្នាក់នៅជាមួយឪពុកម្ដាយ ឬក៏បងប្អូននោះទេ ហើយក៏មិនដែលបានជួបគ្រួសារដែរ ព្រោះត្រូវទៅធ្វើការងារផ្សេងគ្នា។ ដោយសារហេតុនេះ គឹមហុង ត្រូវលួចទៅជួបម្ដាយប្រមាណ២ ទៅ៣ថ្ងៃម្ដង នៅពេលដែលគាត់នឹក ដោយពេលខ្លះទៅពេលយប់ និងពេលខ្លះទៀតទៅពេលថ្ងៃ។ នៅពេលថ្ងៃ គឹមហុង ត្រូវរត់ចម្ងាយប្រមាណ ៣គីឡូទៅជួបម្ដាយដែលកំពុងធ្វើការងារធាក់រហាត់ទឹកបញ្ជូលស្រែ និងត្រឡប់មកធ្វើការវិញឲ្យទាន់ពេលវេលា។ ពេលជួបម្ដាយ គីមហុង ទទួលបាន ខ្ចៅខ្ទង ដែលម្ដាយលួចរើសទុកឲ្យគាត់ស្ងោរហូប។

ការលួចទៅជួបម្ដាយនេះ ប្រសិនបើអង្គការដឹងគាត់​នឹងយកទៅកសាង។ បើតាមសម្ដី គឹមហុង ពាក្យថាកសាង គឺអង្គការរិះគុណ ថាយើងកេងកម្លាំង ឬក៏ក្បត់ជាមួយអង្គការ។ នៅពេល គឹមហុង ទៅជួបម្ដាយ ស្មើនឹងគាត់ គេចការងារ និងក្បត់បដិវត្តន៍ ព្រោះអង្គការមិនឲ្យក្មេងៗទុកម្ដាយឪពុកជាអ្នកមានគុណទេ។ អំឡុងពេលនោះ គឹមហុង មានអាយុប្រមាណ៧ ទៅ៨ ឆ្នាំ ប៉ុន្តែដោយសារគាត់មាឌធំ ទើបអង្គការប្រើឲ្យទៅធ្វើការជាមួយក្មេងធំៗ។

របបអាហារពេលនោះ គឺបបររាវៗលាយជាមួយដើមចេក ហើយប្រសិនបើឃ្លានខ្លាំងពេក គឺត្រូវចាប់កូនក្ដាមតូចៗហូបជាមួយស្លឹកអំពិលទាំងឆៅ និងពេលខ្លះត្រូវហូបស្លឹកថ្នឹង។

សម្ភាសន៍ដោយៈ វ៉ែន ចរិយា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin