រកឧសប្រទះអន្លង់កប់សពទើបសម្លាប់ថ្មីៗ

(តាកែវ)ឈ្មោះ ទេស សារុន ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច គ្រួសាររបស់ សារុន បានជម្លៀសចេញពីទីក្រុងភ្នំពេញ មករស់នៅ តំបន់១០៩ ខេត្តតាកែវ។ ពេលរស់នៅក្នុងសហករណ៍ អង្គការបានចាប់បងប្រុសរបស់ សារុន ទៅសម្លាប់ចោល។ ចំណែក សារុន ត្រូវចេញទៅធ្វើការងារនៅក្នុងសហករណ៍។ នៅរដូវប្រាំង អង្គការបានប្រើឲ្យ សារុន ដេញចាប ហើយជីកប្រឡាយនៅជិតៗភូមិ។ នៅរដូវវស្សា សារុន ត្រូវជួយធ្វើការងារស្ទូងដក ច្រូតកាត់តាមរដូវ និងលាយជីលាមកមនុស្ស សត្វ រួចទូលយកទៅដាក់ស្រែ។

នៅឆ្នាំ១៩៧៧ សារុន បានចូលទៅធ្វើការនៅក្នុងក្រុមកងជំនួយ និងជម្លៀសទៅកាន់តំបន់១០៥។ តំបន់១០៥ ដែល សារុន ជម្លៀសទៅ គឺស្ថិតនៅត្រង់ ថ្នល់បាយគូស ស្រុកត្រាំកក់។ កងជំនួយ របស់ សារុន​ គឺធ្វើការលើកទំនប់ ជីកប្រឡាយ ស្ទូងដក ដូចក្រុមនារីពេញកម្លាំងដែរ។ ក្រៅពីការងារស្ទូងដក អង្គការបានប្រើ សារុន ឲ្យទៅរកឧសនៅក្នុងព្រៃ យកមកដាក់ក្នុងរោងបាយ។ សារុន បានឲ្យដឹងថា គាត់និងមិត្តរបស់គាត់ ធ្លាប់បានចូលព្រៃរកឧស ហើយជួបជាមួយអន្លង់ដែលកម្មាភិបាលខ្មែរក្រហមសម្លាប់មនុស្សថ្មីៗ។ សារុន បានឃើញគល់ឬស្សីដែលមានប្រលាក់ឈាម និងសាកសពដេកស្លាប់ក្នុងអន្លង់ ហើយមានកប់ដីបន្តិចបន្តួច។ ឃើញដូច្នេះ ក្រុមរបស់ សារុន ប្រញាប់ប្រញាល់រត់ចេញ និងទៅរកឧសកន្លែងផ្សេងបន្តទៀត។

ចំពោះ របបអាហារនៅក្នុងរបបខ្មែរក្រហម សារុន បានឲ្យដឹងថា គឺមិនគ្រប់គ្រាន់នោះទេ។ ក្នុងមួយក្រុមមានសមាជិក ១២នាក់ ទទួលបានបបរមួយចានចៀមប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដំណាំដែលប្រជាជនដាំនៅក្នុងផ្ទះទាំងអស់ គឺមិនត្រូវអនុញ្ញាឲ្យយកមកហូបនោះទេ។ សារុន បានបន្តថា ដើម្បីដោះស្រាយបញ្ហាស្រែកឃ្លាន ក្រុមរបស់គាត់ បានដកព្រលឹត បេះស្លឹកដំឡូងយកមកស្ងោ និងចាប់សត្វតូចៗយកមកដុតដើម្បីហូប។ នៅក្នុងស្ថានភាពនោះ បើទោះបីជា សារុន ឃ្លានយ៉ាងណាក៏ដោយ គាត់មិនហ៊ានលួចអង្គការនោះឡើយ។ សារុន ធ្លាប់បានឃើញអង្គការ ចាប់អ្នកលួចដំណាំរបស់ខ្លួនឯងដាំ យកទៅដាក់ទោស ដោយឲ្យដើរស្រែកពេញភូមិ។

នៅក្នុងសម័យខ្មែរក្រហម អង្គការបានចែកសម្លៀកបំពាក់មួយកំប្លេ និងកន្សែងមួយឲ្យ សារុន។ ក្រោយមកទៀត សារុន បានទទួលសារុងមួយទៀតដើម្បីស្លៀកពេលយកសម្លៀកបំពាក់មកបោកពេលសម្រាក។ សារុន បានបន្តទៀតថា បើទោសបីជាគាត់សម្អាតយ៉ាងណា ក៏សម្លៀកបំពាក់របស់គាត់កើតមានសត្វចៃដដែរ។

នៅដើមឆ្នាំ ១៩៧៩ ពេលធ្វើស្រែនៅកំពង់អំពិល សារុន បានឃើញការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់យ៉ាងខ្លាំង។ អំឡុងពេលនោះ សារុន មានការភ័យខ្លាចយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យគាត់ គាំងជាប់មួយកន្លែង មិនអាចធ្វើដំណើរទៅមុខបាន។ មិត្តនៅក្នុងក្រុមរបស់ សារុន បានចាប់ទាញគាត់ឲ្យទៅរកម្ដាយ ឪពុក ជាមួយគ្នា។ ក្រោយបែកខ្មែរក្រហម សារុន បានត្រលប់មករស់នៅជាមួយម្ដាយនៅក្នុងភូមិព្រៃលៀប វិញ។

សម្ភាសដោយៈ ទុយ ដារ៉ា ថ្ងៃទី២១ ខែសីហា ឆ្នាំ០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin