អតីតទាហាន លន់ នល់ ដែលបានរួចរស់ជីវិតពីរបប ប៉ុល ពត
(តាកែវ) ទេស សេង អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប។ សេង រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ សេង បានឲ្យដឹងថា នៅសម័យសង្គមរាស្រ្ដនិយម ប្រជាជនមានភាពសប្បាយរីករាយ និងការហូបចុកគ្រប់គ្រាន់។
ចូលដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ។ ប្រជាជនជាច្រើនដែលស្រលាញ់ ព្រះអង្គ បានធ្វើបាតុកម្មទាមទារឲ្យសម្ដេច ចូលមកគ្រប់គ្រងប្រទេសវិញ ប៉ុន្តែមិនទទួលបានជោគជ័យ។ នៅក្នុងសម័យ លន់ នល់ សេង គឺជាទាហានម្នាក់ ដែលបានធ្វើការប្រយុទ្ធជាមួយខ្មែរក្រហម។
នៅចុងឆ្នាំ១៩៧៤គ្រាប់កាំភ្លើងបានហោះមកចំឆ្អឹងជំនីរបស់ សេង។ សេង បានសម្រាកព្យាបាលជំងឺរហូតដល់ ខ្មែរក្រហមទទួលបានជ័យជម្នះ។ នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការខ្មែរក្រហមបានចាប់ សេង និងទាហាន លន់ នល់ ផ្សេងទៀតចងស្លាបសេក និងយកទៅឃុំឃាំង ដើម្បីសួរចម្លើយ។ សេង បានឲ្យដឹងថា ទាហាន លន់ នល់ ជាច្រើននាក់ ត្រូវបានសម្លាប់នៅមន្ទីសន្តិសុខក្រាំងតាចាន់។
ចំណែង សេង និងទាហាន ផ្សេងទៀត ត្រូវអង្គការចាប់យកទៅឃុំឃាំងនៅវត្តកកុង ខាងលិចអង្គតាសោម។ ចំពោះមូលហេតុដែល អង្គការមិនសម្លាប់ សេង ព្រោះគាត់បានកុហក កម្មាភិបាលខ្មែរក្រហមថា គាត់ចូលធ្វើជាទាហានលន់ នល់ ដោយសារតែការបង្ខិតបង្ខំ ហើយគាត់ មិនបានចេញប្រយុទ្ធនៅសមរភូមិនោះទេ គឺនៅយាមប៉ុស្ដិ៍ឲ្យចិនតែប៉ុណ្ណោះ។
អំឡុងពេលឃុំឃាំងនៅវត្តកកុង សេង មិនទាន់ជាពីរបួសនោះទេ។ នៅវត្តកកុង អង្គការបានយកអង្ករចំនួន១០កំប៉ុង ទៅដាំបបរឲ្យអ្នកទោសប្រមាណ៦០នាក់ហូប។ សេង បានបន្តថា អ្នកទោសទាំងអស់ហូបមិនបានគ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវធ្វើការងារលើសកម្លាំង។
ការងាររបស់អ្នកទោស គឺលើកផ្លូវ ពីវត្តកកុងរហូតដល់វត្តចំប៉ា។ នៅពេលធ្វើការ អ្នកទោស ត្រូវអង្គការដាក់ពិនិយឲ្យដើរនៅក្នុងទឹក ដោយមិនឲ្យដើរលើផ្លូវដែលធ្វើនោះទេ។ សេង បានឲ្យដឹងទៀតថា គាត់ត្រូវសែងដីមួយបង្គី២នាក់ ព្រោះគាត់គ្មានកម្លាំងនោះទេ។ ចូលដល់ខែវស្សា អ្នកទោសទាំងអស់នៅសល់ប្រមាណ៩៣នាក់។ អ្នកទាំង៩៣នាក់ ត្រូវបានអង្គការចាត់ចែងឲ្យទៅធ្វើការងារនៅកន្លែងផ្សេងៗគ្នា ហើយសេងត្រូវទៅធ្វើការងារនៅស្រុក គីរីវង់វិញ។
នៅឆ្នាំ១៩៧៦ អង្កការបានបញ្ជូន សេង ឲ្យទៅរៀនសូត្រម្ដងទៀតនៅស្រុកត្រាំកក់។ កាងាររបស់ សេង គឺ ធ្វើស្រែ ប៉ុន្តែដោយសារប្រធានក្រុមឃើញ សេងពិបាកដើរ ដោយសារត្រូវគ្រាប់កាំភ្លើង ទើបប្ដូរសេងឲ្យមកដាំបន្លែ ដើម្បីផ្គត់ផ្គង់សហករណ៍។ សេង បានឲ្យដឹងថាប្រធានកងរបស់គាត់ចិត្តល្អ បានផ្ដល់អាហារឲ្យអ្នកដាំដំណាំទាំងអស់ហូប បានគ្រប់គ្រាន់។ សេង ធ្វើការនៅស្រុកត្រាំកក់រហូតដល់វៀតណាមចូលមករំដោះប្រទេស។
នៅពេលមានកងទ័ពវៀតណាម ចូលក្នុងសហករណ៍ គ្រួសារសេង បានរត់ចូលព្រៃរហូតដល់វៀតណាម ឡើងផុតទៅប្រយុទ្ធជាមួយខ្មែរក្រហមនៅកន្លែងផ្សេងទៀត។ ពេលបែកខ្មែរក្រហមនៅឆ្នាំ១៩៧៩ សេង បានត្រលប់មករស់នៅស្រុកគីរីវង់ ខេត្តតាកែវវិញ។ ពេលបែកហើយភ្លាមៗ គ្រួសារ សេង មានការខ្វះខាត ព្រោះគាត់ត្រូវធ្វើស្រែប្រវាស់ដៃ។ ក្រោយមកទៀត ជីវភាពគ្រួសារ សេង ចាប់ផ្ដើមធូរស្រាលឡើងពីមួយឆ្នាំទៅមួយឆ្នាំ។