មិននឹកស្មានថា មានជីវិតរស់
(ស្វាយរៀង) ៖ ទិត្យ សារឿន មានអាយុ៦៥ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សារឿន នៅរបបខ្មែរក្រហមរស់នៅស្រុកកំណើតជាមួយគ្រួសារ ត្រូវអង្គការឲ្យទៅធ្វើការនៅក្នុងកងចល័តនៅឆ្ងាយៗពីភូមិដោយត្រូវធ្វើស្រែ ជីកទំនប់ លើកប្រឡាយ លើកដីធ្វើភ្លឺស្រែ និងរដូវវស្សាត្រូវទៅទប់ទឹកនៅស្ពានទំនប់ស្ថិតនៅសហករណ៍ស្វាយទាបដើម្បីកុំឲ្យលិចស្រូវ និងផលដំណំាផ្សេងៗ។ ប្រសិនបើប្រជាជន មិនអាចទប់ទឹកបាន នោះនឹងត្រូវយកទៅសម្លាប់ចោល។ ក្នុងក្រុមកងចល័តរបស់គាត់មានសមាជិកចំនួនបួននាក់ត្រូវធ្វើការដោយគ្មានពេលសម្រាក ដើម្បីអាចលើកដីធ្វើភ្លឺស្រែឲ្យបានប្រវែងពី៤០០ម៉ែត្រក្នុងមួយថ្ងៃ ប្រសិនបើធ្វើមិនរួចទេត្រូវបន្តធ្វើដល់យប់ទើបទទួលបានអាហារហូប។ សារឿន បន្តថា ធ្វើស្រែបានផលច្រើនប៉ុន្តែស្រូវទាំងនោះត្រូវបានខ្មែរក្រហមដឹកចេញទៅកន្លែងផ្សេងស្ទើរតែទាំងអស់។ ផ្ទុយទៅវិញ ប្រជាជនបានហូបតែបបរលាយជាមួយគល់ល្ហុង និងបន្លែផ្សេងៗទៀត។
ក្រោយមក សារឿន ត្រូវបានបញ្ជូនឲ្យទៅធ្វើការក្នុងកងចល័តនៅឯវត្តប្រធាតុ ស្ថិតក្នុងខេត្តព្រៃវែង។ គាត់ត្រូវទៅធ្វើការក្នុងព្រៃដើម្បីកាប់ឆ្ការព្រៃ និងគាស់គល់ឈើទុកដីឲ្យប្រជាជនធ្វើស្រែចម្ការ។ គាត់បន្តថា នៅទីនោះមានការលំបាកខ្លាំង ដោយត្រូវធ្វើការតាំងពីម៉ោងប្រាំព្រឹករហូតដល់ម៉ោងប្រាំមួយយប់ ដោយសម្រាកមួយម៉ោងហូបអាហារថ្ងៃត្រង់ និងមានថ្ងៃខ្លះត្រូវធ្វើការបន្ថែមនៅពេល យប់។
សារឿន ធ្លាប់ឃើញខ្មែរក្រហមចងខ្សែនាំប្រជាជន២០ ទៅ៣០នាក់ យកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ ប្រជាជនទាំងនោះជាប្រជាជនដែលជម្លៀសមកធ្វើការជាកងចល័តនៅជិតកន្លែងគាត់ស្នាក់នៅ។ សារឿន រៀបរាប់បន្តថា នៅសម័យខ្មែរក្រហមមិនចាំបាច់មានកំហុសធំដុំទេបើគេចង់សម្លាប់គ្រាន់តែឈឺមិនអាចទៅធ្វើការបាន ឬធ្វើការមិនគ្រប់តាមផែនការ ក៏គេអាចមានហេតុផលនាំយើងទៅសម្លាប់ចោលបានដែរ។
សារឿន៖ «នៅសម័យនោះទោះបីជាគ្មានកំហុសក៏ដោយប្រសិនបើមេកង ឬមេក្រុមចង់នាំយើងទៅសម្លាប់គេអាចចោទយើងបានគ្រប់រឿង ដើម្បីមានមូលហេតុអាចសម្លាប់។ ព្រោះសម័យនោះគ្មានអ្នកណាអាចជួយយើងបានទេ ទោះបីជាសាច់ញាតិយើងក៏ដោយ។ ខ្ញុំធ្លាប់ឃើញ រណ្តៅសាកសពដែលគេកប់មនុស្សស្លាប់ច្រើនៗនាក់នៅតំបន់ដែលខ្ញុំរស់នៅ ការកប់មិនត្រឹមត្រូវនាំឲ្យមានចំហាយក្លិនអាក្រក់នៅពេសពេញព្រៃ។ អ្នកដែលមានជីវិតរស់ដល់សព្វថ្ងៃសុទ្ធតែមានជីវិតថ្លៃ»។
ក្រោយថ្ងៃរំដោះ សារឿន បានត្រឡប់មករស់នៅស្រុកកំណើត និងប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
សារឿន ពេញចិត្តនៅពេលឃើញមេដឹកនាំខ្មែរក្រហមត្រូវបានគេនាំយកមកកាត់ទោស និងបានផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។ សារឿនយល់ថានេះជាយុត្តិធម៌ផ្លូវចិត្តមួយដែលគាត់អាចទទួលយកបាន ព្រោះ មានគេបានគិតគូរដាក់ទោសលើទង្វើដែលអតីតមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តិអំពើឃោរឃៅព្រៃផ្សៃមកលើប្រជាជនខ្លួនឯងនាសម័យនោះ។
បច្ចុប្បន្ន សារឿន រស់នៅជាមួយកូនស្រីពៅ គាត់មានជំងឺប្រចាំកាយគឺជំងឺឈឺក្រពះដែលត្រូវការប្រើប្រាស់ថ្នាំជាប្រចាំ។
សម្ភាសន៍ដោយៈ តូច អួយ នៅថ្ងៃទី១២ ខែសីហា ២០២១
អត្ថបទដោយៈ អេង សុខម៉េង