ទូច ឆូវ៖ អង្គការឲ្យប្រជាជនហូបបបរ ដើម្បីទុកស្រូវបញ្ជូនយកទៅប្រទេសចិន

 

(តាកែវ)ទូច ឆូវ អាយុ៨៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឆូវ គឺជាប្រជាជនចាស់ រស់នៅភូមិព្រៃលៀបនេះតែម្តង។ មុនដំបូង ឆូវ ធ្វើការងារ ស្ទូង, ដក, លើកទំនប់ និងជីកប្រឡាយនៅក្បែរសហករណ៍។

នៅក្នុងសហករណ៍ ឆូវ រស់នៅជាមួយប្ដី ប៉ុន្តែកូនៗរបស់គាត់ ត្រូវបំបែកចេញពីគាត់ឲ្យទៅធ្វើការងារឲ្យអង្គការ។ កូនរបស់ ឆូវ ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើកងឈ្លប, ធ្វើជាទាហាន, ធ្វើយុវនារី, និងធ្វើការងារនៅក្នុងក្រុមកុមារប្រមូលផ្ដុំ។ ចំណែកកូនទី ៥ របស់ ឆូវ បានស្លាប់ដោយសារលង់ទឹក។ លើសពីនេះទៅទៀត ឆូវ ក៏បានសម្រាលកូននៅក្នុងសម័យខ្មែរក្រហមដែរ។

ពេលពពោះ អង្គការឲ្យ ឆូវ ធ្វើការងាររហូតដល់គភ៌មានអាយុ៨ខែ និងឲ្យសម្រាករយៈពេល ២ខែ បន្ទាប់ពីសម្រាលរួច។ ពេលសម្រាលកូន​ហើយភ្លាមៗ ឆូវ​ ទទួលបាន​ បាយពីអង្គការ បានប្រមាណ៥ថ្ងៃ ហើយក្រៅពីនោះគឺហូបបបរ។ ចំពោះការងារដែល ឆូវ បានធ្វើបន្ទាប់ពីសម្រាលកូន​រួច គឺត្រូវមើលថែកូនខ្លួនឯង និងមើលក្មេងផ្សេងទៀតនៅក្នុងភូមិ។ ដោយសារតែមិនទទួលបានថ្នាំហូប ត្រឹមត្រូវ ឆូវ ឧស្សាហ៍កើតមានជំងឺទាស់ នៅពេលហូបអាហារខុស។

ឆូវ បានបន្ថែមថា របបអាហាររបស់ប្រជាជនភាគច្រើនគឺ បបរលាយជាមួយដំឡូង និងពោត។ ឆូវ លើកឡើងថា បើតាមសម្ដីរបស់ប្រធានសហករណ៍ អង្កការឲ្យប្រជាជនហូបបបរ ដើម្បីសន្សំស្រូវដែលប្រមូលផលបាន ដឹកយកទៅឲ្យប្រទេសចិន រួចដូរយកអាវុធ និងគ្រាប់ មកវិញ។

ក្រោយមកទៀត​ អង្កការបានបញ្ជូន ឆូវ ឲ្យទៅធ្វើការងារនៅតំបន់២០៤ ដោយសារតែគាត់មានបងប្អូនជាខ្មាំង ។ ឆូវ បានឲ្យដឹងថា នៅក្នុងតំបន់២០៤ គាត់ជួបការលំបាកខ្លាំងណាស់ ព្រោះទីនោះមានសុទ្ធតែព្រៃ។ ឆូវ ត្រូវទៅធ្វើការរុកព្រៃទាំងជើងទទេ ដើម្បីកាប់ព្រៃឫស្សី និងរំលីងដី យកទៅធ្វើជាចម្ការពោត។

បន្ទាប់មកនៅពេលដែលមានការប្រយុទ្ធគ្នារវាងខ្មែរក្រហមជាមួយវៀតណាម ឆូវ បានបីកូនតូចរបស់គាត់មួយទៀត រត់ចេញពីភូមិ។ ពេលចប់សង្គ្រាម ឆូវ បានត្រលប់មកភូមិព្រៃលៀប និងប្រកបរធ្វើស្រែចម្ការ។ បច្ចុប្បន្ន ឆូវ មិនអាចធ្វើការងាបានទៀតទេ ព្រោះគាត់មានអាយុច្រើនណាស់ទៅហើយ។

សម្ភាសន៍ដោយ ទុយ ដារ៉ា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin