អូច ញុក៖ ប្រធានកងផលិតធ្វើស្រែ ឃុំព្រៃអំពក
(តាកែវ) អូច ញុក អាយុ៨៦ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ញុក រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ញុក បានបាត់បង់កូនម្នាក់អាយុ១ឆ្នាំ។ កូនរបស់ ញុក បានស្លាប់ដោយសារជំងឺ បន្ទាប់ពី ធ្លាក់ក្នុងទឹកថ្លុក។ អំឡុងពេលកូនស្លាប់ ញុក ធ្វើការនៅកងចល័តក្រៅភូមិ ហើយកូនគាត់ត្រូវនៅជាមួយយាយចាស់ម្នាក់ក្នុងភូមិ។
នៅឆ្នាំ១៩៧៥ អង្គការបានឲ្យ ញុក ធ្វើការងារជីកប្រឡាយនៅ ភ្នំរន្ទះ។ បន្ទាប់ពីបញ្ចប់ការងារ ញុក បានត្រលប់មកសហករណ៍វិញ និងទទួលបានការចាត់តាំងថ្មីពីខាងកម្មាភិបាលខ្មែក្រហម។ នៅសហករណ៍ អង្គការបានចាត់តាំងឲ្យ ញុក ធ្វើជាប្រធានក្រុមផលិតធ្វើស្រែនៅក្នុងឃុំ។ នៅក្នុងតួនាទីនេះ ញុក ត្រូវមើលការខុសត្រូវជារួម សរុប ៦កង ហើយក្នុង ១កងមានសមាជិក២០នាក់ ដើម្បីភ្ជួរស្រែ។ ក្រុមរបស់ ញុក ត្រូវភ្ជួរស្រែទាំងអស់នៅក្នុងឃុំ ដើម្បីឲ្យកងចល័ត ស្ទូង។ បើទោះបីជា ញុក ធ្វើប្រធានក្រុម ក៏គាត់ត្រូវកាន់គោ ១នឹម ដើម្បីភ្ជួរស្រែដែរ។
ចំពោះការហូបចុក ញុក បានឲ្យដឹងថា មុនដំបូងគាត់ជួបការលំបាកបន្តិចបន្តួច ព្រោះគាត់ត្រូវយករបបអង្ករពីសហករណ៍។ សហករណ៍បានចែកអង្ករឲ្យក្រុមរបស់ ញុក ២កំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។ ញុក បានបន្តថា អង្ករ១កំប៉ុងក្នុងមួយពេល គឺគាត់ហូបមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាក្រុមរបស់គាត់សម្រេចចិត្តដាំបបរជំនួសវិញដើម្បីចែករបបឲ្យបានគ្រប់គ្នា។
ក្រោយមកទៀត បន្ទាប់ពីប្រមូលផលស្រូវរួច អង្គការបានយកស្រូវទៅដាក់នៅវត្តស្លា ដើម្បីឲ្យក្រុមរបស់ ញុក បុកយកអង្ករដោយខ្លួនឯង។ បើតាមសម្ដីរបស់ ញុក បន្ទាប់ពីអង្គការឲ្យគាត់រៀបចំរបបអាហារខ្លួនឯង ក្រុមរបស់គាត់មានបាយហូបគ្រប់គ្រាន់។ ញុក ធ្វើការនៅក្នុងក្រុមផលិតធ្វើស្រែរហូតដល់ខ្មែរក្រហមដួលរលំ។
នៅពេលបញ្ចប់របបខ្មែរក្រហម នៅក្នុងភូមិរបស់ ញុក ចាប់ផ្ដើមធ្វើស្រែជាក្រុមប្រវាស់ដៃ ហើយក្រោយមកគឺធ្វើស្រែឯកជន។ បច្ចុប្បន្ននេះ ញុក មិនអាចធ្វើស្រែបន្តទៀតបានទេ ព្រោះគាត់មានអាយុច្រើនណាស់ទៅហើយ។
សម្ភាសដោយ ទុយ ដារ៉ា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ភា រស្មី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥