របបខ្មែរក្រហមបានសម្លាប់ប្តី និងប្អូនប្រុសខ្ញុំ

(ខេត្តស្វាយរៀង) អ៊ុំ ផន មានអាយុ ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផន មានឪពុកឈ្មោះ អ៊ុំ ពិន និងម្តាយឈ្មោះ អ៊ុច សយ ព្រមទាំងមានបងប្អូនបង្កើតចំនួន ៩នាក់ (ស្រី ៥នាក់) ដោយគាត់ជាកូនទី៥ នៅក្នុងគ្រួសារ។ កាលពីកុមារភាព ផន សិក្សារៀនសូត្របានត្រឹមថ្នាក់ទី១២ ក្នុងសម័យសង្គមរាស្ត្រនិយម។
ផន បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង ដែលនាំឱ្យប្រទេសជាតិកើតមានភាពវឹកវរយ៉ាងខ្លាំង។ សង្គ្រាមបានផ្ទុះឡើងរវាងទាហាន លន់ នល់ និងយោធាខ្មែរក្រហម។ នៅថ្ងៃខ្លះ ផន បានឮសំឡេងយន្តហោះចម្បាំងហោះកាត់តាមព្រំដែន និងភូមិដ្ឋាន បណ្តាលឱ្យ ផន និងអ្នកភូមិត្រូវចាប់ផ្តើមរៀបចំអម្រែករែកសម្ភាររត់ភៀសខ្លួនចូលទៅក្នុងរណ្តៅត្រង់សេរ ឬទៅដាំបាយហូបនៅក្នុងរណ្តៅនោះ។
បន្ទាប់មកនៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់ និងបានគ្រប់គ្រងប្រទេសជាតិទាំងស្រុង។ កាលណោះ ឈ្លបខ្មែរក្រហមបានដើរប្រមូលមាសប្រាក់ លុយកាក់ និងទ្រព្យសម្បត្តិទាំងអស់របស់ប្រជាជនយកទៅទុកដាក់ជាកម្មសិទ្ធិរួមនៅសហករណ៍ ព្រមទាំងចាប់ផ្តើមបែងចែកកម្លាំងពលកម្មទៅតាមក្រុមអាយុ។ ប្តីរបស់ផន ត្រូវបានប្រធានភូមិបង្ខំឱ្យទៅជីកប្រឡាយនៅតំបន់ដីរឹងខ្លាំង រីឯ ផន ត្រូវបានអង្គការប្រើឱ្យទៅស្ទូងស្រូវនៅក្នុងកងចល័ត។ អង្គការបានកំណត់ផែនការការងារ ដោយក្នុងមួយក្រុមមានសមាជិក ៣០នាក់ ត្រូវស្ទូងស្រូវឱ្យបានផ្ទៃដី ១ហិកតា ក្នុង១ថ្ងៃ ដែល ផន ត្រូវចាប់ផ្តើមស្ទូងតាំងពីពេលព្រឹក រហូតដល់ពេលល្ងាចទើបបានឈប់សម្រាក។ ចំពោះរបបអាហារ ក្នុងមួយថ្ងៃអង្គការផ្តល់ឱ្យតែ ២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេលៗទទួលបានត្រឹមតែអាហារមួយកូនចានចង្កឹះប៉ុណ្ណោះ។ ផន បានឃើញអ្នកទទួលខុសត្រូវនៅរោងបាយដាំបាយឬបបរមួយខ្ទះធំ សម្រាប់សមាជិកកងចល័តរាប់រយនាក់។ នៅម៉ោងសម្រាកពីការងារស្ទូងស្រូវ ផន តែងតែឆ្លៀតពេលធ្វើដំណើរទៅបំបៅដោះកូននៅភូមិអង្គ្រង។ លុះដល់រដូវប្រាំង អង្គការបានប្រើ ផន ឱ្យទៅរែកដីបាតត្រពាំងយកទៅធ្វើជាជីសម្រាប់ដាក់ស្រែ ដើម្បីឱ្យដីមានជីជាតិ និងទទួលបានទិន្នផលខ្ពស់ ហើយគាត់ក៏ត្រូវដើរប្រមូលលាមកសត្វយកមកលាយជាមួយផេះ ឬដីដំបូកសម្រាប់ដាក់ស្រូវ។ ក្រៅពីការងារទាំងនោះ អង្គការបានចាត់តាំង ផន ឱ្យទៅកាប់ដើមចេក រកអុស និងបុកស្រូវជាក្រុម។ ចំពោះសមាជិកកងចល័តណាដែលបុកស្រូវលឿន ប្រធានកងបានកំណត់ផែនការឱ្យបុកឱ្យបានពី ៦ ទៅ ៨តៅ ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារ ផន បុកស្រូវមិនដែលគ្រប់តាមផែនការកំណត់ឡើយ ទើបអង្គការបញ្ឈប់ការងារនេះ ហើយបញ្ជូនឱ្យទៅធ្វើការងារនៅឯវាលស្រែវិញ។ ចំពោះផ្នែកវប្បធម៌ និងជំនឿសាសនា ខ្មែរក្រហមបានលុបបំបាត់ចោលទាំងអស់ ដោយឈ្លបបានវាយកម្ទេចវត្តអារាម ព្រះវិហារ ព្រះពុទ្ធបដិមា ព្រមទាំងបានផ្សឹកព្រះសង្ឃឱ្យមកធ្វើការងារធ្ងន់ៗដូចជាប្រជាជនទូទៅដែរ។ ជាក់ស្តែង ប្អូនប្រុសបង្កើតរបស់ ផន ក៏ត្រូវបានឈ្លបបង្ខំឱ្យលាចាកសិក្ខាបទ ហើយយកទៅធ្វើជាទាហាន រួចក៏បាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន។
នៅចុងឆ្នាំ១៩៧៨ ផន ត្រូវបានខ្មែរក្រហមជម្លៀសឱ្យទៅរស់នៅតំបន់អង្គវង់ ខាងជើងភូមិអង្គឫស្សី ឃុំស្វាយធំ។ នៅទីនោះ ផន ធ្លាប់ឃើញឈ្លបចាប់ចងប្រជាជនជាខ្សែៗដង្ហែជាជួរយកទៅសម្លាប់។ នៅយប់មួយនៅក្នុងវត្តអង្គឫស្សី ផន បានប្រទះឃើញក្រុមឈ្លបកំពុងរែកសម្ភាររបស់ប្រជាជនដែលស្លាប់ ដើម្បីយកទៅឱ្យប្រជាជនផ្សេងទៀតប្រើប្រាស់។ ក្រោយមកទៀត យោធាខ្មែរក្រហមមកពីភូមិភាគនិរតី បានចូលមកគ្រប់គ្រងតំបន់ដែល ផន រស់នៅ។ ផន បានឃើញយោធាទាំងនោះមានភាពឃោរឃៅខ្លាំងណាស់ ដោយមិនអត់ឱនឱ្យប្រជាជនឡើយ ថែមទាំងបានប្រើ ផន និងប្រជាជនដទៃទៀតឱ្យកាប់រណ្តៅ ដោយប្រាប់ត្រង់ៗថា ជាដីរណ្តៅសម្រាប់ដាក់មនុស្សស្លាប់។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ ផន ត្រូវបានជម្លៀសពីសហករណ៍ដក់ពរឱ្យទៅរស់នៅតំបន់ព្រែកខ្សាយ ជិតតំបន់អ្នកលឿង។ នៅតំបន់អ្នកលឿង នាភព្វយប់មួយស្រាប់តែមានការដុតបំផ្លាញឃ្លាំងរំសេវ បណ្តាលឱ្យផ្ទុះបែកផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ ដោយសារតែសង្រ្គាមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង។ ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានចូលមកដល់ និងប្រកាសថាប្រទេសជាតិត្រូវបានរំដោះហើយ ប្រជាជនទាំងអស់អាចធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញបាន។ ផន បានធ្វើដំណើរដោយថ្មើរជើងត្រឡប់មកដល់ភូមិដក់ពរ ដែលជាស្រុកកំណើតវិញ។
នៅក្នុងរបបខ្មែរក្រហម ផន បានបាត់បង់ប្តី និងប្អូនប្រុសបង្កើតម្នាក់។ បច្ចុប្បន្ន ផន ប្រកបរបរជាកសិករនៅក្នុងភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានជំងឺប្រចាំកាយគឺ ជំងឺសន្លាក់ដៃជើង ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរទៅទីកន្លែងជិតឆ្ងាយ៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង
—xxx—

