អ្នកធ្វើកន្ទេលរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) កែវ ខេត មានអាយុ ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិនរាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខេត មានឪពុកឈ្មោះ ផុន ម្តាយឈ្មោះ គង់ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥នាក់ (ស្រី ២នាក់)។
ខេត រៀនបានត្រឹមថ្នាក់អក្ខរកម្មនៅសង្គមចាស់។ ខេត បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម អង្គការបានតម្រូវឱ្យប្រជាជនធ្វើការងារធ្ងន់ធ្ងរ និងគ្មានពេលសម្រាក។ ចំណែកឯ ខេត វិញ អង្គការតម្រូវឱ្យរស់នៅក្នុងកងចល័តនារី ដោយត្រូវបុកស្រូវ និងទូលអង្ករយកទៅរក្សាទុកនៅក្នុងឃ្លាំងរបស់សហករណ៍។ នៅរដូវប្រាំង ខេត ត្រូវចល័តទៅធ្វើការងារនៅឆ្ងាយ គឺនៅភូមិអង្គ្រង ដើម្បីកាប់ស្លឹកត្នោតយកមកត្បាញធ្វើកន្ទេល និងកន្ត្រកសម្រាប់ដាក់សម្ភារ។ នៅពេល ខេត ទៅកាប់ស្លឹកត្នោត គាត់មានការភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនយ៉ាងខ្លាំង ដោយសារតែមានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម ជាមួយនឹងកងទ័ពវៀតណាមនៅតាមតំបន់ព្រំដែន។ នៅពេលអស់ស្លឹកត្នោតសម្រាប់កាប់ ខេត ត្រូវទៅកាប់ស្លឹករំចេក ដើម្បីយកមកត្បាញធ្វើកន្ទេលជំនួសវិញ។ នៅរដូវវស្សា ខេត និងសមាជិកកងចល័តចំនួន ១៥នាក់ ត្រូវចេញទៅស្ទូងស្រូវនៅឆ្ងាយពីភូមិ ដោយចាប់ផ្តើមធ្វើការតាំងពីម៉ោង ៤ ទៀបភ្លឺ រហូតដល់យប់ជ្រៅ។
ចំពោះរបបអាហារ ខេត ទទួលបានតែ២ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារមួយពេលៗ អង្គការផ្តល់របបជាបាយ ឬបបរត្រឹមតែ ១កូនចានប៉ុណ្ណោះ ដោយហូបជាមួយសម្លដើមចេក ឬសម្លល្ហុង។ របបអាហារនេះគឺមិនគ្រប់គ្រាន់ឡើយ ដូច្នេះហើយនៅពេលធ្វើដំណើរទៅមកក្នុងអំឡុងពេលដកស្ទូង ខេត តែងតែលួចបេះស្លឹកដំឡូង ឬស្លឹកឈើផ្សេងៗយកមកហូបបន្ថែម ដើម្បីបង្គ្រប់ក្រពះ ដោយមិនឱ្យអង្គការដឹងឡើយ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស ខេត ពីភូមិនរាទេន ទៅកាន់តំបន់វត្តព្រៃវី និងតំបន់ដក់ពចិន ស្រាប់តែពេលនោះ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានវាយចូលមកផ្តួលរំលំរបបខ្មែរក្រហម។ ខេត ក៏មានឱកាសធ្វើដំណើរវិលត្រឡប់មករស់នៅស្រុកកំណើតវិញ និងបានប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខេត មានជំងឺប្រចាំកាយ គឺជំងឺឈឺសន្លាក់ដៃជើង និងជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

