កូនពីរនាក់ស្លាប់ដោយសាររបបខ្មែរក្រហម

(ស្វាយរៀង)៖ អ៊ុំ សាបៀត មានអាយុ៦៨ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាបៀត មានបងប្អូនពីរនាក់គាត់ជាកូនបង។ សាបៀត មានប្តីឈ្មោះ សៅ សុន និងមានកូនចំនួនប្រាំពីរនាក់ ស្លាប់ពីរនាក់ក្នុងរបបខ្មែរក្រហម។

ក្នុងរបប លន់ នល់ សាបៀត រស់នៅជាមួយកូនៗ និងម្តាយនៅឯស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការ ចំណែកប្តី​គាត់ធ្វើជាទាហាន និងត្រូវបានបញ្ជូនទៅប្រទេសវៀតណាម។

នៅក្នុងរបបខ្មែរក្រហម សាបៀត ត្រូវបានប្រើឲ្យលើកប្រឡាយ លើកទំនប់ និងលើកភ្លឺស្រែដូចប្រជាជនក្នុងភូមិដទៃទៀត។ គាត់បន្តថា ការរស់នៅស្រុកកំណើតមិនសូវមានការលំបាកទេទាំងរបបអាហារ និងការធ្វើការងារ។ ប៉ុន្តែនៅពេលជម្លៀសគាត់បានជួបការលំបាកខ្លាំងដោយសារគាត់មានកូនតូចៗ និងម្តាយចាស់។ សាបៀត និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសជារឿយៗ ដំបូងឡើយជម្លៀសទៅក្នុងខេត្ត និង​បន្ទាប់មកពីសហករណ៍មួយទៅសហការណ៍មួយទៀត។ ក្រោយមកគាត់ ម្តាយ និងកូនៗត្រូវជម្លៀសទៅខេត្តបាត់ដំបង។

សាបៀត ម្តាយ និងកូន ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើដំណើរដោយថ្មើរជើងចេញពីស្រុក អស់រយៈពេលប្រហែល​​​ពីរសប្តាហ៍ ទើបបានដល់អ្នកលឿង និងបានឆ្លងកប៉ាល់ទៅត្រើយម្ខាង។ ពេលនោះមានឡានមកដឹកគាត់ និងគ្រួសារទៅភ្នំពេញ ទាល់តែដល់ច្បារអំពៅ​ទើប​មានការចែកអាហារ សំលៀកបំពាក់មួយសម្រាប់ម្នាក់ និងត្រូវ​បន្តដំណើរ​តាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបងភូមិភាគពាយ័ព្យ។

នៅខេត្តបាត់ដំបងមានប្រជាជនជាច្រើនមកពីខេត្តព្រៃវែង និងស្វាយរៀងដែលជាភូមិភាគបូព៌ាដឹកនាំដោយ សោ ភឹម។​

សាបៀត បាន​និយាយទៀតថា នៅពេលរថភ្លើងដឹកប្រជាជនជម្លៀស​មកដល់ភ្លាម ទាហានខ្មែរក្រហមបានមកធ្វើប្រវត្តិរូប អ្នកដែល​ជាប់ខ្សែស្រឡាយជាអតីតមន្រ្តីរាជការ ជាប៉ូលីស ជាទាហានក្នុងរបប លន់ នល់ ត្រូវបាននាំយកទៅសម្លាប់ភ្លាម​ៗ​។ សាបៀត និងគ្រួសារមិនបានធ្វើប្រវត្តិរូបថា មានប្តីធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់ ទេ ទើបគាត់និងគ្រួសារអាចមានជីវិតរស់។ ពេលធ្វើប្រវត្តិរូបរួច សាបៀត ម្តាយ និងកូនៗ ត្រូវបានបំបែកឲ្យរស់នៅផ្សេងៗពីគ្នា។ គាត់ត្រូវទៅធ្វើការលើកទំនប់ និងធ្វើស្រែឆ្ងាយៗពីកូនដែលរស់នៅក្នុងកងកុមារ ចំណែកម្តាយគាត់ធ្វើការនៅសហករណ៍រោងបាយ។

នៅទីនេះកូនៗ​គាត់ពីរនាក់បានស្លាប់ដោយអត់អាហារ និងដោយសារជំងឺកញ្ជ្រឹល ដោយ​មិនមានការព្យាបាលត្រឹមត្រូវ។ នៅក្នុង​អំឡុងពេលធ្វើដំណើរទៅធ្វើការ ​សាបៀត ធ្លាប់ឃើញសាកសពដែលទើបតែត្រូវ​បាន​សម្លាប់ជាច្រើននៅក្នុងព្រៃ។

ក្រោយពីរបបខ្មែរក្រហមដួលរលំ សាបៀត ធ្វើដំណើរជាច្រើនថ្ងៃជាមួយកូន និងម្តាយ ត្រឡប់មករស់នៅស្រុកកំណើតវិញ​។ នៅពេល​មកដល់ស្រុកកំណើត​វិញ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញ​អស់ គាត់និងកូន​ៗ​បានទៅរកឈើដើម្បីធ្វើផ្ទះស្នាក់នៅ។

រឿងរ៉ាវដែល សាបៀត ចងចាំជាងគេក្នុងរបបខ្មែរក្រហមគឺការស្លាប់របស់កូនៗដោយសារអត់អាហារ និងជំងឺ​។ ចំណែកខ្លួនគាត់បំរុងតែស្លាប់ម្តងៗដោយសារធ្វើការងារធ្ងន់ និងហូបមិនគ្រប់គ្រាន់។

សាបៀត តែងតែនឹកឃើញរឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ពិសេសទុក្ខលំបាកអំឡុងពេលជម្លៀសដែលត្រូវមើលថែកូនៗតែម្នាក់ឯង។

បច្ចុប្បន្ន សាបៀត មានជំងឺប្រចាំកាយគឺជំងឺពកករ ជំងឺបេះដូង និងជំងឺគ្រួសក្នុងតម្រង់នោម។

សម្ភាសន៍ដោយ វឹម រិទ្ធី ថ្ងៃទី៧ ខែសីហា ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin