ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ
(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។
រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម ឬមេកងជាអ្នកដឹកនាំ។ ពេលហូបបាយក៏ត្រូវហូបរួមគ្នាក្នុងរោងបាយដោយមានប្រធានរោងបាយជាអ្នកវាល់ចែកជួនកាលមានតែបបរ ហូបជាមួយសម្លដែលគ្មានរសជាតិមានតែទឹក និងបន្លែ។
រ៉ា បានឃើញ ស្រូវ អង្ករ ពោត និងផ្លែឈើ ដែលប្រជាជនបង្កបង្កើនផលបានច្រើននៅរក្សាទុកពេញឃ្លាំង ប៉ុន្តែអ្នកគ្រប់គ្រងនៅទីនោះមិនឲ្យប្រជាជនហូបឡើយ។ ថ្ងៃណាដែលគ្មានអង្ករ ប្រធានរោងបាយចែកចេកម្នាក់ពីរផ្លែ ឬគ្រាប់ពោតដែលចម្អិតរួចម្នាក់១កំប៉ុង ឲ្យប្រជាជនហូប។
រ៉ា ត្រូវរស់នៅក្នុងកងកុមារជាមួយក្មេងៗដទៃទៀតក្នុងភូមិ ដែលមានចាស់ៗជាអ្នកមើលការខុសត្រូវ។ នៅពេលព្រឹក អង្គការឲ្យគាត់ទៅរៀននៅបឋមសិក្សាព្រៃកណ្តៀង ឯនៅពេលរសៀលគាត់ត្រូវដើររើសអាចម៍គោ, ទូលជី, មើលគោក្របី និងដើររើសគួរស្រូវដែលកងចល័តច្រូតធ្លាក់នៅតាមវាលស្រែ នៅឆ្ងាយៗពីកន្លែងដែលគាត់រស់នៅ។
រ៉ា ក៏ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន យុវនារីជំទង់ៗនៅក្នុងកងចល័តដែរ។ ពិធីរៀបការធ្វើឡើងនៅពេលល្ងាចមានរយៈពេលខ្លី។ ក្នុងពិធីរៀបការម្តងៗ មានចាប់ពីចំនួន៥០គូ រហូតទៅដល់រាប់រយគូ។ នៅថ្ងៃរៀបការ អ្នកចាត់ចែងក្នុងសហករណ៍បានឲ្យយុវជនយុវនារីនោះហូបអាហារបានគ្រប់គ្រាន់។
នៅក្នុងភូមិព្រៃកណ្តៀង រ៉ា បានឃើញខ្មែរក្រហមវាយបំផ្លាញព្រះពុទ្ធបដិមាករដោយទម្លាក់ចូលក្នុងទឹកទន្លេ។ ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបានឲ្យទៅធ្វើការងារស្រែចម្ការដូចប្រជាជនទូទៅដែរ។ រ៉ា ក៏ធ្លាប់ឃើញខ្មែរក្រហមចាប់អតីតទាហាន នល់ នល់ មកឃុំឃាំងនៅជិតសាលាបឋមសិក្សាព្រៃកណ្តៀងដែរ។ ទាហានទាំងនោះត្រូវបាននាំយកទៅសម្លាប់ម្តងមួយក្រុមៗ រហូតដល់អស់ពីមន្ទីរឃុំឃាំង។
ក្រោយមកអង្គការបានជម្លៀស រ៉ា និងក្រុមគ្រួសារឲ្យទៅរស់នៅភូមិស្តៅ។ គាត់រស់នៅ និងធ្វើការនៅទីនោះបានមួយរយៈពេលខ្លី ទើបរបបខ្មែរក្រហមក៏បានដួលរលំទៅ។ក្នុងរបបខ្មែរក្រហម រ៉ា បានបាត់បង់លោកយាយម្នាក់ដោយសារតែជំងឺរាគគ្មានថ្នាំព្យាបាល។
ក្រោយ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រ៉ា និងគ្រួសារបានត្រលប់មករស់នៅស្រុកកំណើតវិញ។ ផ្ទះរបស់គាត់បានខូចខាត ដោយសារតែខ្មែរក្រហមបានប្រែក្លាយផ្ទះរបស់គាត់ទៅជាឃ្លាំងស្តុកស្រូវ និងអង្ករ។
រ៉ា បានដឹងអំពីការផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហម។ គាត់គិតថាការសម្រេចសេចក្តីនេះ បានផ្តល់យុត្តិធម៌ផ្នែកផ្លូវចិត្តជនរងគ្រោះ និងបានចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនាពេលអនាគត។
សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៤