នេត ម៉ុត៖ ខ្មែរក្រហមរុញទម្លាក់មនុស្សពីលើទំនប់

(កំពត)៖ នេត ម៉ុត ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយថា៖ “នៅរបបនោះ គឺពិបាកណាស់ វេទនាណាស់ បើសិនជាក្មេងជំនាន់ឥឡូវ ប្រហែលជាស្លាប់អស់ហើយ”។
ម៉ុត មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ផុន និងមានបងប្អូនដប់នាក់។ បច្ចុប្បន្ន ម៉ុត មានបងប្អូនប្រាំពីរនាក់ដែលនៅរស់រានមានជីវិត ដោយក្នុងនោះស្រីប្រាំនាក់ និងប្រុសពីរនាក់។ ម៉ុត មានប្តីឈ្មោះ សំមឿន និងមានកូនប្រាំនាក់ ក្នុងនោះស្រីម្នាក់។
នៅឆ្នាំ១៩៧០ បន្ទាប់ពី ម៉ុត បានចូលរៀនអស់រយៈពេលបីថ្ងៃនៅសាលាព្រៃត្រសក់ គឺកើតមានសង្គ្រាមនៅក្នុងភូមិ ដោយមានការទម្លាក់គ្រាប់បែក និងការចូលមកដល់នៃកងទ័ពយៀកកុង។ ឪពុកម្ដាយរបស់ម៉ុត បាននាំកូនៗផ្សេងទៀតរត់ចូលត្រង់សេ ចំណែក ម៉ុត និងបងស្រីម្នាក់បានរត់ទៅភូមិទូកមាស។
នៅឆ្នាំ១៩៧៥ ម៉ុត ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងធ្វើការក្នុងកងចល័តនៅភូមិទូកមាស ដោយធ្វើស្រែចម្ការ និងដាំដំឡូង។ ក្រោយមក ម៉ុត ត្រូវធ្វើការនៅក្នុងអង្គភាពវរលេខ១២ ដោយក្នុងមួយកងមានសមាជិកជាង៣០នាក់។ នៅម៉ោង៤ទៀបភ្លឺ ម៉ុត ត្រូវធ្វើដំណើរពីកំពង់ស្វាយ ទៅកោះស្លា។ ម៉ុត និយាយថា គាត់ត្រូវរែកដី, ជីកប្រឡាយ និងលើកទំនប់នៅទំនប់កំពង់ស្វាយ, ទំនប់តាទេន និងកោះស្លា អស់រយៈពេលជិតមួយឆ្នាំ។
បន្ទាប់មក នៅទំនប់ព្រៃទន្លេ ម៉ុត ត្រូវលើកទំនប់ឲ្យបានប្រវែងមួយម៉ែត្រក្នុងមួយថ្ងៃ។ នៅទីនោះ ម៉ុត ហូបតែបបរកន្លះចានលាយជាមួយសម្លព្រលឹត ឬត្រកួនប៉ុណ្ណោះ និងជួនកាលមានសម្លត្នោត។ ក្រោយមក នៅភូមិបន្ទាយមាស ម៉ុត ត្រូវដកសំណាប និងរែកកណ្ដាប់ពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង៧ព្រឹក ក្នុងម្នាក់ឲ្យបានមួយផ្លូន។ ដោយសារអស់កម្លាំង ម៉ុត បានសម្រាក។ នៅពេលប្រជុំ ម៉ុត ត្រូវបានសមាជិកក្រុមទិតៀន និងស្តីបន្ទាសថា គេចពីការងារ។
នៅរដូវភ្លៀង នៅម៉ោង៧យប់ ម៉ុត ត្រូវទៅរកឧស និងដេរស្លឹកខ្លុង ដើម្បីរៀបចំកន្លែងសម្រាកនៅកោះស្លា ឬត្រូវទៅយាមនៅរោងបាយភូមិឫស្សីជុំ។ នៅពេលមានជំងឺគ្រុនចាញ់ ម៉ុត និយាយថាមានតែថ្នាំរាងដូចអាចម៍កុក ឬអាចម៍ទន្សាយ ដែលបានមកពីខាងសង្គមកិច្ចសម្រាប់ព្យាបាល។
នៅរបបខ្មែរក្រហមមានប្រជាជនជាច្រើនស្លាប់ដោយសារជំងឺគ្រុនចាញ់ និងការកាប់សម្លាប់ដោយខ្មែរក្រហម។ ម៉ុត ថាអ្នកដែលមានជំងឺខ្វាក់មាន់ ត្រូវខ្មែរក្រហមរុញទម្លាក់ពីលើទំនប់។ បងប្អូនជីដូនមួយរបស់ម៉ុតម្នាក់ ដែលមានសក្តិបួន និងធ្វើការនៅទីក្រុងភ្នំពេញ ត្រូវបានខ្មែរក្រហមនាំយកទៅវាយទម្លាក់ចូលអន្លង់ទាំងគ្រួសារនៅខាងលិចភូមិកំពង់ស្វាយ។ ប្រជាជនថ្មី ដែលធ្វើការជាមួយម៉ុតនៅកោះស្លា ត្រូវបានកងឈ្លប វាយធ្វើបាប និងសួរអំពីប្រវត្តិឪពុកម្ដាយ។ ម៉ុត បន្តថា បុរសស្រ្តីដែលមានអាយុ២៥ឆ្នាំ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការ ដោយឈរជាជួរៗ និងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ ដែលមានប្រហែលជាសាមសិបគូ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ កងទ័ពវៀតណាមដែលចូលមកក្នុងភូមិ បានប្រាប់ ម៉ុត ឲ្យត្រលប់ទៅរស់នៅស្រុកកំណើតវិញរហូតមកទល់បច្ចុប្បន្ន។ សព្វថ្ងៃ ម៉ុត មានជំងឺលើសឈាម និងពិបាកក្នុងការធ្វើដំណើរទៅពិនិត្យសុខភាព ដោយសារកូនៗរបស់គាត់ត្រូវទៅធ្វើការនៅកន្លែងឆ្ងាយពីផ្ទះ៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

